កីឡាអន្តរជាតិ
អន្តរជាតិ
Kane ក្លាយជាកីឡាកររកគ្រាប់ច្រើនជាងគេនៅ Spurs ក្រោយជួយក្រុមឈ្នះ Man City
06, Feb 2023 , 10:16 am        
រូបភាព
Harry Kane បំបែកកំណត់ត្រា Jimmy Greaves ក្លាយជាកីឡារស៊ុតបញ្ចូលទីច្រើនបំផុតឱ្យក្រុម Tottenham Hortpur ក្រោយរូបគេរកបាន១គ្រាប់ដើម្បីជួយក្រុមឈ្នះ Manchester City ១-០ ក្នុងជំនួប Premier League នៅយប់ថ្ងៃទី៥ ខែកុម្ភៈ។



ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរកបានគ្រាប់ទី២៦៧ សម្រាប់ក្រុម Spurs តាមរយៈការស៊ុតបញ្ចូលទី១គ្រាប់ក្នុងជ័យជម្នះរបស់ក្រុមមាន់ខ្នាយមាសលើក្រុមម្ចាស់ការពារតំណែងជើងឯក Man City។ 
ក្នុងវ័យ២៩ឆ្នាំ Kane បានបំបែកកំណត់ត្រារបស់អតីតកីឡាករអង់គ្លេស Jimmy Greaves​ ដែលធ្លាប់ស៊ុតបញ្ចូលទីឱ្យក្រុម Spurs បាន២២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៧៩ប្រកួត។
 
ក្រោយបំបែកកំណត់ត្រាលោក Greaves នេះ ប្រធានក្រុមជម្រើសជាតិអង់គ្លេស ក៏ដាក់គោលដៅបំបែកកំណត់ត្រាអតីតខ្សែប្រយុទ្ធឆ្នើម Alan Shearer ក្នុងនាមអ្នករកគ្រាប់បាល់ច្រើនបំផុតនៅលីគកំពូលអង់គ្លេសចំនួន ២៦០គ្រាប់។ Kane សព្វថ្ងៃរកបាន២០០គ្រាប់នៅ Premier League ដោយតាមពីក្រោយ Wayne Rooney ដែលរកបាន២០៨គ្រាប់។
 
តាមរយៈជ័យជម្នះ ១-០ នេះ Spurs កើន៣៩ពិន្ទុ ពីការប្រកួត២២លើក ស្ថិតនៅចំណាត់ថ្នាក់ទី៥បណ្តោះអាសន្ន។ ដោយឡែកបរាជ័យរបស់ Man City បានបង្អាក់ពួកគេ តាមពិន្ទុក្រុមកំពូលតារាង Arsenal។
 
Man City ក្រុមការពារជើងឯក មាន៤៥ពិន្ទុដដែលពីការប្រកួត២១លើក ស្ថិតនៅលេខ២ តាមពិន្ទុក្រុមកាំភ្លើងធំដែលចាញ់ Everton ១-០ ចំនួន៥ពិន្ទុ។ យ៉ាងណា Arsenal នៅសល់១ប្រកួតក្នុងដៃ។
 
Manchester United ឡើងទៅលេខ៣វិញ ដោយរកបាន៤២ពិន្ទុ បន្ទាប់ពីឈ្នះ Crystal Palace ២-១ ខណៈ Newcastle United ធ្លាក់ទៅលេខ៤វិញក្រោយស្មើ West Ham ១-១ មាន៤០ពិន្ទុ៕
 

Tag:
 Harry Kane
  Tottenham Hortpur
© រក្សាសិទ្ធិដោយ thmeythmey.com