កីឡាជាតិ
ជាតិ
លោក សាមឺឌី ស៊ីសុវឌ្ឍនា៖ ទោះឈ្នះឬចាញ់ក្នុងវិស័យការ៉ាតេ ត្រូវបង្ហាញសមត្ថភាពឲ្យអស់
05, Feb 2023 , 12:59 pm        
រូបភាព
ពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។ រូពពី សហព័ន្ធកីឡាការ៉ាតេកម្ពុជា
ពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។ រូពពី សហព័ន្ធកីឡាការ៉ាតេកម្ពុជា
ដោយ:
លោក សាមឺឌី ស៊ីសុវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា លើកទឹកចិត្តកីឡាករ-កីឡាការិនី ឱ្យបញ្ចេញទេពកោសល្យរបស់ខ្លួន ប្រឹងប្រែងហ្វឹកហាត់ នឹងប្រកួតឱ្យអស់ពីសមត្ថភាព ទោះឈ្នះឬចាញ់វិស័យកីឡាការ៉ាតេ គឺជាការបង្ហាញសមត្ថភាព យុទ្ធសាស្រ្ត យុទ្ធគុន របស់ខ្លួនឯង។ លោក លើកឡើងបែបនេះ ក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែកុម្ភៈ នាសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 
ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ មន្រ្តីសហព័ន្ធកីឡាការ៉ាតេកម្ពុជា កោតសរសើរចំពោះការចូលរួមរបស់សមាគម ក្លិប គ្រូបង្វឹក និងកីឡាករ-កីឡាការិនី គណៈកម្មការរៀបចំការប្រកួតដែលជាស្នូលបញ្ជាក់ពីភាពសាមគ្គីរបស់ការ៉ាតេកម្ពុជា។
 
លោក សាមឺឌី ស៊ីសុវឌ្ឍនា និយាយថា៖«ការចូលរួមពីបណ្តាក្លិប សមាគម គ្រូបង្វឹក អត្តពលិក និងគណៈកម្មការរៀបចំការប្រកួតបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្រមូលផ្តុំកម្លាំងមហាសាមគ្គី ការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការលើកស្ទួយវិស័យកីឡាការ៉ាតេកម្ពុជាឱ្យកាន់តែមានភាពតរីកចម្រើន»។
 
អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក ស៊ីសុវឌ្ឍនា បន្តថា ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធកីឡាការ៉ាតេធ្វើឱ្យកម្ពុជា តែងតែនាំមកនូវលទ្ធផលល្អពីលើឆាកអន្តរជាតិមកជូនកម្ពុជា ហើយសូមអត្តពលិកប្រឹងប្រែងហ្វឹកហាត់បន្ថែមទោះបីចាញ់ ឬឈ្នះត្រូវតែបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន។
 
លោក សាមឺឌី ស៊ីសុវឌ្ឍនា និយាយថា៖«ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធ លោក អូន ព័ន្ធមុន្នីរ័ត្ន វិស័យកីឡាការ៉ាតេទទួលបាននូវភាពស្មើមុខស្មើមាត់ និងការកោតសរសើរលើឆាកអន្តរជាតិ។ ការប្រកួតឈ្នះឬចាញ់ ក្នុងវិស័យការ៉ាតេ គឺជាការបង្ហាញពីសមត្ថភាព និងការទទួលខុសត្រូវរបស់កីឡាករ-កីឡាការិនី ខ្លួនឯង»។
 
គួបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ធ្វើនៅសាលដំបូលទូកក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី ៣-៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានកីឡាករ-កីឡាការិនី២៤៨នាក់ មកពីបណ្តាសមាគម និងក្លិបចំនួន ២១ចូលរួមប្រកួតប្រជែង៕
 

Tag:
 កីឡាការ៉ាតេ
 សាមឺឌី ស៊ីសុវឌ្ឍនា
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com