ជាតិ
អ្នកនាំពាក្យចិន ថា ទស្សនកិច្ចសម្តេច ហ៊ុន សែន ពង្រឹងមិត្តភាពដែកថែបកាន់តែរឹងមាំ
07, Feb 2023 , 10:06 am        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេស​ចិន។ រូបថត FMPRC
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេស​ចិន។ រូបថត FMPRC
ដោយ: រួបរួម
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning រំពឹងលទ្ធផលជាផ្លែផ្កាបន្ថែមទៀត នាដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ តបតាមការអញ្ជើញរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន។

 
«សម្តេចនាយករដ្ឋមន្ត្រី គឺជាមិត្តល្អ និងជាមិត្តចាស់របស់ប្រជាជនចិន។ គាត់គឺជាថ្នាក់ដឹកនាំបរទេសទី១ដែលនឹងត្រូវទទួលដោយចិន បន្ទាប់ពីការអបអរពិធីបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំចិន) នាឆ្នាំនេះ។ ទស្សនកិច្ចនេះ ពង្រឹងកម្រិតកាន់ខ្ពស់នៃទំនាក់ទំនងចិន-កម្ពុជា»។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានឆ្លើបតបទៅនឹងសំណួររបស់អ្នកកាសែតនាអំឡុងនៃសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃទី៦ ខែកុម្ភៈ។
 
លោកស្រី Mao Ning បានបញ្ជាក់ថា បណ្តាមេដឹកនាំចិន នឹងជួបពិភាក្សាជាបន្តបន្ទាប់ជាមួយសម្តេច ហ៊ុន សែន ដើម្បីផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើទំនាក់ទំនងទ្វេភាគី រួមទាំងក្នុងតំបន់ និងអន្តរជាតិ សម្រាប់ផលប្រយោជន៍រួម។ លោកស្រីថា៖ «ចិន និងកម្ពុជា ជាអ្នកជិតខាងគ្នាជាប្រពៃណី និងជាមិត្តដែកថែប»។ 
 
អ្នកនាំពាក្យការបរទេសចិន បានរំលឹកពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលសាងដោយមេដឹកនាំជំនាន់មុន ហើយបន្តកាន់តែរឹងមាំជាលំដាប់ ខណៈឆ្នាំនេះ ឈានដល់ខួប៦៥ឆ្នាំនៃការស្ថាបនាទំនាក់ទំនងការទូតចិន-កម្ពុជា និងជាឆ្នាំនៃមិត្តភាពចិន-កម្ពុជា (ចិន-កម្ពុជា Friendship Year)។ 
 
«ចិនសង្ឃឹមថានឹងយកដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀតក្នុងការកសាងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នា និងបន្តឆ្ពោះទៅមុខនៃទំនាក់ទំនងមិត្តភាពចិន-កម្ពុជាពីមួយជំនាន់ទៅមួយជំនាន់»។ នេះជាការបញ្ជាក់បន្ថែមលោកស្រី Mao Ning៕
 

© រក្សាសិទ្ធិដោយ thmeythmey.com