ដោយ៖ សុង សុធាវី
ភ្នំពេញ៖ ផលិតផលខ្មែរ នាំចូលទៅចិន ហាក់មានផលលំបាក ដោយសារការកម្រិតស្ដង់ដារ។ ប៉ុន្តែការហូរចូលទំនិញចិន មកកម្ពុជា ហាក់មានភាពធូររលុង ដែលបង្ហាញពីការផ្លាស់ប្ដូរទំនិញមិនស្មើភាពគ្នា។ ជាពិសេសការនាំចូលទំនិញខុសច្បាប់ពីបរទេសផ្សេងទៀត បាននាំឱ្យបាត់បង់ចំណូលជាតិ និងប៉ះពាល់ដល់សហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះបើតាមលោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ហៅកាត់ថា CWEA ។

លោកស្រី កែវ មុំ ក្នុងបទសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ ក្នុងកម្មវិធី «គំនិតថ្មី»
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ហៅកាត់ថា CWEA ដូចតទៅ៖
កញ្ញា សុងសុធាវី៖ លោកស្រីផ្ទាល់ជាតួអង្គដែលនាំផលិតផលចំណីអាហារវេចខ្ចប់ទៅក្រៅប្រទេសច្រើន ជិត២០ប្រទេសហើយ ទាំងរបៀបធ្វើការងារ និងរកស៊ីជាដើមឃើញថាជប៉ុនម៉ត់ចត់ណាស់ ហេតុអ្វីកន្លងមកអាចនាំទៅជប៉ុនបាន តែពិបាកនាំផលិតផលហ្នឹងចេញទៅប្រទេសចិនវិញ?
លោកស្រី កែវ មុំ៖ ក្នុងចំណុចនេះ យើងឃើញថា ប្រទេសចិន គាត់មាន SME ច្រើនខ្លាំងមែនទែន! អ៊ីចឹង បើភូមិមួយមានគេផលិតអ្វីមួយ គឺមានការផលិតរបស់ហ្នឹងដូចគ្នា រាប់ពាន់គ្រួសារ! ឧទាហរណ៍ យើងចង់បានអ្វី? យើងគ្រាន់តែស្រាវជ្រាវហ្នឹងទៅ នឹងឃើញមាននៅក្នុងតំបន់នោះជាច្រើន អ៊ីចឹងយើងទៅតំបន់នោះនឹងរកបានច្រើនតែម្តង! ហ្នឹងហើយជាអ្វីដែលចិនគាត់ការពារ SME ប្រទេសគាត់។ អ៊ីចឹងការនាំផលិតផលចូលមក វានឹងធ្វើឱ្យប៉ះពាល់នូវ SME ប្រទេសគាត់។ ដូច្នេះហើយគាត់ត្រូវតែតឹតតែងនឹងការកម្រិតស្តង់ដារផ្សេងៗ បើទោះបីអាចនាំចូលបានក៏មានតម្លៃថ្លៃជាង SME នៅក្នុងស្រុក ដែលវាពិបាកនឹងប្រកួតប្រជែងដែរ។ អ៊ីចឹង នេះហើយជាអ្វីដែលគាត់ការពារ SME នៅក្នុងស្រុកគាត់ហ្នឹង។
កញ្ញា សុង សុធាវី៖ ដោយមើលឃើញថាការនាំចេញទៅចិនមានការតឹងតែងខ្លាំង ទៅលើកម្រិតស្តង់ដារ តែនាងខ្ញុំមើលឃើញថា ទំនិញនាំចូលពីចិនមកខ្មែរមានចំនួនច្រើនទៅវិញ ត្រង់ចំណុចនេះ វាមិនស្មើភាពគ្នាទេ! តើលោកស្រីមានការចូលរួមយ៉ាងណា ដើម្បីឱ្យSME ក្នុងស្រុក មានឱកាសបង្កើនផលិតភាពរបស់ខ្លួន?
