អន្តរជាតិ
ចិន ក្ដៅស្លឹកត្រចៀក ក្រោយអាម៉េរិកបាញ់ទម្លាក់បាឡុងដែលហោះលើទឹកដីខ្លួន
05, Feb 2023 , 12:00 pm        
រូបភាព
ទីក្រុងប៉េកាំង នៅថ្ងៃទី៤ ខែកុម្ភៈ បង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយអាម៉េរិកបាញ់ទម្លាក់បាឡុងមួយដែលហោះពីលើទឹកដីអាម៉េរិកប៉ុន្មានថ្ងៃមកហើយ។ វត្តមានបាឡុងនេះ ក៏ក្លាយជារឿងជជែកវែកញែករវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលឈានដល់ការលុបចោលដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាម៉េរិកថែមទៀត។

 
ទីបំផុត អាម៉េរិកសម្រេចបាញ់បាឡុងរបស់ចិនដែលហោះពីលើដែនអាកាសអាម៉េរិកខាងជើងមួយរយៈមកនេះ។ ពេលចាប់បានដំបូង អាម៉េរិក ដែលហៅបាឡុងនេះជាឧបករណ៍ស៊ើបការណ៍ តែមិនទាន់បាញ់ទម្លាក់ឡើយដោយបារម្ភពីសុវត្ថិភាពប្រជាជននៅខាងក្រោម។ បើតាមមន្ទីរបច្ចកោណ បាឡុងនេះត្រូវបានបាញ់ដោយយន្តហោះ F-22 ដោយប្រើមីស៊ីលមួយគ្រាប់ប៉ុណ្ណោះនៅថ្ងៃទី៤ ខែកុម្ភៈ។
 
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន ហៅប្រតិបត្តិការនេះ ជាការសកម្មភាពស្របច្បាប់ ដែលឆ្លើយតបទៅនឹងសកម្មភាពបំពានអធិបតេយ្យពីសំណាក់ចិន។
 
ព័ត៌មាននៃបាឡុងរបស់ចិននេះ ត្រូវបានបញ្ចេញនៅថ្ងៃទី២ ខែកុម្ភៈ ដោយអាម៉េរិកអះអាងថា ខ្លួនកំពុងតាមដានបាឡុងស៊ើបការណ៍របស់ចិនលើដែនអាកាសអាម៉េរិក។ មន្ត្រីអាម៉េរិកក៏បញ្ជាក់ថា បាឡុងមួយទៀតនៅអាម៉េរិកខាងត្បូងដែរ។ ដោយសាររឿងនេះ លោក អាន់តូនី ប្លីងខិន ក៏លុបចោលទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំង។
 
ចិនដែលពីដំបូងហាក់ស្ទាក់ស្ទើរទទួលស្គាល់បាឡុងជារបស់ខ្លួន មិនចាត់ទុកជាបាឡុងឡើយ ហើយបន្ទោសខ្យល់ដែលបក់វាខុសទិសដៅទៅវិញ។ ក្រោយការបាញ់របស់អាម៉េរិក ក្រសួងការបរទេសចិន លើកឡើងថា ខ្លួនបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនដោះស្រាយបញ្ហានេះតាមសម្រួល និងក្នុងឥរិយាបថអត់ធ្មត់បំផុត ប៉ុន្តែអាម៉េរិកនៅជម្នះប្រើកម្លាំង ប្រតិកម្មហួសហេតុ ហើយបំពានច្បាប់អន្តរជាតិជាក់ច្បាស់។
 
«ចិន នឹងការពារសិទ្ធិស្របច្បាប់របស់ខ្លួន និងប្រយោជន៍របស់ស្ថាប័នពាក់ព័ន្ធ ហើយរក្សាសិទ្ធិចាត់វិធានការបន្តទៀត។» សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសចិនបញ្ជាក់បែបនេះ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com