ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋានពន្ធដារ រំឭកម្ចាស់អាជីវកម្មល្បែងពាណិជ្ជកម្ម ឱ្យទៅបង់ពន្ធសម្រាប់អាជីវកម្មក្រៅពីល្បែង
04, Feb 2023 , 4:39 pm        
រូបភាព
សេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ។
សេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ។
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែកុម្ភៈ បានជូនដំណឹង រំឭកដល់ម្ចាស់សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម ឱ្យទៅបំពេញកាតព្វកិច្ចបង់ពន្ធ-អាករនានា ចពោះអាជីវកម្មក្រៅពីល្បែង។ 


 
អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា អាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម របស់សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្មមួយចំនួន មិនទាន់បំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ-អាករនានានៅឡើយ។ ក្នុងសេចក្ដីជូនដំណឹងសង្កត់ធ្ងន់ដូច្នេះថា៖« ការមិនបានបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិ ស្ដីពីពន្ធដារជាធរមាន»។ 
 
ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ត និងផ្ដល់ការអនុគ្រោះលើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដល់សហគ្រាសដែលចូលខ្លួនមកប្រកាស និងបង់ប្រាក់ពន្ធ-អាករនានាដោយស្ម័គ្រចិត្ត ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម។ ការអនុគ្រោះនេះ សម្រាប់សកម្មភាពអាជីវកម្មក្រៅពីល្បែងអាជីវកម្ម ដែលមានការភ្លាំងភ្លាត់ ឬខកខានកន្លងមក គិតចាប់ពីថ្ងៃទីជូនដំណឹង រហូតដល់បំណាច់ខែមីនា ឆ្នាំ២០២៣។ 
 
ក្រសួងសេដ្ឋកិច្ចកំណត់បន្ថែមថា ក្នុងករណីសហគ្រាស នៅតែមិនមកបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានា ជូនរដ្ឋបាលសារពើពន្ធ តាមកាលបរិច្ឆេទខាងលើនេះទេ ត្រូវចាត់ទុកថាបានប្រព្រឹត្តអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ និងត្រូវទទួលទោសតាមច្បាប់ ស្ដីពីពន្ធដារ
 

Tag:
 អគ្គនាយកដ្ឋានពន្ធដារ
  ល្បែងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com