លោកស្រី កែវ មុំ៖ យើងសង្កេតឃើញថា មានSME ក្នុងស្រុកជាច្រើន មានការរអ៊ូរទាំពីការប្រកួតប្រជែងមិនស្មើភាពគ្នាហ្នឹង! ពិសេស យើងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា - ចិន ទៅលើអត្រាណាមួយក៏ដោយ ប៉ុន្តែការគ្រប់គ្រងស្តង់ដារអនាម័យ គុណភាពផលិតផលរបស់ខ្មែរយើង ក្នុងការនាំចូលទៅចិនលើផលិតផលទាំងនេះ មានការតឹងរឹងខ្លាំងមែនទែន។ តែការនាំចូលមកវិញ តាមរយៈការសង្កេតរបស់បងប្អូន SME យើងក៏មានឃើញថា មួយចំនួនបានគេចពន្ធ ឬ ភាពអនុលោមនៃស្តង់ដារហាក់មានកម្រិតនៅឡើយ។ អ៊ីចឹងហើយ បើសិនរាជរដ្ឋាភិបាលពង្រឹងការនាំចូលទៅលើគុណភាពអនាម័យ ស្តង់ដារ ឱ្យបានតឹងរឹង នោះវានឹងអាចកាត់បន្ថយការនាំចូល នោះកំណើនការផលិតរបស់ SME ក្នុងស្រុកនឹងមានភាពប្រសើរឡើងផងដែរ។
កញ្ញា សុង សុធាវី៖ លោកស្រី យើងក៏លឺដែរ ការនាំចូលមិនស្មើភាពគ្នាហើយមានការគេចពន្ធផង ដែលកត្តាទាំងអស់នេះជាការបាត់នូវចំណូលជាតិ តើលោកស្រីមានការចូលរួមយ៉ាងណាត្រង់ចំណុចនេះ?
លោកស្រី កែវ មុំ ៖ ចាស ជាការពិតណាស់ ធម្មតាទំនិញនាំចូលមកមានការគេចពន្ធ ដែលនេះជាការបាត់នូវចំណូលជាតិជាច្រើនផងដែរ តាមរយៈការបង់ពន្ធ។ ទី២ នៅពេលដែលយើងនាំទំនិញចូលកាន់តែច្រើន លុយដែលយើងចំណាយនោះ គឺត្រូវបាននាំចេញទៅខាងក្រៅ ដោយមិនបានមកលើបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសទេ ពោលគឺ យើងខាតបង់ដល់សេដ្ឋកិច្ចជាតិច្រើនដែរ។ អ៊ីចឹង ក្នុងខែ១២ យើងឃើញថាមានមន្រ្តីគយចុះចាប់ទំនិញគេចពន្ធជាច្រើនកន្លែងហ្នឹង បាននាំឱ្យអ្នកនាំចូលគេចពន្ធក៏ផ្អាកការនាំចូល។ ស្របពេលនោះទំនិញ SME យើងក្នុងស្រុកក៏ឃើញថាការលក់បានកើនឡើងផងដែរ ហើយពួគគាត់ក៏សប្បាយចិត្ត ប៉ុន្តែការសប្បាយចិត្តនោះបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ អ៊ីចឹង បើមន្រ្តីគយ គាត់បន្តការអនុវត្តន៍រាល់ការនាំចូល ឱ្យមានការបង់ពន្ធបានត្រឹមត្រូវ ពិនិត្យស្តង់ដារ អនាម័យឱ្យបានជាក់លាក់ នោះជឿជាក់ថា SME ក្នុងស្រុកយើងនឹងមានឱកាសក្នុងការពង្រីកខ្លួន ហើយអាចចែកចាយផលិតផលកាន់តែធំទូលាយ។ អ៊ីចឹង លុយដែលបងប្អូនបានទិញនោះ បានន័យថា បានចែកចាយដល់បងប្អូននៅក្នុងស្រុក វាក៏ដូចជាការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិយើង ឱ្យទៅមុខបានកាន់តែលឿនផងដែរ។
កញ្ញា សុង សុធាវី៖ សម្រាប់អតិថិនវិញ គាត់ក៏ចង់គាំទ្រផលិតផលក្នុងស្រុកដែរ តែថាផលិតផលពីបរទេសមានតម្លៃថោកជាង ហើយគុណភាពក៏ល្អដែរ តើ SME ក្នុងស្រុកគួរពង្រឹងគុណភាពដូចម្តេច?
