ជាតិ
រដ្ឋបាលសង្កាត់បឹងទំពុនទី១ ដឹកឯកសារទៅជូនពលរដ្ឋដល់ផ្ទះ 
អ្នកស្រី ទូច ស្រីណាត ស្មៀននៅសង្កាត់បឹងទំពន់ទី១ ។ រូបភាព៖ អ្នកស្រី ទូច ស្រីណាត ផ្ញើជូនសារព័ត៌មានថ្មីៗ
×![]()
ភ្នំពេញ៖ ពលរដ្ឋនៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនបារម្ភពីការរង់ចាំយូរពេលទៅធ្វើឯកសារនៅក្នុងសង្កាត់ទៀតនោះទេ ព្រោះរដ្ឋបាលសង្កាត់មានក្រុមការងារដើម្បីដឹកឯកសារជូនពលរដ្ឋដល់ខ្នងផ្ទះ។
អ្នកស្រី ទូច ស្រីណាត ស្មៀនសង្កាត់បឹងទំពុនទី១ បានឱ្យដឹងថា ការបង្កើតក្រុមការងារដើម្បីដឹកយកឯកសារឱ្យប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់ខ្លួនតាមខ្នងផ្ទះនេះ ធ្វើឡើងក្រោមការឧបត្ថម្ភរបស់លោក ស ថេត អនុប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ផងដែរ។
លោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរនោះ បានបង្កើតក្រុមនេះឡើង ដើម្បីជួយសម្រួលដល់ពលរដ្ឋ កុំឱ្យពួកគេរង់ចាំយូរក្នុងការទទួលសេវានៅក្នុងសង្កាត់ និងចៀសវាងកុំឱ្យពួកគេឡើងចុះច្រើនដង។ អ្នកស្រីស្មៀន បញ្ជាក់ថា ពលរដ្ឋយកឯកសារទៅបញ្ជាក់នៅក្នុងសង្កាត់ដោយខ្លួនឯង ប៉ុន្តែក្រោយចៅសង្កាត់ និងស្មៀនចុះហត្ថលេខារួចរាល់ ក្រុមការងារ នឹងយកទៅឱ្យពលរដ្ឋដល់ខ្នងផ្ទះតែម្ដង។
ការអនុវត្តផ្ដល់សេវាឱ្យពលរដ្ឋដល់ខ្នងផ្ទះនេះ បានអនុវត្តចាប់តាំងពីខែ កក្កដា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។ រយៈពេល ៧ខែមកនេះ ក្រុមការងាររបស់រដ្ឋបាលសង្កាត់បឹងទំពន់ទី១ បានយកឯកសារឱ្យពលរដ្ឋតាមខ្នងផ្ទះបានចំនួន ៥៧៤ឯកសារ។ អ្នកស្រី ទូច ស្រីណាត បញ្ជាក់ប្រាប់សារព័ត៌មាថ្មីៗ យ៉ាងដូច្នេះ នៅថ្ងៃទី១ ខែកុម្ភៈ។
ចំពោះឯកសារដែលត្រូវបានផ្ដល់ជូនពលរដ្ឋដល់ខ្នងផ្ទះនេះ មានជាង ១០ប្រភេទ រួមមាន ការបញ្ជាក់ទីលំនៅ, បញ្ជាក់ភាពនៅលីវ, បញ្ជាក់កិរិយាមាយាទ, ធ្វើសំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, បញ្ជាក់សំបុត្រមរណៈភាព និងធ្វើឯកសារផ្សេងទៀត។ល។ ការផ្ដល់សេវាសាធារណៈ និងដឹកជញ្ជូនដល់ខ្នងផ្ទះឱ្យពលរដ្ឋនេះ មិនតម្រូវឱ្យពួកគេបង់ថ្លៃសេវានោះទេ។
រយៈពេលនៃការបង្កើតក្រុមការងារផ្ដល់សេវានេះ អ្នកស្រី ទូច ស្រីណាត បានសង្កេតឃើញពលរដ្ឋមានភាពងាយស្រួលច្រើនក្នុងការទៅទទួលសេវា ដោយពួកគេចំណេញពេលវេលាច្រើនក្នុងការប្រកបរបរប្រចាំថ្ងៃ។ អ្នកស្រីបញ្ជាក់ថា៖« ខ្ញុំសម្ភាសពលរដ្ឋផ្ទាល់ គាត់និយាយថាល្អ ព្រោះពីមុនមិនដែលមានយកឯកសារជូនតាមផ្ទះទេ ឥឡូវមានអ៊ឹចឹង(យកឯកសារដល់ខ្នងផ្ទះ) ងាយស្រួល ចំណេញពេល ហើយមិនចំណាយប្រាក់ទៀត»។
អ្នកស្រី ទូច ស្រីណាត បន្ថែមថា ចំពោះការដឹកជញ្ជូនឯកសារឱ្យពលរដ្ឋនេះ រដ្ឋបាលសង្កាត់បានធានា ១០០ភាគរយ មិនឱ្យបាត់ឯកសាររបស់ពលរដ្ឋនោះទេ ហើយរយៈពេលនៃការអនុវត្តកន្លងមក ក៏មិនដែលមានករណីបាត់ឯកសារនោះដែរ។
លោក ហួង ច័ន្ទវណ្ណា ប្រជាពលរដ្ឋរស់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌស្ទឹងមានជ័យ រាធានីភ្នំពេញ បានទៅធ្វើឯកសារនៅក្នុងសង្កាត់បឹងទំពន់ទី១ ដោយរូបគេបានគាំទ្រយ៉ាងពេញទំហឹងដើម្បីឱ្យរដ្ឋបាលសង្កាត់អនុវត្ត ការផ្ដល់សេវាយកឯកសារឱ្យពលរដ្ឋដល់ផ្ទះនេះបន្តទៀត។
លោកបានបន្តថា ពេលយកឯកសារទៅបញ្ជាក់នៅក្នុងសង្កាត់ ក្រុមការងារបានយកចិត្តទុកដាក់ និងសួរនាំមិន បានប្រកាន់បក្សពួកអ្វីនោះឡើយ។ ពលរដ្ឋរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ ថ្ងៃដែលទៅធ្វើសំបុត្រកំណើតឱ្យចៅរបស់គាត់ ខាងសង្កាត់មិនបានតម្រូវឱ្យបង់ប្រាក់នោះទេ។
លោក ហួង ច័ន្ទវណ្ណា បានបន្ថែមថា៖ «ខ្ញុំសប្បាយចិត្តដែលសង្កាត់បានយកឯកសារឱ្យខ្ញុំដល់ផ្ទះ មិនចំបាច់ឱ្យខ្ញុំអង្គុយរងចាំ ឬទៅយកនៅសង្កាត់ម្ដងទៀត»។ សូមជម្រាបថា សង្កាត់បឹងទំពុនទី១ មានចំនួន ១១ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅជាង ៦០០០គ្រួសារ ស្មើប្រមាណជាង៣ម៉ឺននាក់៕
Tag:
ការផ្ដល់សេវាសាធារណៈ
សង្កាត់បឹងទំពន់ទី១
© រក្សាសិទ្ធិដោយ thmeythmey.com