ជាតិ
ម្ចាស់ជ័យលាភី”សៀវ​ភៅ​មួយ​ សហគមន៍​មួយ​” ប្រចាំខេត្តកំពង់ស្ពឺ ប្រាប់​គន្លឹះ​ប្រកួត​បាន​ជោគជ័យ​
07, Feb 2023 , 3:46 pm        
រូបភាព
រូប​ផ្ដល់ឱ្យ
រូប​ផ្ដល់ឱ្យ
ភ្នំពេញ​៖ យុទ្ធនាការ​ “សៀវ​ភៅ​មួយ​ សហគមន៍​មួយ​” សម្រាប់​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ បាន​រក​ឃើញ​ជយ​លាភីលេខ​១-៣ ​ប្រចាំ​ខេត្ត​​ហើយ​។ យុវ​សិស្ស​ នី ធារិទ្ធសកល មក​ពី​វិទ្យា​ល័យ​កំពង់​ស្ពឺ ដែល​ជាប់​លេខ​១ បាន​លើក​យក​រឿង​ “កុលាប​ប៉ៃលិន​”​ ទៅ​បក​ស្រាយ​ជូន​គណៈ​កម្មការ​។ ម្ចាស់ជយលាភី​លេខ​១-​២-៣ នឹង​ប្រាប់​ពី​គន្លឹះ​ក្នុង​ការ​​ត្រៀម​ខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​​ឱ្យ​បាន​ជោគ​ជ័យ​។

 
​កំពង់​ស្ពឺ​ គឺ​ជា​ខេត្ត​ដំបូង​គេ​បង្អស់​ ដែល​រៀប​ចំ​ការ​​​ប្រកួត​ប្រជែង​​ការ​អាន​ នៃ​​​យុទ្ធនាការ​”សៀវភៅ​មួយ​ សហគមន៍​មួយ”​។ ខេត្ត​នេះ​បាន​រក​ឃើញ​ជើង​ខ្លាំង​ កាល​ពី​ថ្ងៃ​ទី​​​១៣​ ខែ​មករា​កន្លង​ទៅ​ នៅ​បណ្ណាល័យ​កំពង់​ស្ពឺ​​។
 
យុវជន​ នី ធារិទ្ធសកល រៀន​ថ្នាក់​ទី​១១​ មក​ពី​វិទ្យា​ល័យ​កំពង់​ស្ពឺ ជា​ម្ចាស់​​ជយលាភី​លេខ១ប្រចាំ​ខេត្តកំពង់​ស្ពឺ​ សម្រាប់​​កម្ម​វិធី​ ប្រកួត​ប្រជែង​ការ​អាន​។ យុវជន​រូប​នេះ បាន​យក​រឿង​ “​កុលាប​ប៉ៃ​លិន” ដើម្បី​​សង្ខេ​ប និង​បក​ស្រាយ​ខ្លឹម​សារ​អប់រំ​ ទៅ​កាន់​គណៈ​កម្មការ​។ 
 
ទទួល​បាន​ពានលេខ១​ និង​ទឹក​ប្រាក់​១លាន​រៀល​ ធារិទ្ធសកល អះអាង​ថា​គេ​យល់​​យ៉ាង​ច្បាស់​ពី​សាច់​រឿង និង​តម្លៃ​អប់រំ​ក្នុង​រឿង “កុលាបប៉ៃលិន” ទើប​បាន​ជា​គេ​ជ្រើស​រើស​រឿង​នេះ​​ យក​ទៅ​ប្រកួត​។ តាម​រយៈ​តួអង្គ​ចៅ​ចិត្រ​ ធ្វើ​ឱ្យ​ សកល​ បាន​ឃើញ​យ៉ាង​ច្បាស់​​ពី​ការ​បង្កប់​តម្លៃ​អប់រំ​ ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​សិក្សា​រៀន​សូត្រ​ ភាព​អត់ធ្មត់ ​ភក្ដី​ភាព​ និង​ភាព​ស្មោះ​ត្រង់​​។ 


 នី ធារិទ្ធសកល ម្ចាស់ជយលាភីលេខ១  (រូប​ផ្ដល់ឱ្យ)