លោកស្រី កែវ មុំ៖ តាមពិតទៅ តាមការមើលឃើញ បានទៅដល់សហគ្រាស និងការផលិតរបស់ម្ចាស់ផលិតផលខ្មែរយើង ខ្ញុំថាមិនចាញ់គ្នាទេ គឺពួកគាត់ផលិតបានល្អ និងមានអនាម័យផងដែរ គ្រាន់តែថាពួកគាត់មិនទាន់មានលិខិតបញ្ជាក់ស្តង់ដារ ដែលត្រូវការអនុវត្តចំណាយលុយជាច្រើន ដើម្បីបាននូវវិញ្ញាបនបត្របញ្ជាក់នូវស្តង់ដារទាំងនោះតែប៉ុណ្ណឹង។ ប៉ុន្តែការផលិតវិញ គាត់មានអនាម័យរបស់គាត់។ គ្រាន់ថាការផលិតរបស់គាត់បានតិច ដែលមិនអាចចែកចាយបានធំទូលាយ អ៊ីចឹងហើយ ដែលធ្វើឱ្យបងប្អូនដែលគាំទ្រផលិតផលរបស់គាត់ មិនដឹងថាទៅទិញនៅកន្លែងណា? អ៊ីចឹង យើងឃើញថា រាល់ពេលមានពិព័រណ៍ផលិតផលខ្មែរម្តងៗ មានបងប្អូនក្នុងស្រុកយើង សម្រុកទៅទិញ ទៅគាំទ្រយ៉ាងច្រើន តែពេលចប់យុទ្ធនាការនេះ គាត់ចង់ទៅគាំទ្រទៀត តែមិនដឹងថា ត្រូវទៅទិញនៅកន្លែងណា? អ៊ីចឹងបានថាការចែកចាយរបស់គាត់នៅមានកម្រិត ដោយសារការផលិតហ្នឹងនៅមានកម្រិតផងដែរ។
កញ្ញា សុង សុធាវី៖ ទន្ទឹមនឹងផលវិបាករបស់ SME នាងខ្ញុំក៏ឃើញថា រាជរដ្ឋាភិបាលបានផ្តល់នូវកញ្ចប់ពីធនាគារ SME តើសមាជិក CWEA មានឱកាសទទួលកញ្ចប់នេះទេ បើសិនជាមិនអាច ព្រោះអ្វី?
លោកស្រី កែវ មុំ៖ ចាស តាំងនាមនាងខ្ញុំជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា សូមអរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែគិតគូរដល់ SME ហើយបង្កើតឱ្យមាននូវធនាគារ SME ដើម្បីឱ្យយើងមានឱកាសពង្រឹង និងពង្រីកអាជីវកម្មផងដែរ។ ជាក់ស្តែង CWEA យើងក៏បានចុះអនុស្សារណៈជាមួយ SME Bank ក្នុងការទទួលបានប្រាក់កម្ចីឱ្យងាយស្រួលជាងមុន អត្រាការប្រាក់ទាបជាងមុនផងដែរ។ អ៊ីចឹង យើងក៏ឃើញថាមានការសម្រួលពីធនាគារ SME ហ្នឹងផងដែរ។ ប៉ុន្តែវាក៏មានបញ្ហាមួយចំនួនដែលពិបាកទទួលយកបានដែរ។
កញ្ញា សុង សុធាវី៖ តើបញ្ហាអ្វីខ្លះលោកស្រី ក្នុងករណីហ្នឹង?
