កីឡាអន្តរជាតិ
អន្តរជាតិ
លោក Indra Sjafri ត្រូវបានតែងតាំងជាគ្រូជម្រើសជាតិបាល់ទាត់ឥណ្ឌូណេស៊ី មកប្រកួតស៊ីហ្គេម នៅកម្ពុជា 
លោក Indra Sjafri គ្រូបង្វឹកឈុតធំជម្រើសជាតិឥណ្ឌូណេស៊ី រូបពី AFF
×![]()
សមាគមន៍បាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានតែងតាំងលោក Indra Sjafri ជាគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់ ដើម្បីដឹកនាំមកប្រកួតស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។ ការតែងតាំងនេះ ធ្វើឡើងដោយសារតែលោក Shin Tae Yong អតីតគ្រូជម្រើសជាតិឈុតធំ ត្រូវប្ដូមកបង្វឹក និងត្រៀមដឹកនាំ ជម្រើសជាតិអាយុក្រោម២០ឆ្នាំ ប្រកួត ក្នុងព្រឹត្តិការណ៍ U-20 World Cup នៅប្រទេសឥណ្ឌូណេស៊ី។
យោងទៅលើការផ្សាយរបស់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ លោក Indra Sjafri នឹងដឹកនាំក្រុមបាល់ទាត់ឥណ្ឌូណេស៊ីប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលមានពេលជិត៣ខែ ក្នុងការត្រៀមខ្លួន។ លោក Yunus Nusi អគ្គលេខាធិការ PSSI ចាត់ទុកថាការរៀបចំសមាសភាពគ្រូបង្វឹក គឺជារឿងសំខាន់បំផុត សម្រាប់បេសកកម្ម១នេះ របស់ PSSI។
ដោយឡែក ការដឹកនាំឈុតធំ និងក្រុមជម្រើសជាតិផ្សេងទៀត គឺជាកិច្ចការដឹកនាំរបស់លោក Shin Tae Yong ប៉ុន្ដែ គ្រូអតីតគ្រូបង្វឹកឈុតធំនេះ ត្រូវមានភារកិច្ចដឹកនាំ ប្រកួតព្រឹត្តិការណ៍ U-20 World Cup ក្នុងនាមឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះ។ ដូច្នេះ PSSI ចង់ឲ្យក្រុមទាំង២ផ្នែក ដែលមានភារកិច្ចប្រកួត មានពេលវេលា និងមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រកួត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា។ រីឯ U-20 World Cup នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com