ធារិទ្ធ ដែល​មាន​សម្បុរ​ស្រអែម​ បាន​ចែក​រំលែក​ទៅ​យុវជន​ខេត្ត​ផ្សេង​ៗ​ទៀត ដែល​មាន​បំណង​ដាក់​ពាក្យ​ប្រកួត​ក្នុង​កម្ម​វិធីប្រកួត​ប្រជែង​ការ​អាន​​ ថា​ត្រូវតែ​ជ្រើស​រើស​​សៀវភៅ ឬ​ប្រភេទ​អក្សរ​សិល្ប៍​ណា​ដែល​ខ្លួន​ចេះនិង​យល់​​ច្បាស់​ យក​ទៅ​ប្រកួត​។ ត្រូវ​កំណត់​តម្លៃ​អប់រំ​ក្នុង​រឿង​ឱ្យ​បាន​ច្បាស់​ និងត្រូវ​រក​ឱ្យ​ឃើញ​គំរូ​ល្អរបស់​រឿង​ ​ដែល​អាច​​ផ្ដល់​ឱ្យខ្លួន​ឯង និង​​សង្គម​ជាតិ​​។ 
 
ធារិទ្ធសកល​ ពន្យល់​៖«ពេល​ឡើង​បក​ស្រាយ​ យើង​ត្រូវ​តែ​ច្បាស់​លាស់ លើ​ចំណុច​អប់​រំ​នីមួយ​ៗ​ក្នុង​រឿង​។ អ្វី​ដែល​សំខាន់​បំផុត យើង​កុំ​និយាយ​ទៅ​មុខ​ថយ​ក្រោយ។ បាន​ន័យ​ថា​ កុំ​និយាយ​សាចុះ​សា​ឡើង​ ពី​មុខ​ទៅ​ក្រោយ​ ហើយ​ពី​ក្រោយ​ទៅ​​មុខ​វិញ​ ព្រោះ​រឿង​នេះ​នឹង​ធ្វើ​ឱ្យ​គណៈ​កម្មការ​កាត់​ពិន្ទុ​»។
 
មិន​ខុស​ពី​បេក្ខ​ជន​ជាប់​ពាន​លេខ​១​ឡើយ​ យុវតី ណាន់ ស្រីពៅ ដែលកំពុងរៀនថ្នាក់ទី១២នោះ បានយក​រឿង “កុលាបប៉ៃលិន” ទៅ​បក​ស្រាយដូចគ្នា។ តាម​រយៈ​​​ខ្លឹម​សាររឿង ម្ចាស់ជយ​លាភី​លេខ​២រូបនេះ ច្រោះ​បា​ន​​ការ​​ពិសោធ ឆន្ទះ ការត​ស៊ូ ​ការ​វិវឌ្ឍ​ខ្លួន​ ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ភាព​ស្មោះ​ត្រង់ ចេញ​ពី​តួអង្គ​ចៅ​ចិត្រ​ ដែល​ជា​តួឯក​ប្រុស​ក្រី​ក្រ។​ ដោយ​សារ​តែ​រំភើប​ចិត្ត​នឹង​ខ្លឹម​សារ​ទាំង​នោះ​ហើយ ទើប​បាន​ជានាង​ជ្រើស​រើស​ស្នាដៃ​អក្សរ​សិល្ប៍​ ពី​ខេត្ត​ល្បី​ល្បាញ​ខាង​ត្បូងនេះ​មក​​។
  

 កញ្ញា ណាន់ ស្រីពៅ ម្ចាស់ជយលាភីលេខ២ (រូប​ផ្ដល់ឱ្យ)

