ជាតិ
លោកយាយ ង៉ែត ឃុន វ័យ៨៣ឆ្នាំ ចូលរួមដង្ហែធម្មយាត្រាជាមួយលោក រ៉ុង ឈុន ដែរ
05, Feb 2023 , 6:59 pm        
រូបភាព
លោក រ៉ុង ឈុន និងលោកយាយ ង៉ែត ឃុន អតីតសកម្មជនដីធ្លីបឹងកក់។ រូបពី ហ្វេសប៊ុកលោក Kung Raiya
លោក រ៉ុង ឈុន និងលោកយាយ ង៉ែត ឃុន អតីតសកម្មជនដីធ្លីបឹងកក់។ រូបពី ហ្វេសប៊ុកលោក Kung Raiya
ភ្នំពេញ៖ លោកយាយ ង៉ែត ឃុន អតីតសកម្មជននៅតំបន់បឹងកក់ ដែលធ្លាប់តស៊ូយ៉ាងខ្លាំងក្លាក្នុងបញ្ហាដីធ្លី បានចូលរួមដើរជាមួយលោក រ៉ុង ឈុន ក្នុងដំណើរធម្មយាត្រាដោយថ្មើរជើង ពីរាជធានីភ្នំពេញ ទៅខេត្តពោធិ៍សាត់។ មានវ័យជ្រេចូល៨៣ឆ្នាំហើយ លោកយាយ អះអាងថា ការប្រឹងប្រែងនេះ គឺដើម្បីជាគំរូភាពដល់អ្នកជំនាន់ក្រោយ។

 
លោកយាន ង៉ែត ឃុន ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនារសៀលថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៣ ថា លោកយាយ នឹងដើរដង្ហែធម្មយាត្រានេះ ដល់ចប់ ទើបវិលទៅភ្នំពេញវិញ។ លោកយាយ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសម្រេចចិត្តចូលរួមធម្មយាត្រា គឹទឹកចិត្តរបស់ខ្ញុំចង់បានប្រទេសជាតិខ្ញុំ មានសន្តិភាព យុត្តិធម៌ ឯករាជ្យពិតប្រាកដ និងឱ្យកូនចៅខ្ញុំ ក្មេងៗជំនាន់ក្រោយ ឱ្យចេះភ្ញាក់រលឹក ក្រោកឈរឡើយទាំងអស់គ្នា ដើម្បីយុត្តិធម៌ សេរីភាពរបស់យើង»។ 
 
ដំណើរធម្មយាត្រានេះ មានរយៈពេល៥ថ្ងៃហើយ ដោយចាប់ផ្តើមចេញដំណើរតាំងពីព្រឹកថ្ងៃទី១កុម្ភៈ។
នៅរសៀលថ្ងៃទី៥កុម្ភៈនេះ ក្បួនដង្ហែធម្មយាត្រា ដែលដឹកនាំដោយលោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានទៅដល់ទីរួមស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទីតាំងដែលធម្មយាត្រា សំដៅទៅ គឺទីតាំងលោកតា ឃ្លាំង មឿ ដែលស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ 
 
លោកយាន ឃុន បានចូលរួមដើរធម្មយាត្រា លោក រ៉ុង ឈុន ចាប់តាំងពីរាជធានីភ្នំពេញរហូត។ តែយ៉ាងណា ក្នុងដំណើរផ្លូវឆ្ងាយ នៅពេលលោកយាយហត់ឬអស់កម្លាំង លោកយាយក៏សម្រាកនិងចូលរួមហែដោយជិះរថយន្ត។ លុះមានកម្លាំងទើប ទើបលោកយាយ ចុះរួមដំណើរថ្មើរជើងវិញ។ ទាំងនេះគឺជារៀបរាប់របស់លោ រ៉ុង ឈុន ហើយលោក ស្ញប់ស្ញែង ពីទឹកចិត្តលោកយាយ ឃុន ដែលព្យាយាមតស៊ូ ដើម្បីការងារសង្គម។  
 
លោក រ៉ុង ឈុន លើកឡើងបែបនេះថា៖«វត្តមានគាត់(លោកយាយ ឃុន) មានសារៈសំខាន់ណាស់ ចង់បង្ហាញដល់ជនរួមជាតិទាំងអស់ ពិសេសអ្នកមានកម្លាំងមាំមួន ត្រូវចូលរួម ខណៈគាត់មានវ័យជាង៨០ក៏នៅតែចូលរួម។ ខ្ញុំ សូមកោតសរសើរ ហើយអរគុណគាត់ជាខ្លាំង ហើយសូមឲ្យជនរួមជាតិយកគំរូតាមគាត់»។ លោក បន្ថែមថា បើចង់បានសង្គមរុងរឿង មិនត្រូវផ្ដេកផ្ដួល លើមេដឹកនាំតែមួយមុខនោះទេ ដោយពលរដ្ឋត្រូវតែសកម្ម ហើយចូលរួម ការងារសង្គមឲ្យបានច្រើន។ 
 
ធម្មយាត្រានេះ មានអ្នកចូលរួមប្រមាណ៥០នាក់ ដែលរៀបចំឡើង ដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ គោលបំណង គឺដើម្បីបង្ហាញ និងទាមទារ ឲ្យមានការលើកកម្ពស់ សីលធម៌សង្គម និងយុត្តិធម៌។ ក្បួនដង្ហែ គឺហែចេញពីទីតាំងលោកយាយពេញ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្ត្រលោក ឃ្លាំង មឿង ក្នុងខេត្តពោធិ៍សាត់៕ 

Tag:
 ធម្មយាត្រា
© រក្សាសិទ្ធិដោយ thmeythmey.com