អន្តរជាតិ
កងទ័ពជើងទឹកអាម៉េរិក កំពុងស្វែងរកបំណែកបាឡុងចិន ក្រោយបាញ់ទម្លាក់
06, Feb 2023 , 11:59 am        
រូបភាព
យន្តហោះអាម៉េរិក បាញ់មីស៊ីលមួយគ្រាប់ទម្លាក់បាឡុងចិន។ រូបភាព AP
យន្តហោះអាម៉េរិក បាញ់មីស៊ីលមួយគ្រាប់ទម្លាក់បាឡុងចិន។ រូបភាព AP
កងទ័ពជើងទឹកអាម៉េរិក កំពុងធ្វើការ ដើម្បីស្វែងរកបំណែកបាឡុង ដែលត្រូវបានយន្តហោះចម្បាំងអាម៉េរិកបាញ់ទម្លាក់នៅពីលើដែនទឹកស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រពីឆ្នេរ South Carolina។



ក្នុងថ្ងៃទី៤ ខែកុម្ភៈ យន្តហោះចម្បាំងអាម៉េរិក F-22 មួយគ្រឿង បានបើកប្រតិបត្តិការបាញ់ទម្លាក់បាឡុងចិន ដែលខ្លួនចាត់ទុកជាបាឡុងស៊ើបការណ៍ ដើម្បីប្រមូលព័ត៌មាន។ បាឡុងនោះ ត្រូវបានបាញ់ទម្លាក់នៅលើដែនទឹកស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីឆ្នេរ South Carolina ក្រោមហេតុផលសុវត្ថិភាពលើប្រជាជន។ 
 
តាមការបញ្ជាក់របស់មន្រ្តីការពារជាតិអាម៉េរិក ភ្លាមៗក្រោយពីបំណែកបាឡុងចិនធ្លាក់ចូលទឹក កងទ័ពអាម៉េរិកបានបើកប្រតិបត្តិការរុករក ខណៈនាវាកងទ័ពជើងទឹកបានទៅដល់កន្លែងធ្លាក់នោះ។ មិនតែប៉ុណ្ណោះ អាម៉េរិក ក៏បានបញ្ជូននាវាល្បាតផ្សេងទៀត ទៅកន្លែងរុករកបំណែកបាឡុងផង។ 
 
បើតាមមន្រ្តីមន្ទីរបញ្ចកោណ អាម៉េរិកគ្រោងប្រមូលរាល់បំណែកទាំងអស់របស់បាឡុង ដែលកម្លាំងមុជទឹកអាម៉េរិកយកបាន ក្រោមគោលបំណងចារកិច្ច។ ជុំវិញបញ្ហានេះ មន្រ្តីអាម៉េរិក បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចខិតខំស្វែងរកបំណែកទាំងនោះ នឹងមិនពិបាកឡើយ ដោយសារវាធ្លាក់ក្នុងទឹកមិនសូវជ្រៅឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Strait Times។ 
 
យ៉ាងណាមិញ អ្នកមុជទឹកនៃកម្លាំងទ័ពជើងទឹកអាម៉េរិកនៅតែប្រឈមបញ្ហាមួយចំនួន ដូចជាសីតុណ្ណភាពទឹកមានភាពត្រជាក់ជាដើម។ បើបំណែកទាំងនោះត្រូវបានរកឃើញ កម្លាំងទ័ពជើងទឹកអាម៉េរិក នឹងប្រគល់ឱ្យទីភ្នាក់ងារចារកិច្ចសហព័ន្ធ និងទីភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗ។ 
 
សូមបញ្ជាក់ថា មុនពេលបាញ់ទម្លាក់បាឡុងនោះ សមាជិកសភាអាម៉េរិក បានចោទសំណួរ និងបន្ទោសលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជុំវិញមូលហេតុមិនបាញ់ទម្លាក់ភ្លាមៗ។ ប៉ុន្តែរដ្ឋាភិបាលអាម៉េរិក អះអាងថា ប្រតិបត្តិការពីរថ្ងៃក្រោយបង្ហាញពីព័ត៌មានបាឡុងចិននោះ គឺដើម្បីការពារសុវត្ថិភាពប្រជាជន៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com