​នារី​ដែល​មាន​ម្ដាយ​ឪពុក​ជា​កសិករ​រូប​នេះ​ ​បន្ថែម​ដូច្នេះ​៖«​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ គឺ​ជា​កត្តា​ដំបូង​បង្អស់​ ដែល​ធ្វើ​ឱ្យ​យើង​សម្រេច​បាន​នូវ​អ្វី​គ្រប់​យ៉ាង​។ សូម្បី​តែ​អនាគត​ដែល​យើង​បាន​ដៅ​ទុក​ ជា​ដំបូង​អង្អស់​ក៏​យើង​ត្រូវ​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯងដែរ​។ ដែល​​ស្រប​តាម​សម្ដី​របស់​ឪពុ​ក​ចៅ​ចិត្រ អត្ថាហិ អត្តនោ នាថោ ខ្លួន​ទី​ពឹង​ខ្លួន​»។
 
យុវសិស្ស វ័យ១៨ឆ្នាំ​រូប​នេះ​ ផ្ដាំ​ទៅ​បេក្ខជននៅ​តាម​បណ្ដា​​​ខេត្តផ្សេង​ៗ ដែល​មាន​បំណង​ដាក់​ពាក្យ​ប្រកួត​ក្នុង​កម្ម​វិធី​ប្រកួត​ប្រជែង​ការ​អាន​ ថា ​ដំបូង​បង្អស់​ត្រូវតែ​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​ប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព​ខ្លួន​ឱ្យ​ខ្លាំង ពិសេសជំនាញ​ក្នុង​ការ​និយាយ​តែ​ម្ដង​។ 
 
​មានសម្បុរស ស្រីពៅ ពន្យល់​ដូច្នេះ​៖«ការ​និយាយ​លើ​វេទិកា​ ត្រូវ​តែ​បង្ហាញ​ពី​ភាព​ច្បាស់​លាស់ និង​សេចក្ដី​ខ្លាហាន​របស់​ខ្លួន។ កុំ​គិត​ថា​ខ្លួន​ឯង​ក្មេង​ជាង​គេ រៀន​ថ្នាក់​តូច​ជាង​គេ គេ​មាន​ចំណេះ​ខ្ពស់​ជាង​យើង ​តែត្រូវ​គិត​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ ត្រូវ​តែ​និយាយ​ឱ្យ​លះ ច្បាស់​ៗ ពិសេស​កំណត់​ខ្លឹមសារ​និយាយ​ឱ្យ​បាន​ច្បាស់​លាស់​។ ពេល​ដែល​យើង​ភ័យ​ ទោះ​រឿង​នោះ​យើង​សង្ខេប​បាន​ល្អ​យ៉ាង​ណា មាន​ខ្លឹម​សារ​អប់រំល្អ​យ៉ាងណា ក៏​យើង​មិន​អាច​បង្ហាញ​វា​ចេញ​មក​អស់​ដែរ​»។
 
សម្រាប់​បេក្ខនារីជយលាភីលេខ​៣​វិញ បាន​ទៅ​លើ​​កញ្ញា ភា រស្មី អាយុ​១៥​ឆ្នាំ​ ដែល​រៀន​ថ្នាក់​ទី​១១។ កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូនស្រី​​៣​នាក់​រូប​នេះ​​ បាន​យក​សៀវ​ភៅ​ “អំណាច​នៃ​ផ្នត់​គំនិត” ទៅ​បក​ស្រាយ​។ សៀវ​ភៅ​នេះ​និយាយ​ពី​ការ​អប់រំផ្នែក​​គំនិត​។ មូល​ហេតុ​ដែល​នាំ​ឱ្យ ​រស្មី​ យក​សៀវ​ភៅ​នេះ​ទៅ​​ប្រកួត​ ក៏​ដោយ​សារ​នាង​យល់​ថា សៀវ​ភៅ​មួយ​ក្បាល​នេះ​ នឹង​ជួយ​អភិវឌ្ឍន៍​ផ្នត់​គំនិត​យុវជន​ខ្មែរ​។​ 
  

 ភា រស្មី ម្ចាស់ជយលាភីលេខ៣ (រូប​ផ្ដល់ឱ្យ​)

