ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជប៉ុន បន្តជួយកម្ពុជា ឲ្យមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
06, Feb 2023 , 5:29 pm        
រូបភាព
ជំនួបរវាងសម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ និងលោក អ៊ូអិណូ អាតស៊ូស្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ជំនួបរវាងសម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ និងលោក អ៊ូអិណូ អាតស៊ូស្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
លោក អ៊ូអិណូ អាតស៊ូស្ស៊ី (UENO Atsushi ) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំកម្ពុជា ជម្រាបសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថា ជប៉ុន នៅតែបន្តជួយគាំទ្រគម្រោងមួយចំនួនដល់កម្ពុជា រួមមាន ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ការងារពាក់ព័ន្ធនឹងការបោះឆ្នោត ការពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល និងការពង្រឹងអភិបាលកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ជាដើម។ ជំនួបរវាងលោកទូត និងសម្តេចរដ្ឋមន្រ្តី ប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

 
សម្តេច ស ខេង អរគុណចំពោះជប៉ុន ដែលជួយគាំទ្រគម្រោងអភិវឌ្ឍន៍នានា និងតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ដំណើរការអភិវឌ្ឍនៅកម្ពុជា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច។ សម្តេច រម្លឹកថា ការជួយគាំទ្ររបស់ជប៉ុនលើដំណើរការរៀបចំការបោះឆ្នោតឃុំ-សង្កាត់លើកដំបូងនៅកម្ពុជា កាលពីឆ្នាំ២០០២ ជាការចាប់ផ្ដើមដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្ទេរអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 
 
សម្ដេច ជឿជាក់ថា ជប៉ុន នឹងនៅតែបន្តគាំទ្រដល់កិច្ចការទាំងនេះ ជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ សម្តេច ក៏សង្ឃឹមដែរថា ជប៉ុន នឹងនៅតែបន្តគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ។ 
 
រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ដូច្នេះថា៖«សមិទ្ធផលជាតិ ក៏ដូចជាជោគជ័យសំខាន់ៗលើការអភិវឌ្ឍសង្គម ដែលកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏មានសារសំខាន់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះឡើយ»៕  
 

Tag:
 កម្ពុជា-ជប៉ុន
  សម្តេច ស ខេង
  UENO Atsushi
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com