ជាតិ
អត្ថបទពាណិជ្ជកម្ម
ព្រូដិនសលកម្ពុជា និងធនាគារអេស៊ីលីដា រួមគ្នាការពារអតិថិជនជាង ២០ម៉ឺននាក់ និងអនុម័តផ្ដល់សំណងជាង ១៤ លាន​ដុល្លារ
06, Feb 2023 , 10:29 am        
រូបភាព
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានក្លាយជាដៃគូយុទ្ធសាស្រ្ដដ៏ជោគជ័យ អស់រយៈពេលមួយទសវត្សរ៍ តាមរយៈសម្ព័ន្ធភាពនេះ ក្រុមហ៊ុនទាំងពីរបានរួមគ្នា ក្នុងការការពារគ្រួសារកម្ពុជារាប់ពាន់គ្រួសារ និងជួយឱ្យការរស់នៅរបស់ពួកគេ កាន់តែមានភាពប្រសើរឡើង។

កម្មវិធីអបអរសាទរខួប ១០ ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្រ្ដ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារសុខា ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយតករធានារ៉ាប់រងកម្ពុជា លោក ហេង បូមករា អគ្គនាយករងនៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនព្រូដិនសល ផងដែរ។
 


កម្មវិធីប្រចាំឆ្នាំនាឆ្នាំនេះបានបង្ហាញពីភាពជោគជ័យដែលក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា ​បានរួមគ្នាសម្រេចបាននូវ សមិទ្ធផលដ៏ល្អ សម្រាប់ភាព​ជា​​ដៃគូអាជីវកម្មប៊េងកាសួរ៉េនក្នុងឆ្នាំ ២០២២ ព្រមទាំងបង្ហាញពីទស្សនវិស័យ និងការប្តេជ្ញាចិត្ដលើកំណើនយុទ្ធសាស្រ្ដសម្រាប់ឆ្នាំ ២០២៣ និងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់គ្រួសារកម្ពុជា ដើម្បីជួយឱ្យអនាគតពួកគេឱ្យកាន់តែប្រសើរ។
 
អតិថិជនជាង ២០០,០០០ នាក់ និងការទាមទារសំណងលើសពី ១៤ លានដុល្លារ ត្រូវបានអនុម័ត


បើគិតត្រឹមខែធ្នូ ឆ្នាំ ២០២២ ភាពជាដៃគូយុទ្ធសាស្រ្ដនេះទទួលបានអតិថិជនជាង ២០០,០០០ នាក់ និងទទួលបានការទាមទារសំណងជាង ១៤ លានដុល្លារ។ ចំនួនទាំងនេះបង្ហាញពីប្រសិទ្ធភាព នៃភាពជាដៃគូយុទ្ធសាស្រ្ដក្នុងការការពារគ្រួសារកម្ពុជា និងជួយឱ្យពួកគេរីកចម្រើនទៅមុខ។
 
ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្ដនេះ ព្រោះយើងបានឈានដល់រយៈពេល ១ ទសវត្សរ៍ក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជា។ ក្រុមហ៊ុន ព្រូដិនសល ក៏បានប្រារព្ធខួប ១៧៥ ឆ្នាំ នៃការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត សុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅទូទាំងពិភពលោកផងដែរ។
 


លោក ហេង បូមករា អគ្គនាយករងនៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបាន មានប្រសាសន៍ថា៖«ភាពជាដៃគូ រវាងក្រុមហ៊ុនព្រូដិនសល និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានអនុញ្ញាតឱ្យអតិថិជនមានជម្រើសជាច្រើន លើផលិតផល និងសេវាកម្មធានារ៉ាប់រង ដែលស្របតាមតម្រូវការរបស់ពួកគេ។ បន្ថែមពីនេះទៀត ភាពជាដៃគូយុទ្ធសាស្រ្ដ រវាងក្រុមហ៊ុនទាំងពីរ គឺដៃគូយុទ្ធសាស្រ្ដដំបូង ដែលទទួលបានអាជ្ញាប័ណ្ណគំរូភ្នាក់ងារសាជីវកម្មពីធនាគារជាតិនៃកម្ពុជា ​ក្នុងការផ្តល់ផលិតផល និងសេវាកម្មធានារ៉ាប់រងជូនដល់អតិថិជន។
 
