អន្តរជាតិ
ក្រសួងការពារជាតិកូរ៉េខាងត្បូងថា បាឡុងកូរ៉េខាងជើងហោះចូលដែនអាកាសខ្លួន 
×![]()
យោធាកូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែកុម្ភៈ បានលើកឡើងថា ពួកគេបានតាមដានបាឡុងកូរ៉េខាងជើងមួយដែលបានហោះចូលដែនអាកាសរបស់ខ្លួន។ យ៉ាងណាមិញ ភាគីកូរ៉េខាងត្បូងបញ្ជាក់ថា បាឡុងនេះមិនបានបង្កការគំរាមអ្វីមួយឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា បាឡុងរបស់ក្រុងព្យុងយ៉ាងបានហោះចូលដែលអាកាសខ្លួនក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។ ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះ មិនបានបញ្ជាក់ការឆ្លើយតបរបស់កូរ៉េខាងត្បូងយ៉ាងណាឡើយ។
បាឡុងនោះបានចាកចេញពីដែនអាកាសកូរ៉េខាងត្បូងប៉ុន្មានម៉ោងក្រោយមក ហើយមន្ត្រីកូរ៉េខាងត្បូងជឿជាក់ថា ជាបាឡុងព្យាករណ៍អាកាសធាតុ និងមិនមានបំណងស៊ើបការណ៍ដើម្បី ប្រមូលព័ត៌មាននោះឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap។
ជាការកត់សម្គាល់ របាយការណ៍ខាងលើនេះកើតឡើយក្រោយរឿងរ៉ាវដូចគ្នានេះកើតឡើងនៅអាម៉េរិក ដែលរកឃើញបាឡុងចិនដែរនោះ។ អាម៉េរិកចាត់ទុកបាឡុងជាឧបករណ៍ស៊ើបការណ៍ ហើយក៏បាញ់ទម្លាក់ ដែលធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងរវាងកូរ៉េទាំងពីរ ដោយកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលជាច្រើនក្នុងកំណត់ត្រាមួយកាលពីឆ្នាំមុន ហើយកូរ៉េខាងត្បូង ក៏ធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយអាម៉េរិកក្នុងការបង្ហាញកម្លាំងយោធា។ លើសពីនេះ ដ្រូនរបស់កូរ៉េខាងជើងចំនួន៥គ្រឿង បានឆ្លងចូលទៅដែនអាកាសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ ខែធ្នូ ដែលមួយក្នុងចំណោមនោះ បានចូលទៅក្នុងតំបន់ហាមឃាត់ការហោះហើរ ដែលនៅជុំវិញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com