កីឡាអន្តរជាតិ
អន្តរជាតិ
PSG រីករាយ បើ Messi យល់ព្រមបន្តកិច្ចសន្យាថ្មី
06, Feb 2023 , 4:29 pm        
រូបភាព
​លោក Luis Campos ទីប្រឹក្សាក្លិប Paris Saint Germain រីករាយប្រសិនបើតារាបាល់ទាត់ឆ្នើមអាហ្សង់ទីន Lionel Messi យល់ព្រមបន្តកិច្ចសន្យាស្នាក់នៅជាមួយក្រុមម្ចាស់ជើងឯកបារាំងបន្តទៀត។



កីឡាករវ័យ ៣៥ឆ្នាំ ម្ចាស់ពាន Ballon d’Or ៧សម័យ បានសម្រេចមហិច្ឆតារបស់គេ​ ដោយបានក្លាយជាម្ចាស់ជើងឯក World Cup 2022 កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។
 
 វិលចូលក្រុម​ PSG វិញ Messi បន្តរក្សាទម្រង់លេងដ៏ល្អសម្រាប់ក្រុមជើងឯកបារាំងដដែល។ កាលពីប្រកួតទល់ក្រុម Montpellier ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមរហ័សនាមអ្នកមានបារាំងយកឈ្នះដោយលទ្ធផល ៣-១ ដោយក្នុងនោះ Messi រកបាន១គ្រាប់ និងជាការរកបានគ្រាប់បាល់ទី១០ ប្រចាំលីគរដូវកាលនេះ។ 
 
ជំនួបទល់ក្រុម Toulouse ដែល PSG យកឈ្នះលទ្ធផល ២-១ Messi ក៏ស៊ុតបានគ្រាប់បាល់ជ័យជម្នះឱ្យក្រុម ខណៈដែលមិត្តរួមក្រុមដ៏សំខាន់ Kylian Mbappe និង Neymar រងរបួស។
ខណៈដែលកិច្ចសន្យារបស់ Messi នឹងត្រូវបញ្ចប់ជាមួយក្រុម PSG នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ នេះ លោក ​Campos ដែលជាទីប្រឹក្សាក្លិបបាននិយាយថាការជជែកបន្តកិច្ចសន្យាជាមួយ ​Messi កំពុងតែដំណើរការ។ 
 
«យើងកំពុងតែជជែកគ្នាពីរឿងនេះ ខ្ញុំមិនអាចលាក់បាំងបានទេ ហើយខ្ញុំពិតជាចូលចិត្តដែលមានរូបគេនៅក្នុងគម្រោងរបស់ក្រុមយើង។ ខ្ញុំពិតជារីករាយប្រសិនបើរូបគេសម្រេចចិត្តបន្ត។ ដើម្បីសម្រេចគោលបំណងរបស់ PSG ទាល់តែ ​Lionel Messi បន្តជាមួយយើងដែរ»។ នេះជាសម្តីដែលលោក ​Campos បាននិយាយប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ​TF1 របស់បារាំង។
 
ប្រធានក្រុមប្រឹក្សាក្លិបដដែលរូបនេះក៏បានសរសើរ Messi ចំពោះការបង្ហាញទម្រង់លេងដ៏ល្អទល់ក្រុម Montpellier និង Toulouse ផងដែរ។ Messi បានជួយជំរុញដល់ក្រុមកាន់តែខ្លាំង បើទោះបីជាកីឡាករមិត្តរួមក្រុមដូចជា Mbappe និង Neymar បានរងរបួសក្តី។ 
 
Messi បានចូលរួមជាមួយក្រុម PSG ក្នុងឆ្នាំ ២០២១ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ ជាមួយជម្រើសបន្តកិច្ចសន្យាបន្តបន្ថែម បន្ទាប់ពីតារាបាល់ទាត់រូបនេះបានចែកផ្លូវជាមួយក្រុម Barcelona ដោយសារតែក្លិបបានជួបវិបត្តិហិរញ្ញវត្ថុមិនអាចបន្តកិច្ចសន្យាដល់ Messi បានទៀត។ ក្រុម Barcelona ជាក្លិបដែល Messi ចំណាយពេលលេងស្ទើរតែពេញមួយអាជីពជាកីឡាករ។
 
PSG នឹងត្រូវបាត់បង់កម្លាំងសំខាន់មួយរូប ​Kylian Mbappe សម្រាប់ការប្រកួតទល់នឹងក្រុម ​Bayern Munich សម្រាប់ការប្រកួតពានរង្វាន់ ​UEFA Champions League ជើងទី១ នៃវគ្គជម្រុះ ១៦ក្រុម នៅថ្ងៃទី១៤​ ខែកុម្ភៈ៕
 

Tag:
 ​Lionel Messi
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com