ជាតិ
សង្គមជាតិ
សិស្សមួយចំនួននៅវិទ្យាល័យប្រមោយ ខេត្តពោធិ៍សាត់ ទន់ខ្លួនដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់
06, Feb 2023 , 3:29 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបពីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
ដោយ៖ ទេពញាណ

សិស្សមួយចំនួននៅវិទ្យាល័យប្រមោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ ក្រុមគ្រួពេទ្យ បានយកសំណាករបស់ពួកគេ ទៅធ្វើតេស្តដើម្បីរកមូលហេតុ។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកវេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធ៍សាត់ ផ្តល់ព័ត៌មានថា សិស្សានុសិស្សទាំងនោះ មានអាការថប់ដង្ហើម ល្ហិតល្ហៃ និងដួល តាំងពីថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈមកម្ល៉េះ។ លោក បន្តថា រយៈពេល២ថ្ងៃនេះ ក្នុងចំណោមសិស្សដែលមានអាការបែបនេះ មានតែ៦នាក់ទេ ដែលមានសភាពធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោក អះអាងថា មកដល់ពេលនេះ សិស្សទាំង៦នាក់ ធូរស្រាលវិញអស់ហើយ។ 
 
រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ស្រាប់តែមានសិស្សប្រមាណ៥០នាក់ ទៅ៦០នាក់ នៅវិទ្យាល័យប្រមោយដដែល ក៏មានអាការរបៀបនេះម្តងទៀត។ នេះបើតាមលោកវេជ្ជបណ្ឌិត ច័ន្ទ សុខា ដដែល។ ប៉ុន្តែ លោក ប្រាប់ថា ក្នុងចំណោមសិស្សប្រមាណ៥០នាក់ ទៅ៦០នាក់នោះ មានតែជាង១១នាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោក បន្ថែមថា សិស្សទាំង១១នាក់នោះ ក៏បានធូរស្រាលឡើងវិញដែរហើយ។ 
 
តើអាចដោយសារពុលចំណីដែរឬទេ? លោកវេជ្ជបណ្ឌិត មិនបដិសេធ ហើយក៏មិនទាន់យល់ស្របដែរ ដោយត្រូវរង់ចាំមើលលទ្ធផលធ្វើតេស្តលើសំណាករបស់ពួកគេសិន។ យ៉ាងណា លោក លើកឡើងថា មកដល់ពេលនេះ លទ្ធផលធ្វើតេស្ត មិនទាន់ចេញនៅឡើយទេ។ 
 
ទោះមិនទាន់ដឹងមូលហេតុច្បាស់លាស់ តែលោកវេជ្ជបណ្ឌិត ច័ន្ទ សុខា សន្និដ្ឋានជាបឋមថា កូនសិស្សខាងលើ ជួបអាការបែបនេះ ទំនងជាដោយសារពួកគេ មានអារម្មណ៍ភិតភ័យ ពេលជួបហេតុការណ៍។ ហេតុការណ៍ ដែលលោកសំដៅនោះ គឺពិធីមួយ ដែលត្រូវបានរៀបចំនៅសាលារៀន ហើយពិធីនោះ ចាសទុំនៅទីនោះ តែងរៀបចំឡើងរៀងរាល់ឆ្នាំ។ ឈ្មោះពិធីអ្វីឲ្យពិតប្រាកដ​ លោក មិនបានដឹងនោះទេ។  
 
ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់រូបនេះ ថ្លែងដូច្នេះថា៖«ខ្ញុំ គិតថា ប្រហែលជាដោយសារអារម្មណ៍ គឺពួកគាត់ មានការតក់ស្លុត ជាបញ្ហាផ្លូវចិត្ត»៕ 
 

Tag:
 សិស្សនៅវិទ្យាល័យប្រមោយ
  ករណីដួលសន្លប់
© រក្សាសិទ្ធិដោយ thmeythmey.com