ជាតិ
សង្គមជាតិ
លោក ប៉ិច បូឡែន៖«អួតជាតិសាសន៍គេ បង្អាប់ជាតិសាសន៍ខ្លួនឯង មិនបានរួមចំណែកអភិវឌ្ឍជាតិឡើយ»
05, Feb 2023 , 7:39 pm        
រូបភាព
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education group
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education group
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education group ហាក់ទើសចិត្តនឹងខ្មែរមួយចំនួ ននៅក្រៅប្រទេស ដែលប្រឹងលើកសរសើរជាតិសាសន៍បរទេស ហើយជាន់ពន្លិចជាតិសាសន៍ខ្មែរខ្លួនឯង។


 
លោក ប៉ិច បូឡែន បញ្ចេញមតិលើបណ្ដាញសង្គមថា៖«កុំអួតជាតិសាសន៍គេ ហើយបង្អាប់ជាតិសាសន៍ខ្លួន។ យើងត្រូវនាំគ្នាប្រឹងគិត ប្រឹងធ្វើកសាងប្រទេសជាតិដើម្បីឱ្យសាសន៍គេមានអំនួត លើកជាតិសាសន៍យើង។ ប្រសិនបើយើងចង់ឱ្យប្រទេសរបស់យើងមានអំនួតអស្ចារ្យ កិត្យានុភាពល្បឺរន្ទឺ ប្រជាជនយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាក្នុងកិច្ចការអភិវឌ្ឍប្រទេសយើង»។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ប៉ិច បូឡែន អធិប្បាយបន្ថែមពីលើអ្វីដែលលោកសរសេរតាមណ្តាញសង្គម បែបនេះថា៖«អួតជាតិសាសន៍គេ ហើយបង្អាប់ជាតិសាសន៍ខ្លួនឯង មិនបានរួមចំណែកអភិវឌ្ឍជាតិឡើយ»។ លោក ផ្ដល់មតិថា ប្រជាពលរដ្ឋខ្មែរ គួររៀនសូត្រពីប្រទេសគេ ហើយយកមកបំពេញនូវអ្វីដែលយើងខ្វះខាត ប្រសើរជាងការប្រៀបធៀបពីប្រទេសដែលគេអភិវឌ្ឍជាមួយប្រទេសខ្លួនដែលកំពុងអភិវឌ្ឍន៍។
 
លោក ប៉ិច បូឡែន បានសង្កេតឃើញប្រជាពលរដ្ឋកម្ពុជាមួយចំនួន បានលើកជាតិសាសន៍គេមកអួត និងប្រៀបធៀបជាមួយជាតិសាសន៍របស់ខ្លួនឯង ខណៈពួកគេមិនបានដឹងពីដំណើរការនៃការអភិវឌ្ឍប្រទេសទាំងនោះ ហើយមិនបានសិក្សាពីប្រវត្តិធនធាន និងសង្គមសេដ្ឋកិច្ចនៃប្រទេសទាំងនោះឡើយ។
 
លោក បន្តថា ការប្រៀបធៀបពីការរីកចំរើនរបស់ប្រទេសជិតខាង ដែលគេជាប្រទេសអភិវឌ្ឍជាមួយប្រទេសកម្ពុជាដែលកំពុងអភិវឌ្ឍ គឺពិតណាស់ប្រាកដជាខុសគ្នាឆ្ងាយ។ ប៉ុន្តែអ្វីដែលជាចំណាត់ការសំខាន់ដើម្បីឱ្យប្រទេសរបស់ខ្លួនមានការរីកចម្រើន និងអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education group
 
ពលរដ្ឋមោទនភាពស្រឡាញ់ជាតិសាសន៍ សង្គមជាតិរបស់ខ្លួន គឺត្រូវរៀនសូត្រពីបណ្ដាប្រទេសដទៃ ហើយយកមកអភិវឌ្ឍក្នុងប្រទេសរបស់ខ្លួន។ លោក បូឡែន លើកឡើងយ៉ាងដូច្នេះ រួចបញ្ជាក់ថា តែអ្វីដែលសំខាន់បំផុតនោះ គឺមិនគួរបង្អាប់ប្រទេសខ្លួនឯង ទាំងដែលខ្លួនមិនបានចូលរួមចំណែកជាវិជ្ជមាន ក្នុងការអភិវឌ្ឍជាតិឱ្យរីកចម្រើននោះទេ។ លោក បញ្ជាក់បែបនេះថា៖ « ឃើញជាតិសាសន៍គេល្អ សរសើរគេមិនខុសទេ តែបើអួតជាតិសាសន៍គេ ហើយយកមកប្រៀបធៀបជាតិសាសន៍ខ្លួនឯង បង្អាប់ជាតិសាសន៍ខ្លួនឯង វាជារឿងមួយដែលខុសឆ្គង»។ 
 
អគ្គនាយកក្រុមហ៊ុន Westline Education group រូបនេះ បន្ថែមថា ការងារដែលអាចចូលរួមកសាងសង្គមជាតិ មានច្រើនណាស់ មិនថាពលរដ្ឋ មន្រ្តីរាជការ វិស័យឯកជន និងអង្គការនោះទេ ប្រសិនបើមើលឃើញប្រទេសមានចំណុចខ្វះខាត គឺត្រូវរួមគ្នាធ្វើឱ្យល្អប្រសើរ ចៀសជាងដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ 
 
លោក ប៉ិច បូឡែន បានលើកឡើងចំៗ ទៅដល់ជនជាតិខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេស ជាពិសេសថ្នាក់ដឹកនាំនយោបាយ ក៏ដូចជាជនជាតិខ្មែរមួយចំនួន ពួកគេតែងតែលើកយកនូវចំណុចខ្វះខាតដែលជាប្រទេសកំណើតរបស់ខ្លួន ទៅប្រៀបធៀបជាមួយប្រទេសដែលគេអភិវឌ្ឍ ខណៈប្រទេសនោះបានដើរមុនអស់ជាច្រើនឆ្នាំ។ 
 
លោក ប៉ុច បូឡែន បានបញ្ជាក់យ៉ាងដូច្នេះ ៖«បើនិយាយតាមការមើលឃើញអ្នកទាំងនោះ (អ្នករស់នៅក្រៅប្រទេសមួយចំនួន) មិនបានចូលរួមអភិវឌ្ឍដោយផ្ទាល់នៅក្នុងសង្គមជាតិទេ សម្ងំសុខនៅក្រៅប្រទេសហើយ តែបែរជាមើលមកពីចម្ងាយរិះគុណ និងវាយប្រហារ។ ពិសេសអ្នកនយោបាយមួយចំនួននៅក្រៅប្រទេស ពួកគាត់មិនត្រឹមតែវាយប្រហារ ហើយបង្អាប់ជាតិសាសន៍ខ្លួនឯងទេ នៅដុកដាន់ប្រាប់គេឯង មិនឱ្យជួយអភិវឌ្ឍជាតិខ្លួនឯងទៅទៀត នេះជារឿងមួយខុសឆ្គងមែនទែន»៕
 

Tag:
 ការអភិវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com