លោកស្រី កែវ មុំ៖ បញ្ហាដែលពិបាកទទួលយកបាននោះ គឺកាលពីមុនមិនទាន់មាន SME Bank ម្ចាស់អាជីវកម្មបានខ្ចីប្រាក់ពីធនាគារផ្សេង ហើយអចលនទ្រព្យក៏បានដាក់នៅធនាគារផ្សេងដែរ។ អ៊ីចឹងទោះធនាគារ SME ផ្តល់ការលើកទឹកចិត្តច្រើនយ៉ាងណាក៏ដោយ ក៏យើងមិនអាចមានលទ្ធភាពទៅសងលុយពីធនាគារនោះ បានភ្លាមៗដែរ។ រីឯខាង ធនាគារ SME ក៏មិនអាចរៀបចំឥណទានឡើងវិញបានដែរ ក្នុងការធ្វើទៅធនាគារ ដើម្បីដកប្លង់ នេះហើយគឺជាបញ្ហាដែលគាត់មិនអាចរកប្រាក់ លោះប្លង់គាត់ចេញហើយទៅយកកម្ចីពីធនាគារ SME ។បើសិន SME ធ្វើយ៉ាងម៉េចអាចជួយសហគ្រិនស្រ្តីកម្ពុជា អាចរៀបចំឥណទានឡើងវិញនេះបាន នោះកាន់តែល្អប្រសើរខ្លាំងមែនទែន ដែលនេះជាចំណុចមួយ។ ឯចំណុចមួយទៀត យើងក៏ឃើញបញ្ហាផងដែរ ក្នុងបរិបទកូវីដផ្ទុះឡើង យើងក៏ឃើញថា មានអាជីវកម្មជាច្រើនបានធ្លាក់ចុះចំណូល ហើយធនាគារបានសម្រួលឱ្យគាត់អាចបង់តែការប្រាក់បាន។ អ៊ីចឹងអ្នកខ្លះមិនដឹង នៅពេលដែលយើងមិនបានបង់ថ្លៃដើម ហើយបង់តែការប្រាក់គឺចូលទៅក្នុងបញ្ជីខ្មៅ ហើយបើមានឈ្មោះម្ចាស់អាជីវកម្មទាំងនោះ ក្នុងបញ្ជីខ្មៅហើយ ទៅថ្ងៃក្រោយពួកគាត់ចង់ទៅរកកម្ចីនៅធនាគារណាផ្សេងៗក៏ពិបាកដែរ។ យើងឃើញថា វិស័យឯកជន ដោយសារគាត់មិនចង់ឱ្យជាប់បញ្ជីខ្មៅ ទើបសុំមិនទាន់បានបង់ថ្លៃដើម ហើយសុំបង់តែការប្រាក់បានហើយ។ ប៉ុន្តែ SME គាត់មិនដឹងថា សុំសម្រួលបែបនេះហើយ ក៏នៅតែជាប់ក្នុងបញ្ជីខ្មៅដដែល។ នេះហើយដែលជាបញ្ហា បើសិនជារដ្ឋាភិបាលជួយដោះឈ្មោះ អ្នកដែលគាត់បង់ការប្រាក់ធនាគារទៀងទាត់នេះ សូមជួយគាត់ថាជាអ្នកមិនជាប់ក្នុងបញ្ជីខ្មៅអី ដែលនេះជាការជួយដល់ SME និងក៏ដូចជាជួយដល់មុខមាត់របស់ពួកគាត់ផងដែរ។ អ៊ីចឹងម្ចាស់អាជីវកម្ម បើឈ្មោះខ្លួន នៅក្នុងបញ្ជីខ្មៅហើយ នោះអាជីវកម្មហ្នឹង គឺពិបាកនឹងរស់មែនទែន៕