ការប្ដេជ្ញាលើការអភិវឌ្ឍ​វិស័យធានារ៉ាប់រងកម្ពុជា

ភាពជាដៃគូយុទ្ធសាស្រ្ដនេះ មិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអនុញ្ញាតឱ្យមានការពង្រីកទីផ្សារថ្មី និងពង្រឹងទីផ្សារបច្ចុប្បន្នផងដែរ សម្រាប់វិស័យនេះ។ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយតករធានារ៉ាប់រងកម្ពុជា បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅកម្ពុជាថា វិស័យធានារ៉ាប់រង ជាប្រភពសំខាន់នៃការវិនិយោគ។
 


អ្នកស្រីបានបន្ថែមថា ផលិតផល និងសេវាកម្មធានារ៉ាប់រង ដែលផ្តល់ជូនតាមរយៈភាព​ជា​​ដៃគូអាជីវកម្មប៊េងកាសួរ៉េន បានជួយឱ្យប្រជាជនកម្ពុជា មានលទ្ធភាពទទួលបានសេវាធានារ៉ាប់រង ដែលមានភាពចាំបាច់សម្រាប់ស្ថានភាពហិរញ្ញវត្ថុ និងសុខុមាលភាពរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។
 
លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងអំណរគុណចំពោះនិយតករធានារ៉ាប់រងកម្ពុជា និងធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រ និងការណែនាំរយៈពេល មួយទសវត្សរ៍កន្លងមកនេះ។ លោកក៏បានលើកឡើងពីសារៈសំខាន់ នៃឌីជីថលភាវូបនីយកម្មនាពេលអនាគត សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្ដនេះ ព្រោះវានឹងធ្វើឱ្យបទពិសោធន៍របស់អតិថិជនកាន់តែប្រសើរ និងងាយស្រួលសម្រាប់អតិថិជន ក្នុងការទទួលបានសេវាធានារ៉ាប់រង។
 
ស្របពេលដែលយើងកំពុងក្រឡេកមើលអតីតកាល 10 ឆ្នាំ និង 175 ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ព្រូដិនសល បានសបញ្ជាក់យ៉ាងច្បាស់ថា យើងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យបន្តទៅមុនទៀត។ លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ ភាព​ជា​ដៃគូយុទ្ធសាស្រ្ដ​របស់​យើង​ជាមួយ​ធនាគារ​អេស៊ីលីដា​ នឹង​បន្ត​រីកចម្រើនទៅមុខទៀត​»​។
 
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា​ មានប្រសាសន៍ថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ព្រូដិនសល និងធនាគារអេស៊ីលីដា បាន និងកំពុងផ្តល់គម្រោងផែនការហិរញ្ញវត្ថុស្របតាមតម្រូវការប្រជាជនកម្ពុជា។ ក្នុងឆ្នាំ ២០១៣ យើងបានចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្រ្ដ តាមរយៈសាខាចំនួន ៤៣ របស់ធនាគារ អេស៊ីលីដា ហើយបានពង្រីកទៅ ២៦៣ សាខាទូទាំងប្រទេសនៅឆ្នាំ ២០២២ ។
 


លើសពីនេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការបន្ដអភិវឌ្ឍន៍ទីផ្សារផ្នែកហិរញ្ញវត្ថុ ក៏ដូចជាគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងប្រទេសកម្ពុជា និងការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ ឱ្យកាន់តែជឿនលឿនតាមរយៈប្រព័ន្ធឌីជីថល ស្របតាមក្រមសីលធម៌ នៃអាជីវកម្ម៕
 
 (អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 Prudential
© រក្សាសិទ្ធិដោយ thmeythmey.com