អន្តរជាតិ
អ៊ុយក្រែន នឹងផ្លាស់ប្ដូររដ្ឋមន្ត្រីការពារជាតិ 
រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន Oleksii Reznikov។ រូបថត AFP
×![]()
សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែនម្នាក់នៅថ្ងៃទី៥ ខែកុម្ភៈ បានលើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងរៀបចំផ្លាស់ប្ដូររដ្ឋមន្ត្រីការពារជាតិលោក Oleksii Reznikov ដែលនឹងត្រូវជំនួសដោយប្រធានទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន។ នេះជាផ្នែកក្នុងយុទ្ធនាការរុះរើក្បាលម៉ាស៊ីនក្រសួងការពារជាតិ សរបពេលសង្គ្រាមនៅមិនទាន់ចប់។
បើតាមលោក David Arakhamia សមាជិកសភាសភាអ៊ុយក្រែន និងប្រធានសមាជិកក្នុងសភានៃគណបក្សបម្រើប្រជាជន (Servant of the People) លោក Oleksii Reznikov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន នឹងត្រូវផ្ទេរតំណែងទៅជារដ្ឋមន្ត្រីផ្សេង ខណៈតំណែងជារដ្ឋមន្ត្រីការពារជាតិនឹងជំនួសដោយលោក Kyrylo Budanov ដែលជាប្រធានទីភ្នាក់ងារចារកម្មយោធា (GUR) ។
លើសពីនេះ លោក Arakhamia ក៏បានបន្ថែមថា ភ្នាក់ងារកងកម្លាំងរបស់អ៊ុយក្រែន ដូចជាក្រសួងការពារជាតិ មិនគួរដឹកនាំដោយអ្នកនយោបាយក្នុងអំឡុងពេលសង្រ្គាមឡើយ តែគួរតែដឹកនាំដោយបុគ្គលដែលមានប្រវត្តិទាក់ទងនឹងផ្នែកការពារជាតិ ឬសន្តិសុខ។ បើតាមលោក Arakhamia លោក Reznikov នឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រវិញ។ យ៉ាងណាមិញលោក Arakhamia មិនបានបញ្ជាក់ថាការផ្លាស់ប្តូរនេះនឹងត្រូវធ្វើជាផ្លូវការនៅពេលណានោះទេ។
នៅថ្ងៃដដែល លោក Reznikov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញ Fakty ICTV របស់អ៊ុយក្រែនថា ការសម្រេចចិត្តរុះរើតំណែងណាមួយគឺអាស្រ័យលើការរៀបចំរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ខណៈលោកបានបញ្ជាក់ថាលោកមិនទាន់ទទួលបានព័ត៌មានអ្វីនៅឡើយ។
«ប្រសិនបើខ្ញុំបានទទួលដំណឹងនេះភ្លាមៗពីប្រធានាធិបតីអ៊ុយក្រែន ឬនាយករដ្ឋមន្ត្រី ខ្ញុំនឹងបដិសេធវាពីព្រោះខ្ញុំមិនមានជំនាញលើផ្នែកនេះឡើយ»។ លោក Reznikov បានបញ្ជាក់បន្ថែមបែបនេះ។
យ៉ាងណាមិញ មកទល់ពេលនេះ មិនមានសេចក្តីថ្លែងការណ៍ណាមួយពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ពីការជំនួសតំណែងលោក Reznikov នេះនៅឡើយ។ លោក Reznikov ជាអតីតមេធាវីដែលបានក្លាយជារដ្ឋមន្ត្រីការពារជាតិក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ នៅប៉ុន្មានខែមុនពេលដែលរុស្ស៊ីចាប់ផ្តើមការវាយប្រហារនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ការរុះរើតំណែងរបស់រដ្ឋមន្ត្រីការពារជាតិនេះ បានកើតឡើងស្របពេលដែលអ៊ុយក្រែនកំពុងព្រួយបារម្ភថារុស្ស៊ីអាចនឹងកំពុងរៀបចំផែនការវាយលុកថ្មីដ៏ធំនៅក្នុងខែនេះ។ អ៊ុយក្រែនវិញបច្ចុប្បន្នក៏កំពុងរៀបចំផែនការវាយលុកថ្មីផងដែរ ខណៈកំពុងរង់ចាំការផ្គត់ផ្គង់រថក្រោះប្រយុទ្ធពីលោកខាងលិច និងសម្ព័ន្ធមិត្តបន្ថែម៕
© រក្សាសិទ្ធិដោយ thmeythmey.com