ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ រួចផុតពីបណ្តឹងរបស់ភាគីកាន់អំណាច ដែលទារ១លានដុល្លារកន្លះពីលោក
06, Feb 2023 , 1:50 pm        
រូបភាព
លោក គង់ គាំ ថ្លែងក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោក នៅធ្វើជាឧត្តមទីប្រឹក្សាគណបក្សនេះ។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
លោក គង់ គាំ ថ្លែងក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោក នៅធ្វើជាឧត្តមទីប្រឹក្សាគណបក្សនេះ។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ

បណ្តឹង២ ដោយបណ្តឹង១ ទាមទារសំណង១លានដុល្លារ និងបណ្តឹង១ទៀត ទាមទារសំណងកន្លះលានដុល្លារ ពីលោក គង់ គាំ ដែលទើបប្រកាសចូលនិវត្តពីជីវិតនយោបាយ ត្រូវភាគីកាន់អំណាច ដែលជាដើមបណ្តឹង ដកចេញវិញ។ បណ្តឹងទាមទារសំណង១លានដុល្លារ ជាបណ្តឹងរបស់ក្រសួងការបរទេស ឯបណ្តឹងទាមទារសំណងកន្លះលានដុល្លារ ជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។



លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស បានដាក់ពាក្យទៅកាន់តុលាការភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដើម្បីដកបណ្តឹង ដែលប្តឹងលោក គង់ គាំ។ ចំណែក គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានដាក់ពាក្យទៅតុលាការខេត្តនេះ កាលពីថ្ងៃទី៣កុម្ភៈ ដើម្បីសុំដកបណ្តឹងរបស់ខ្លួនដែរ។ លោក គង់ គាំ បានរួចផុតពីបណ្តឹងទាំង២នេះ ដោយសារលោក បង្ហាញឥរិយាបថស្រុះស្រួលជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

ទី១ លោក បានស្ម័គ្រចិត្តប្រគល់ដីនិងផ្ទះ ដែលលោករស់នៅតាំងពីទសវត្សរ៍៨០ ឲ្យទៅរដ្ឋវិញ បន្ទាប់ពីសម្តេច ហ៊ុន សែន ទាមទារ។ សម្តេច ប្រាប់មហាជនក្នុងវេទិកាសាធារណៈកន្លងមកថា ពីដើម ដីនិងផ្ទះនោះ គឺជាទីស្តីការក្រសួងការបរទេស តែត្រូវលោក គង់ គាំ ដែលកាលនោះនៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា យកធ្វើជាកម្មសិទ្ធិ។

ទី២ លោក បានសរសេរលិខិតទៅអរគុណសម្តេច ហ៊ុន សែន ដែលមិនប្តឹងលោក។ ក្នុងលិខិតនោះ លោក ក៏បានសូមទោសសម្តេចផងដែរ ចំពោះទង្វើរបស់លោក ដែលធ្វើឲ្យប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា។ លើសពីនេះ លោក ជម្រាបសម្តេចថា លោក លាឈប់ពីតួនាទីជាឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀនហើយ។

នៅពេលលោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ដីនិងផ្ទះជូនរដ្ឋតាមសម្រួលបែបនេះ សម្តេច ហ៊ុន សែន ក៏ប្រកាសឈប់ប្តឹងផ្តល់ តាំងពីមុនលោក ប្រាក់ សុខុន ដាក់ពាក្យទៅតុលាការ ដើម្បីដកពាក្យបណ្តឹងម្ល៉េះ។ មុនដំបូង លោក ប្រាក់ សុខុន បានធ្វើតាមការណែនាំរបស់សម្តេច ហ៊ុន សែន ដោយដាក់បណ្តឹងទៅតុលាការ ដើម្បីទាមទារយកដីនិងផ្ទះពីលោក គង់ គាំ មកវិញ ហើយក្នុងបណ្តឹងនោះ លោក ប្រាក់ សុខុន ថែមទាំងទាមទារឲ្យលោក គង់ គាំ សងជំងឺចិត្ត១លានដុល្លារទៀតផង។

ចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលទាមទារសំណងកន្លះដុល្លារពីលោក គង់ គាំ គឺកើតឡើងដោយសារលោក វាយប្រហារគណបក្សប្រជាជនកម្ពុជា ក្នុងវេទិកានៅខេត្តត្បូងឃ្មុំ។ ការវាយប្រហាររបស់លោកក្នុងវេទិកានោះ បានរាលដាលដល់ថ្ងៃទី៧មករា ដែលគណបក្សប្រជាជនកម្ពុជាគោរព។ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ សរសេរក្នុងបណ្តឹងថា សម្តីរបស់លោក គង់ គាំ បង្ហាញពីចេតនាទុច្ចរិត និងញុះញង់ឲ្យមានភាពវឹកវរដល់សង្គម។

ថ្វីបើបានរួចផុតពីបណ្តឹងទាំង២ខាងលើ តែលោក គង់ គាំ បានអស់ផ្ទះសម្បែង១កន្លែង។ លោក ក៏សម្រេចចិត្តចូលនិវត្តពីជីវិតនយោបាយ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គង់ គាំ អះអាងថា លោក មិនមែនត្រឹមតែដកខ្លួនចេញពីគណបក្សភ្លើងទៀននោះទេ គឺដកខ្លួនចេញពីជីវិតនយោបាយជារៀងរហូតតែម្តង ហើយរឿងដែលសំខាន់សម្រាប់ជីវិតចុងក្រោយរបស់លោក គឺការថែទាំសុខភាព។

អតីតអ្នកនយោបាយវ័យជាង៨០ឆ្នាំរូបនេះ ដែលធ្លាប់រួមរស់ជាមួយភាគីកាន់អំណាច ហើយក៏ធ្លាប់រួមរស់ជាមួយក្រុមអ្នកប្រឆាំងផងនោះ មានប្រសាសន៍ដូច្នេះថា៖«ឥឡូវនេះ ទាំងកម្លាំងធនធាន ទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយ វា បាត់បង់យ៉ាងគំហុកហើយ»៕

អត្ថបទទាក់ទង

Tag:
 គង់ គាំ
© រក្សាសិទ្ធិដោយ thmeythmey.com