កីឡាជាតិ
ជាតិ
NOCC បញ្ចូលលោក នេត សាវឿន ជាអនុប្រធាន និងលោកស្រី ញ៉ែម មរកត ជាសមាជិក
05, Feb 2023 , 6:30 pm        
រូបភាព
លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ រូបពី VFC
លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ រូបពី VFC
ដោយ:
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ បានប្រកាសបញ្ជីឈ្មោះសមាសភាពមន្រ្តីគណៈកម្មការទាំង១៣រូប ក្នុងនោះបានបញ្ចូលឥស្សរជន ២រូបបន្ថែម គឺលោក នេត សាវឿន ជាអនុប្រធាន និងលោកស្រី ញ៉ែម មរកត ជាសមាជិក ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ដើម្បីទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការបន្តការងាររបស់ខ្លួនលើជំនាញផ្នែកកីឡា សម្រាប់ចូលរួមដឹកនាំ និងរៀបចំការធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

 
សមាសភាពមន្រ្តីដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទាំង១៣រូប ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមការស្នើសុំពី (NOCC) តាមលិខិតលេខ, ០០១ គ.ជ.អ.ក ចុះថ្ងៃទី៥ ខែមករា ហើយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើចំណារឯកភាពទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី២៧ ខែមករា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ ខែមករា។
 
យោងតាមការយល់ព្រមជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺមានន័យថា គណៈកម្មាធិការប្រតិបត្តិថ្មីទី៨របស់ NOCC ទាំង ១៣ នាក់ ដែលត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី ៧ ឆ្នាំ ២០១៨-២០២២ និងបន្ដអាណត្តិទី៨ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នឹងទទួលបានសិទ្ធិពេញលេញ ក្នុងការបំពេញការងារទៅតាមជំនាញរបស់ខ្លួន។
 
គួរបញ្ជាក់ថា ការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ របស់ NOCC ត្រូវបានធ្វើតាមនីតិវិធីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើគណៈកម្មាធិការប្រតិបត្តិចាស់ជាមួយនឹងតម្រូវការចាំបាច់ ដោយសារតែ NOCC កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពហុកីឡាស៊ីហ្គេម ពោលគឺការប្រកួតស៊ីហ្គេមអាស៊ាន-ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
 
គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ក្រុមប្រឹក្សាអូឡាំពិក (OCA) និងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានណែនាំផ្ទាល់ និងសម្រេចអនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាម្ចាស់ផ្ទះ ប្រើនីតិវិធីរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ឬបន្ដអាណត្តិក្នុងកាលៈទេសៈពិសេសនេះ ដើម្បីរក្សាស្ថិរភាព និងនិរន្ដរភាពដឹកនាំ គ្រប់គ្រងចលនាអូឡាំពិកកម្ពុជាក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ លើកដំបូង នៅកម្ពុជានេះ។
 
ទន្ទឹមនឹងនេះដែរ NOCC ក៏បញ្ចូលឥស្សរជនកីឡា ២ រូបទៀត គឺលោក នេត សាវឿន ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកស្រី ញ៉ែម មរកត ក្នុងនាមជាប្រធានសហព័ន្ធកីឡារាំកម្ពុជា។ ដូច្នេះគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីទី៨ របស់ NOCC រួមមាន លោកថោង ខុន ជាប្រធាន, លោក សៅ សុខា លោក នេត សាវឿន, លោក ថាង ហ្គោដុន និងលោក អ៊ុក សិទ្ធិជាតិ ជាអនុប្រធាន។
 
ចំណែកលោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ, លោក តែម ម៉ឺន ជាអគ្គលេខាធិការរង, លោក លី កុសល ជាអគ្គហេរញ្ញិក, ហើយលោក សំ សោភាន់, លោកមៀចសុផាន់ណា, លោក ជា បូរ៉ា,លោកស្រី កុយ ពិសី និងលោកស្រី ញ៉ែម មរកត ជាសមាជិក៕
 

Tag:
 NOCC
 នេត សាវឿន
 ញ៉ែម មរកត
© រក្សាសិទ្ធិដោយ thmeythmey.com