ជាតិ
សង្គមជាតិ
ភរិយាលោក កឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធប្អូនស្រីសម្តេច ប៊ុន រ៉ានី
06, Feb 2023 , 11:29 am        
រូបភាព
រូបពី Fresh News
រូបពី Fresh News
អ្នកស្រី តែ ចន្ទមនោ ភរិយារបស់លោក កឹម សុខា បានសរសេរលិខិតចូលរួមរំលែកទុក្ខជូនទៅសម្តេច ប៊ុន រ៉ានី ហើយថែមទាំងដឹកនាំប្រតិភូទៅគោរពវិញ្ញាក្ខន្ធអ្នកស្រី ប៊ុន សុថា ដែលជាប្អូនស្រីបង្កើតរបស់សម្តេចដោយផ្ទាល់ទៀតផង នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។



រូបភាពដែលផ្សាយដោយហ្រ្វេសញូ បង្ហាញថា សមាសភាពនៃប្រតិភូ ដោយក្នុងនោះបូករួមទាំងអ្នកស្រី តែ ចន្ទមនោ ផង មានគ្នា១០នាក់។ លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា និងលោក យឹម ស៊ីណន អ្នកគាំទ្រលោក កឹម សុខា ក៏ស្ថិតក្នុងចំណោមប្រតិភូ ដែលទៅគោរពវិញ្ញាណក្ខន្ធអ្នកស្រី ប៊ុន សុថា ដែរ។ 
 
លិខិតរំលែកទុក្ខ ចុះកាលបរិច្ឆេទថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកស្រី តែ ចន្ទមនោ ជម្រាបសម្តេច ប៊ុន រ៉ានី ភរិយារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោក កឹម សុខា និងសហការី ព្រមទាំងអ្នកស្រីផ្ទាល់ មានសេចក្តីសោកស្តាយក្រៃលែងចំពោះមរណភាពរបស់អ្នកស្រី ប៊ុន សុថា។
 
ភរិយារបស់លោក កឹម សុខា បង្ហាញសមានចិត្តទៅកាន់ភរិយារបស់សម្តេចនាយករដ្ឋមន្រ្តីដូច្នេះថា៖«មរណភាពរបស់លោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់ប្អូនស្រី ប្អូនថ្លៃ ឧត្តមភរិយា មាតា មាតាក្មេក និងជីដូន ដែលជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌។ […] យើងខ្ញុំ សូមឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ»។ 
 
អ្នកស្រី ប៊ុន សុថា ដែលជាប្អូនបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាប្អូនថ្លៃរបស់សម្តេច ហ៊ុន សែន បានទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣៕ 
 

Tag:
 មរណភាពអ្នកស្រី ប៊ុន សុថា
© រក្សាសិទ្ធិដោយ thmeythmey.com