ជាតិ
ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការលិខិតថ្កោលទោសឌីជីថល
06, Feb 2023 , 7:59 pm        
រូបភាព
ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសាកល្បង លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ កុម្ភៈនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌។



ក្រសួងយុត្តិធម៌ បានបញ្ជាក់ដូច្នេះថា៖«ការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះ នឹងផ្ដល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានពីតម្រូវការឯកសារនានា ។ ជាពិសេសសាធារណជនអាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ តាមរយៈកុំព្យូទ័រ ឬទូរសព្ទដៃ រួមផ្ញើមកកាន់នាយកដ្ឋានថ្កោលទោសជាមុន»។
 
បើតាមក្រសួងយុត្តិធម៌ ក្រោយពលរដ្ឋបំពេញបែបបទតាមប្រព័ន្ធឌីជីថលហើយ ពួកគេគ្រាន់តែទៅកាន់នាយកដ្ឋានថ្កោលទោស ដោយភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួន ដើម្បីផ្ដិតមេដៃ និងបង់ប្រាក់ជាការស្រេច។
 
ជាមួយការដាក់ដំណើរការសាកល្បង ពលរដ្ឋក៏អាចស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានថ្កោលទោសនៃក្រសួងយុត្តិធម៌ដែរ បើសិនជាចង់ទៅកាន់ទីតាំងផ្ទាល់។
 
ដើម្បីអាចប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថលនេះ សាធារណជនចូលកាន់គេហទំព័រក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/ ) ឬទាញកម្មវិធីដែលមានឈ្មោះថា (CR-MOJ) តាមប្រភេទទូរសព្ទដៃ។
 

Tag:
 យុត្តិធម៌
  គតិយុត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com