ជាតិ
សង្គមជាតិ
រដ្ឋាភិបាលស្វ៊ីស ប្រកាសជួយមន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត
06, Feb 2023 , 8:59 am        
រូបភាព
រូបភាព capture ពីវីដេអូ «គន្ធបុប្ផាសង្រ្គោះជីវិត / Kantha Bopha saves Lives» លើទំព័រហ្វេសប៊ុកមូលនិធីគន្ធបុប្ផាកម្ពុជា។
រូបភាព capture ពីវីដេអូ «គន្ធបុប្ផាសង្រ្គោះជីវិត / Kantha Bopha saves Lives» លើទំព័រហ្វេសប៊ុកមូលនិធីគន្ធបុប្ផាកម្ពុជា។
ភ្នំពេញ៖ កន្លងមក រដ្ឋាភិបាលស្វីស សន្យាជួយគាំទ្រផ្នែកហិរញ្ញវត្ថុ៤លានហ្វ្រង់ស្វីស ឬជាង៤លានដុល្លារក្នុង១ឆ្នាំ ដល់មន្ទីរពទ្យគន្ធបុប្ផា ក្នុងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៣។ នាកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រដ្ឋាភិបាលប្រទេសស៊្វីស បន្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត។

 
ជំនួបខាងនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រវាងលោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ហែនរីហ្ស ឆេលិនប៊ែល រដ្ឋលេខាធិការទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងការបរទេសស៊្វីស។ 
 
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្តីពីលទ្ធផលនៃជំនួបទ្វេភាគីនេះ បានឱ្យដឹងថា ក្រៅពីបន្តជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា រដ្ឋាភិបាលស៊្វីស ក៏គាំទ្រកម្មវិធីកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងតំបន់មេគង្គឆ្នាំ ២០២២-២០២៥ ផងដែរ។ 
 
យោងតាមប្រភពដដែល ក្រៅពីបន្តការគាំទ្រតាំង២ខាងលើនេះ លោក ចែម វីឌ្យ៉ា បានស្នើទៅកាន់ភាគីស៊្វីស ឱ្យមានការរៀបចំវេទិកាធុរកិច្ច រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ និងបន្តពិភាក្សាលទ្ធភាពបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។ ការស្នើបីភាគីកម្ពុជានេះ គឺដើម្បៅបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរថែមទៀត។ 

ជំនួបរវាងលោក ចែម វីឌ្យ៉ា (ស្ដាំ) និង លោក ហែនរីហ្ស ឆេលិនប៊ែខ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 
 
ជុំវិញទំហំពាណិជ្ជកម្មរវាងកម្ពុជា-ស៊្វីសនេះ លោករដ្ឋលេខាធិការ ចែម វីឌ្យ៉ា កត់សម្គាល់ឃើញថា វិស័យពាណិជ្ជកម្ម និងវិនិយោគ បន្តកើនឡើង បើទោះជាញាំញីដោយជំងឺកូវីដ-១៩ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។ 
 
ទាក់ទិននឹងទំហំពាណិជ្ជកម្មនេះ ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងស៊្វីស សរុបជាង ៣៧៩លានដុល្លារ។ ឯឆ្នាំ២០២១ សរុបចំនួនជាង ៩៧៤លានដុល្លាអាមេរិក និងឆ្នាំ២០២២សរុបចំនួនជាង ១,៤៤៥លានដុល្លារ។ តួលេខទាំងបីឆ្នាំខាងលើនេះជាតួលេខបណ្ដោះអាសន្ន នៃស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ 
ក្នុងជំនួបធ្វើឡើងនៅថ្ងៃទី០៣ ខែកុម្ភៈនោះ ភាគីទាំងពីរបាន បានពិភាក្សាផ្ដោតលើវិស័យជាច្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យសុខាភិបាល អភិបាលកិច្ច វិមជ្ឈការ កសិកម្ម សន្តិសុខអាហារ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការដោះមីន និងជំនួយអភិវឌ្ឍន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-ស៊្វីស ជាដើម។ ជាមួយគ្នានេះភាគីកម្ពុជា និងស៊្វីស បានប្ដេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិលើវិស័យទាំងនោះផងដែរ៕

Tag:
 ស្វីស
  មន្ទីរពេទ្យគន្ធបុប្ផាឮ
© រក្សាសិទ្ធិដោយ thmeythmey.com