«​សៀវ​ភៅ​នេះ​និយាយ​ពី​ ​ការ​ប្រើ​គំនិត​ដើម្បី​យក​ឈ្នះ​ជោគ​វាសនា។ ខ្ញុំ​គិត​ថា​ការ​អភិវឌ្ឍ​​ផ្នត់​គំនិត ​នឹង​អាច​ផ្លាស់​ប្ដូរ​មនុស្ស​បាន​។​ ​​ឧទាហរណ៍ជាក់​ស្ដែង ​​នៅ​ក្នុង​ថ្នាក់​រៀន ​ពេល​ដែលយើង​ទទួល​បាន​ចំណាត់​ថ្នាក់​អត់​ល្អ​ យើង​គិត​ថា​យើង​អន់។ ប៉ុន្តែ​មនុស្ស​ដែល​មាន​គំនិត​អភិវឌ្ឍ​ន៍​ គេ​គិត​ថា​នេះ​គឺ​ជា​បទ​ពិសោធ​មួយ​ ហើយ​គេ​នឹង​ខំ​ប្រឹង​ដើម្បី​យក​ឈ្នះ​ថ្ងៃ​ក្រោយ​»​។ នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់​ រស្មី ដែល​មានឪពុក​ជា​គ្រូ​បង្រៀន​ និង​ម្ដាយ​ជា​​អាជីវករ​​​​​។ 
 
ក្មេង​ស្រី​ដែល​មាន​ក្ដី​ស្រមៃ​​ ចង់​ធ្វើ​ជា​វេជ្ជបណ្ឌិត​​នៅ​ថ្ងៃ​អនាគត​រូប​នេះ​ ផ្ដាំ​ទៅ​បេក្ខជន​​នៅ​ខេត្ត​ផ្សេងៗទៀត​​​ មិន​ត្រូវ​​​គិត​ថា​ខ្លួន​អន់​ ហើយ​មិន​ហ៊ាន​ទៅ​ប្រកួត​ឡើយ​។ ប៉ុន្តែ​ឱ្យ​ពួក​គេ​គិត​ថា ការ​ទៅ​ប្រកួត​​ គឺ​ដើម្បី​យក​បទ​ពិសោធ ​​មក​​​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត​​។ 
 
«ដោយ​សារ​តែ​ខ្ញុំ​អាយុ​តិច ហើយ​រៀន​ក៏​មិន​សូវ​ពូកែ​ ដំបូង​ខ្ញុំ​មិន​ចង់​ដាក់​ពាក្យ​ទៅ​ប្រកួត​ទេ​ ព្រោះ​គិត​ថា​អ្នក​ផ្សេង​នឹង​ពូកែ​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​ប្រាកដ​ជា​ធ្លាក់​មិន​ខាន​។ ប៉ុន្តែ​ខ្ញុំ​គិត​ម្ដង​ទៀត ខ្ញុំ​នឹង​ទៅ​ដើម្បី​បាន​បទ​ពិសោធ ក៏​ដើម្បី​ចង់​ដឹង​ថា ខ្លួន​ខ្ញុំ​អាច​ធ្វើ​បាន​កម្រិត​ណា ទីបំផុត​ខ្ញុំ​ជាប់​លេខ​៣​។ រឿង​ខ្លះ​មក​ពី​យើង​មិន​ជឿជាក់​លើ​ខ្លួន​ឯង ទើប​បាន​ជា​យើង​ធ្លាក់​ មិន​មែន​មក​ពី​យើង​គ្មាន​សមត្ថភាព​ទេ​»។
 
លោក ទឹម ម៉ានី ប្រធាន​គណៈ​កម្មការ​ដាក់​ពិន្ទុ​​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗថា​​ តាម​រយៈ​បេក្ខ​ជន​ដែល​ដាក់​ពាក្យ​ប្រកួត​ បេក្ខជន​ដែល​ឆ្លង​ផុត​ការ​កំណែ​បាន​ល្អ អាច​ដល់​ពិន្ទុ​៩៩ មាន​​​ប្រហែល​តែ៣ទៅ​៤​នាក់​ប៉ុណ្ណោះ​។ ​លោក​ថា​​បើ​មើល​ជា​រួម បេក្ខជន​ដែល​ដាក់​ពាក្យ​ប្រកួត​ មាន​កម្រិត​​ចំណេះដឹង​ប្រហែល​​៨៥​ភាគ​រយ​។ ក្នុង​ចំណោម​នោះ សិស្ស​​ថ្នាក់​ទី​១០​និង​ទី​១១​ មាន​កម្រិត​ចំណេះ​ដឹង​ខ្ពស់​ ​ភាគ​ច្រើន​បំផុត។ 
 
អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ ក្នុង​កម្ម​វិធីប្រកួត​ប្រជែង​ការ​អាន រឿង​​ “កុលាប​ប៉ៃលិន​” ត្រូវ​បាន​បេក្ខជន​យក​ទៅ​ប្រកួត​​​ច្រើន​ជាង​គេ​ បន្ទាប់​មករឿង​ “គូលីកំណែន​” និងមាន​​រឿង​ជា​ច្រើន​ទៀត​បន្ទាប់​បន្សំ​។ យ៉ាងណា​ក៏​ដោយ លោក​អះអាង​ថា ក៏​មាន​បេក្ខជន​ខ្លះ ពុំ​ទាន់យល់​​ច្បាស់​ពី​ប្រធាន​បទ ដែល​ធ្វើ​​ឱ្យពួក​គេ​​បក​ស្រាយ​ខុស​។
  

 ឆ្វេង លោក ទឹម​ ម៉ានី ប្រធាន​គណៈកម្មការ​ដាក់​ពិន្ទុ (រូប​ផ្ដល់​ឱ្យ)

អ្វី​ដែល​លោក ទឹម​ ម៉ានី សង្កត់​ធ្ងន់ និង​​សូម​​ឱ្យ​បេក្ខជន​គ្រប់​រូប​ ​មាន​ការ​ប្រុង​ប្រយ័ត្នខ្លាំង​នោះ​គឺ​ ការ​និយាយ​សាដាន​ ហើយ​លោកពន្យល់​ដូច្នេះ​៖«​អ្នក​ខ្លះ​កាយ​វិកា​ល្អ ការ​បក​ស្រាយ​ល្អ​ ប៉ុន្តែ​​នៅ​មាន​គន្លឹះ​ធ្លាក់​ដល់​តែ​បាន​ ព្រោះ​គាត់​និយាយ​សាដាន​ (និយាយ​ទៅ​មុខ​ ហើយ​ក៏​និយាយ​ថយ​ក្រោយ​វិញ​​)។ ជាក់​ស្តែងអ្នក​លេខ​២​ និយាយ​បាន​ល្អ ទាំង​កាយ​វិកា​ និងការ​បក​ស្រាយ​ ប៉ុន្តែ​នាង​និយាយ​សាដាន​។ ប៉ុន្តែ​អ្នក​លេខ​១​ មិន​និយាយ​សាដានទេ​​។ ប្រសិន​បើអ្នក​លេខ​២​ មិន​និយាយសាដានទេ គាត់​នឹង​ជាប់​លេខ​១ ព្រោះ​ទាំង​កាយ​វិកា ការ​លើក​ដាក់​សំឡេង ទំនុក​ចិត្ត​ និង​ខ្លឹម​សារ​គាត់​បក​ស្រាយ​បាន​​ល្អ​ណាស់»។
 
ប្រធា​ន​គណៈកម្មការ​ដាក់​ពិន្ទុ លោក ទឹម ម៉ានី ផ្ដាំ​ទៅ​បេក្ខ​ជន​​​២៤​ខេត្ត​ក្រុង​ទៀត​ ធ្វើ​យ៉ាង​ណា​រំលេច​សាច់​រឿង​​ដែល​បាន​អាន​ឱ្យ​ចេះចាំ​​​ស្ទាត់ និង​ត្រូវ​ចេះ​សង្ខេបសាច់​រឿង ព្រម​ទាំង​ចេះ​​វិភាគ​​អត្ថន័យ​ អត្ថរូប​ និង​អត្ថរសសាច់​រឿងឱ្យ​បាន​ល្អ​។ ធ្វើ​បែប​នោះ​​ ដើម្បី​បំបែក​ឱ្យ​ឃើញ​ថា សាច់​រឿង​​ឱ្យ​តម្លៃ​លើ​អ្វី​ និង​អប់​រំ​លើ​អ្វី​។ បន្ថែម​ពី​នោះ​លោក​ក៏​លើក​ទឹក​ចិត្ត​បេក្ខជន​ ឱ្យ​មាន​ភាព​​​ក្លាហាន ​ក្នុង​ការ​ឡើង​សម្ដែង​នៅ​លើឆាក​ផង​ដែរ​។
 
