ជាតិ
សង្គមជាតិ
បក្សភ្លើងទៀន ចូលរួមរំលែកទុក្ខជាមួយសម្តេច ប៊ុន រ៉ានី ដែលបាត់បង់ប្អូនស្រី
05, Feb 2023 , 5:17 pm        
រូបភាព
រូបថតអ្នកស្រី ប៊ុន សុថា ប្អូនរបស់សម្តេច ប៊ុន រ៉ានី (រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន)
រូបថតអ្នកស្រី ប៊ុន សុថា ប្អូនរបស់សម្តេច ប៊ុន រ៉ានី (រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន)
ដោយ: ថ្មីៗ
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានសរសេរលិខិតក្នុងនាមគណបក្សភ្លើងទៀន ជូនទៅសម្តេច ប៊ុន រ៉ានី ភរិយាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពអ្នកស្រី ប៊ុន សុថា ដែលជាប្អូនស្រីបង្កើតរបស់សម្តេច ប៊ុន រ៉ានី។




តាមរយៈលិខិតរំលែកទុក្ខ ដែលចុះកាលបរិច្ឆេទ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ទាវ វណ្ណុល ចាត់ទុកមរណភាពអ្នកស្រី ប៊ុន សុថា ជាការបាត់បង់ប្អូនស្រីជាទីស្រឡាញ់ដ៏ធំធេងរបស់សម្តេច ប៊ុន រ៉ានី និងជាការបាត់បង់មាតាដែលប្រកបដោយព្រហ្មវិហារធម៌។ 
 
លោក ទាវ វណ្ណុល បង្ហាញសមានចិត្តទៅកាន់សម្តេច ប៊ុន រ៉ានី ដូច្នេះថា៖«តាងនាមថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សភ្លើងទៀន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួង សូមវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។ 

មិនត្រឹមតែសរសេរលិខិតចូលរួមរំលែកទុក្ខជូនសម្តេច ប៊ុន រ៉ានី នោះទេ លោក ទាវ វណ្ណុល នៅបានបញ្ជូនគណៈប្រតិភូគណបក្សភ្លើងទៀន ទៅគោរពវិញ្ញាណក្ខន្ធអ្នកស្រី ប៊ុន សុថា ថែមទៀត។ តាមរយៈរូបភាព ដែលផ្សព្វផ្សាយដោយ BTV សម្តេច ហ៊ន សែន បានទទួលគណៈប្រតិភូគណបក្សភ្លើងទៀនដោយផ្ទាល់។

សម្តេច ប៊ុន រ៉ានី បានសរសេរលិខិតជូនទៅលោក ទាវ វណ្ណុល វិញ ដើម្បីថ្លែងអំណរគុណ។ ក្នុងលិខិត ដែលធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈនេះ សម្តេច ប៊ុន រ៉ានី តបទៅលោក ទាវ វណ្ណុល បែបនេះថា៖«នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានគណបក្សភ្លើងទៀន ដែលបានចាត់តាំងគណៈប្រតិភូមកចូលរួមគោរពវិញ្ញាណក្ខន្ធប្អូនស្រីបង្កើតរបស់នាងខ្ញុំ»។
 
អ្នកស្រី ប៊ុន សុថា ដែលជាប្អូនរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាប្អូនថ្លៃរបស់សម្តេច ហ៊ុន សែន បានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងវ័យ៦៧ឆ្នាំ ដោយរោគាពាធ៕ 
 

Tag:
 បក្សភ្លើងទៀន
  សម្តេច ប៊ុន រ៉ានី
  មរណភាពអ្នកស្រី ប៊ុន សុថា
© រក្សាសិទ្ធិដោយ thmeythmey.com