អន្តរជាតិ
លោកស្រី Marsudi ៖ ឥណ្ឌូណេស៊ី ត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំការចរចាCOC 
លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងថ្ងៃទី៤ ខែកុម្ភៈ។ រូបភាពយកពី Twitter លោកស្រី Retno Marsudi
×![]()
ឥណ្ឌូណេស៊ី ត្រៀមខ្លួនជាស្រេច ក្នុងការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ លោកស្រី Retno Marsudi ប្រមុខការទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៤ ខែកុម្ភៈ។ បើតាមប្រមុខការទូតឥណ្ឌូណេស៊ី រដ្ឋអាស៊ានបានប្តេជ្ញាបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិឱ្យបានឆាប់រហ័ស។
សមុទ្រចិនខាងត្បូង នៅតែជាបញ្ហាដ៏សំខាន់មួយ ក្នុងទំនាក់ទំនងអាស៊ាន-ចិន។ ដើម្បីដោះស្រាយវិវាទ អាស៊ាន និងចិន បានចរចាជាមួយគ្នាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) អស់ជាច្រើនឆ្នាំ និងមិនទាន់បានបញ្ចប់នៅឡើយ ដោយសារតែមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន។ ជាថ្មីម្តងទៀត សមាជិកអាស៊ាន បានប្តេជ្ញាបញ្ចប់កិច្ចចរចានេះ ឱ្យបានឆាប់រហ័ស។
«ការប្តេជ្ញារបស់សមាជិកអាស៊ានក្នុងការបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិឱ្យបានឆាប់រហ័ស គឺពិតប្រាកដណាស់ ដោយមានគោលគំនិតពីភាពចាំបាច់នៃក្រមប្រតិបត្តិប្រកបដោយប្រសិទ្ធភាព មាននីតិភាព និងសារៈសំខាន់»។ លោកស្រី Retno Marsudi ប្រមុខការទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៤ ខែកុម្ភៈ ដោយបន្តថា កិច្ចចរចាលើក្រមប្រតិបត្តិនៅដំណាក់កាលបន្ទាប់ នឹងធ្វើឡើងនៅខែមីនាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
កន្លងមក ការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង បានធ្វើឡើងនៅខេត្តសៀមរាប ដើម្បីអាចឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងមួយនេះ បានឆាប់រហ័ស។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី មិនមែនជាភាគីនៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងឡើយ ប៉ុន្តែឥណ្ឌូណេស៊ី តែងតែមានជម្លោះជាមួយចិន ជុំវិញសិទ្ធិលើការនេសាទនៅជុំវិញកោះ Natuna ដែលស្ថិតនៅក្បែរតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋអាស៊ានចំនួន ៤ ដូចជា វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី ជាភាគីនៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងជាមួយចិន៕
Tag:
ឥណ្ឌូណេស៊ី
សមុទ្រចិនខាងត្បូង
COC
© រក្សាសិទ្ធិដោយ thmeythmey.com