ជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីបែបបុរាណនៅថ្ងៃទី១៨ កុម្ភៈ 
ពិធីចុះចាប់ត្រីបែបបុរាណនៅខេត្តត្បូងឃ្មុំនឹងត្រូវប្រារព្ធនៅថ្ងៃទី១៨ ខែកុម្ភៈ
×![]()
ភ្នំពេញ៖ ការរៀបចំពិធីចុះចាប់ត្រីនៅខេត្តត្បូងឃ្មុំ បានខកខានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារកូវីដ-១៩ ប៉ុន្ដែឆ្នាំនេះ រដ្ឋបាលខេត្ត នឹងរៀបចំឡើងវិញនៅថ្ងៃទី១៨ ខែកុម្ភៈ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដដែល។ បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ កម្មវិធីនេះធ្វើឡើងដើម្បីរក្សាវប្បធម៌ ប្រពៃណីបែបបុរាណរបស់អ្នកស្រុក និងជាកម្មវិធីជួបជុំបង្កើនចំណងមិត្តភាព និងសាមគ្គីភាពផងដែរ។
លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានThmeyThmey25ថា ពិធីចាប់ត្រីបែបប្រពៃណីជាទម្លាប់ដែលបានប្រារព្ធតៗគ្នារបស់ប្រជាជន រស់នៅក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជារៀងរាល់ឆ្នាំ ប្រជាជននៅតំបន់នេះ តែងប្រារព្ធ ប៉ុន្ដែលើកលែងក្នុងពេលរីករាលដាលជំងឺកូវីដ-១៩។ ពិធីចាប់ត្រីបែបប្រពៃណីនោះ នឹងប្រារព្ធឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខ នាភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ជ័យវុធ លើកឡើងដូច្នេះ៖«ពលរដ្ឋនៅឃុំនោះធ្វើរហូតហ្នឹង ព្រោះជាប្រពៃណីរបស់ស្រុកភូមិ។ កម្មវិធីនោះមានអ្នកទៅចូលរួមច្រើន ដែលធ្វើដំណើរពីស្រុក ឬ ភូមិផ្សេងទៀតនៅក្នុងខេត្តនេះ។ ជួនអ្នកខេត្តផ្សេងក៏មានចូលរួមដែរ»។ លោក បានបន្ថែមថា ការចុះចាប់ត្រីបែបបុរាណនេះអាចអនុញ្ញាតឱ្យពលរដ្ឋប្រើត្រឹម អង្រុត ឈ្នាង ត្រក ក្អុះ។ល។។
លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ។ រូបភាពដោយ ប្រតិកម្មរហ័សខេត្តត្បូងឃ្មុំ
បើតាមនាយករដ្ឋបាលខេត្ត ពិធីនេះកាលឆ្នាំ២០១៩ មានអ្នកចូលរួមជិតបួនពាន់នាក់។ លោក រំពឹងទុកថា ឆ្នាំនេះអាចមានអ្នកចូលរួមបន្ថែម លើសឆ្នាំមុនៗ ដោយសារសាលាខេត្តបានផ្សាយដល់សាធារណជនឱ្យបានដឹង។
លោក ជ័យវុធ ក៏បានអំពាវនាវដល់អ្នកដែលមានបំណងចូលរួម ក្នុងថ្ងៃនោះសូមចូលរួមឱ្យបានច្រើនកុះករ និងយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីឱ្យឱកាសនៃការជួបជុំបែបនេះ កាន់តែរីករាយ និងបង្កើននូវសាមគ្គីភាព៕

សកម្មភាពចាប់ត្រីបែបបុរាណរបស់អ្នកភូមិក្នុងខេត្តត្បូងឃ្មុំ។រូបភាពផ្ដល់ដោយលោក សេង ជ័យវុធ។

សកម្មភាពចាប់ត្រីបែបបុរាណរបស់អ្នកភូមិក្នុងខេត្តត្បូងឃ្មុំ។ រូបភាពផ្ដល់ដោយលោក សេង ជ័យវុធ។

សកម្មភាពចាប់ត្រីបែបបុរាណរបស់អ្នកភូមិក្នុងខេត្តត្បូងឃ្មុំ។ រូបភាពផ្ដល់ដោយលោក សេង ជ័យវុធ។

សកម្មភាពចាប់ត្រីបែបបុរាណរបស់អ្នកភូមិក្នុងខេត្តត្បូងឃ្មុំ។ រូបភាពផ្ដល់ដោយលោក សេង ជ័យវុធ។

សកម្មភាពចាប់ត្រីបែបបុរាណរបស់អ្នកភូមិក្នុងខេត្តត្បូងឃ្មុំ។ រូបភាពផ្ដល់ដោយលោក សេង ជ័យវុធ។
Tag:
ខេត្តត្បូងឃ្មុំ
បុណ្យចាប់ត្រី
ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com