ជាតិ
នយោបាយជាតិ
គ.ជ.ប ប្រកាសឲ្យបក្សទាំងអស់ ត្រៀមចុះបញ្ជីឈរឈ្មោះបោះឆ្នោត នីតិកាលទី៧ 
ក្រុមការងារ គ.ជ.ប ទទួលពាក្យសុំចុះបញ្ជីនិងបក្ខជនរបស់បក្សនយោបាយនាពេលកន្លងមក។ រូបពី គ.ជ.ប
×![]()
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជូនដំណឹងដល់បក្សនយោបាយទាំងអស់ ត្រៀមខ្លួនចុះបញ្ជីគណបក្ស និងបេក្ខជន ឈរឈ្មោះបោះឆ្នោត សម្រាប់ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣។ ការចុះឈ្មោះ មានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥មេសា ដល់៨ឧសភា។
បើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ការចុះបញ្ជី គឺមានពីររបៀប។ ទីមួយ គឺ គណបក្សនយោបាយទាំងអស់ អាចចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនីតិកាលទី៧ បានដោយដៃ។ មួយទៀត គឺស្នើសុំចុះបញ្ជីតាមគណនី ដែល គ.ជ.ប មានកម្មវីធីសម្រាប់ចុះឈ្មោះ។ គណបក្សដែលស្នើសុំចុះឈ្មោះ ត្រូវរៀបចំបញ្ជីឈ្មោះបក្ខជនឲ្យបានមុនថ្ងៃទី២១មេសា ហើយភ្ជាប់ជាមួយនឹងពាក្យស្នើសុំទម្រង់១០០៨។ បន្ទាប់ ត្រូវយកបញ្ជីឈ្មោះបេក្ខជនទាំងនោះ ទៅបញ្ជាក់ជាមួយអាជ្ញាធរឃុំសង្កាត់ ដោយមិនត្រូវមានការកោសឬលុប។
ក្រោយពីរៀបចំលិខិតខាងលើរួច បណ្ដាបក្សដែលមានបំណងឈរឈ្មោះ ត្រូវយកទៅដាក់នៅ គ.ជ.ប តាមការបរិច្ឆេទនៃការទទួលពាក្យ។ គ.ជ.ប នឹងចាប់ផ្ដើមទទួល ពាក្យចាប់ថ្ងៃទី២៥មេសា ដល់៨ឧសភា នៅអំឡុងម៉ោងការងារ។ ការចុះឈ្មោះនេះ ពុំមានការបង់ថ្លៃសេវាឡើយ។
ជាមួយគ្នាដែរ គ.ជ.ប សង្ឃឹមថា បក្សនយោបាយ រួមទាំងគណៈកម្មាការរៀបចំការបោះឆ្នោតគ្រប់ជាន់ថ្នាក់ នឹងសហការគ្នាបានល្អ ដើម្បីជំរុញឲ្យដំណើរការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com