ជាតិ
«កសិកម្ម,សេវាកម្ម និងឧស្សាហកម្ម» ជាសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម
04, Feb 2023 , 8:19 pm        
រូបភាព
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
ភ្នំពេញ៖ សក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម ពឹងផ្អែកលើវិស័យសំខាន់ៗចំនួន ៣ គឺវិស័យកសិកម្ម, សេវាកម្ម និងវិស័យឧស្សាហកម្ម។ នេះបើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី(ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ» របស់រដ្ឋបាលខេត្តកំពង់ចាម។


 
ខេត្តកំពង់ចាម មានប្រជាជនសរុបចំនួន ១ ១៣៤ ២២១នាក់ ដែលមានពលរដ្ឋ ៦៦,២ភាគរយ ប្រកបរបរកសិកម្ម, របរឧស្សាហកម្ម និងសិប្បកម្ម មានចំនួន ០,៧០ភាគរយ និងរបរសេវាកម្ម ៣៣,១ភាគរយ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី(ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ» របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ កុម្ភៈនេះ លោក អ៊ុន ចាន់ដា អះអាងថា «កសិកម្ម,សេវាកម្ម និងឧស្សាហកម្ម» ជាសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម។
 
សម្រាប់វិស័យកសិកម្មនៅខេត្តកំពង់ចាម មានទំហំ ២ ៦៥៧ ៣៤៣លានរៀល និងមានចំណែក ៤១,១ភាគរយនៃសេដ្ឋកិច្ចខេត្ត និងកំណើនពី៣,៦ទៅ ៤ភាគរយ ក្នុងឆ្នាំ២០២១។ បើតាមអភិបាលខេត្តកំពង់ចាម ដំណាំមានកំណើនថេរ ៤,៤ភាគរយ, ការចិញ្ចឹមសត្វ មានកំណើនពី ២,៨ទៅ៣,៥ភាគរយ និងជលផល មានកំណើនពី ២,៤ទៅ៣,៥ភាគរយ។ ដោយឡែក រុក្ខាប្រមាញ់វិញ មានត្រឹម ១,៤ភាគរយ។
 
ចំណែកវិស័យសេវាកម្ម មានទំហំ ២ ៤៤០ ១៣៣លានរៀល និងមានចំណែក ៣៧,៧ភាគរយនៃសេដ្ឋកិច្ចខេត្ត និងមានការថយចុះ ៥,៩ភាគរយ។ រីឯ វិស័យឧស្សាហកម្មវិញ មានទំហំ ១ ៣៧២ ៤៨៨លានរៀល និងមានចំណែក ២១,២ភាគរយ នៃសេដ្ឋកិច្ចខេត្ត និងមានកំណើន ១១,៣ភាគរយ។ 
 
គួរបញ្ជាក់ថា ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានប្រមាណ ៧ ៣៩២ ៧៣៨លានរៀល គិតជាដុល្លារ ១ ៨០៥លានដុល្លារ ដែលស្មើនឹង ៦,៧ភាគរយនៃសេដ្ឋកិច្ចជាតិ៕
 

Tag:
 កសិកម្ម
  សេវាកម្ម
  ឧស្សាហកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com