កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី ឆ្នាំ២០២៣៖ ជំនួបបើកឆាក ម្ចាស់ផ្ទះអូស្ត្រាលីប្តូរទៅកីឡដ្ឋានដែលផ្ទុកអ្នកគាំទ្របានច្រើន
05, Feb 2023 , 8:19 pm        
រូបភាព
ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៣ ផ្នែកនារី សហម្ចាស់ផ្ទះអូស្តា្រលី បានផ្លាស់ប្តូរទីលានប្រកួតសម្រាប់ជំនួបបើកឆាករបស់ខ្លួនទៅកាន់កីឡដ្ឋាន Australia វិញ ដើម្បីអាចទទួលទស្សនិកជនបានច្រើន។ ដំបូងឡើងអូស្ត្រាលីគ្រោងយកកីឡដ្ឋាន Sydney Football ដែលផ្ទុកអ្នកគាំទ្របាន ៤៥,៥០០នាក់ដើម្បីរៀបចំ មុនប្តូរទៅកីឡដ្ឋានថ្មីដែលដាក់បានអ្នកគាំទ្ររហូតដល់ ៨៣,៥០០នាក់។


 
គម្រោងដើមនៃការប្រកួតនេះ តាមពិតត្រូវធ្វើឡើងនៅឯកីឡដ្ឋាន Sydney Football ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៤៥,៥០០នាក់ ប៉ុន្តែ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានសម្រេចចិត្តផ្លាស់ប្តូរគម្រោងដើមនេះវិញ ដ្បិតផ្ទុកបានអ្នកគាំទ្រតិចពេក។
 
ការផ្លាស់ប្តូរនេះនឹងជួយឱ្យអ្នកគាំទ្រជាង ១សែននាក់ អាចចូលរួលទស្សនាការប្រកួត  World Cup ស្ត្រីឆ្នាំ២០២៣ នៅថ្ងៃបើកឆាក របស់ក្រុមម្ចាស់ផ្ទះទាំងពីររួមមានអូស្ត្រាលី និងនូវែលសេឡង់ដែលប្រកួតរៀងៗខ្លួន។ អូស្ត្រាលីស្វាគមន៍ អៀរឡង់ ចំណែកនូវែលសេឡង់ ស្វាគមន៍ ន័រវេស។ ជំនួបរបស់នូវែលសេឡង់ធ្វើឡើងនៅកីឡដ្ឋាន Eden Park ក្នុងទីក្រុង Auckland។
 
«បេសកកម្មរបស់ FIFA គឺដើម្បីរៀបចំការប្រកួតដ៏ធំហើយល្អបំផុតក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់ Women’s World Cup ក្នុងឆ្នាំនេះ និងជាមួយអ្នកគាំទ្រដែលបាននាំមកនូវការស្រលាញ់ ការអបអរក្នុងកីឡដ្ឋាន និងភាពជម្រុះពណ៍ ដែលនឹងបង្ហាញអំពីភាពជោគជ័យនៃការប្រកួត។ ដូច្នេះយើងសម្រេចចិត្តអនុញ្ញាតឱ្យអ្នកគាំទ្រជាង ១០០,០០០នាក់អាចចូលរួមការប្រកួតថ្ងៃបើកឆាក ដែលនាំមកនូវឱកាសសម្រាប់អ្នកគាំទ្រទាំងអស់នោះផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ FIFA Women’s World Cup ក្នុងរយៈពេលពេញមួយខែតែម្តង។»។ នេះជាសម្តីដែលអគ្គលេខាធិការ FIFA លោកស្រី Fatma Samoura បានលើកឡើង។
 
ការប្រកួតថ្ងៃបើកឆាករវាងនូវែលសេឡង់ទល់ន័រវេសនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ម៉ោង២រសៀល [ម៉ោងនៅកម្ពុជា] ខណៈដែលការប្រកួតរបស់អូស្ត្រាលីធ្វើឡើងវេលាម៉ោង ៥ល្ងាច។ សំបុត្រទស្សនាការប្រកួតដែលនឹងត្រូវដាក់លក់បន្ថែមទាំងនោះនឹងចាប់ផ្តើមបើកដំណើរការលក់នៅថ្ងៃទី២៤ ខែកុម្ភៈ៕

Tag:
 FIFA
  Women’s World Cup
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com