«កុំ​ខ្លាច កុំ​ភ័យ​ ហើយ​ត្រូវ​យក​គន្លឹះ​ណា​មួយ ឱ្យ​ប្រទាក់​ក្រឡា​គ្នារហូត​ កុំ​ឱ្យ​មានការ​​បក​ស្រាយ​ទៅ​មុខ​ ហើយ ​បែរ​ជា​ថយមក​​ក្រោយ​វិញ​»។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​លោក ទឹម​​ ម៉ានី​។​
ចំណែក​លោក សុខ ឡាក់ ប្រធាន​យុទ្ធនាការ​ “សៀវ​ភៅ​មួយ​ សហគមន៍​មួយ”​ ក៏​លើក​ទឹក​ចិត្ត​យុវជន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ទាំង​២៤ ដែល​ពុំ​ទាន់​បាន​ប្រកួត​ ឱ្យ​ពង្រឹង​ការ​អាន​សៀវ​ភៅ​របស់​ខ្លួន​ជាបណ្ដើរ​ៗដែរ​។ ហើយ​​ដើម្បីដឹង​ថា ខេត្តរបស់​​ខ្លួ​ននឹង​​ប្រកួតនៅ​​ពេល​ណា ពួក​គេអាច​តាម​ដាន​ផេក (សៀវ​ភៅ​១​ សហគមន៍​មួយ​)។ 
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ សុខ ឡាក់​ បាន​ប្រាប់​ថា​ លោក​ទទួល​បាន​​កង្វល់ពី​​ម្ចាស់​ផ្ទះ(ខេត្ត​ទទួល​បន្ទុក​ ​រៀប​ចំ​យុទ្ធនាការ​ សៀវ​ភៅ​មួយ​ សហគមន៍​មួយ) ​មួយ​ចំនួន​ ដោយ​ខេត្ត​ទាំង​នោះ​ បារម្ភ​ចំពោះ​ការ​ចំណាយ​ផ្សេងៗ។ ​ហេតុ​នោះ​ហើយ​ ដែលយុទ្ធនាការ​សម្រាប់​ខេត្ត​បន្ទាប់​ ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​ជាក់​លាក់បាន​។
 
​«សម្រាប់​ខេត្ត​កូន​ៗ ត្រៀម​ខ្លួន​ចូល​រួម​ហើយ​ ប៉ុន្តែ​បន្ទុក​ការ​ចំណាយ​គឺ​ខេត្ត​មេ​ ដូច្នេះ​​ធ្វើ​ឱ្យ​អ្នក​ទទួល​បន្ទុក​ មាន​កង្វល់​។ ខ្ញុំ​សំណូម​ពរ​ឱ្យ ​អ្នក​មាន​លទ្ធភាព ​ចូល​រួម​ជា​មួយ​យុទ្ធនាការយើង​ ជា​ថវិកាក្ដី​ ធនធាន​មនុស្ស​​ក្ដី​។ កំពង់​ស្ពឺ​កម្រិត​ជោគ​ជ័យ​អាច​ទទួល​យក​បាន​។ កំពង់​ស្ពឺ​មិន​សូវ​មាន​អ្នក​អាន​ដែរ​។ ព្រោះ​អ្នក​ដាក់​ពាក្យ​មាន​តែ៥៤​នាក់​ ស្រី​៤១នាក់ និង​​មក​ពី​​១៤ សាលា/ស្ថាប័ន»។ នេះ​ជាការ​​ត្អូញ​ត្អែរ​របស់​លោក សុខ ឡាក់​។ 
  

 លោក សុខ ឡាក់ ប្រធាន​យុទ្ធនាការ​សៀវ​ភៅមួយ សហគមន៍មួយ (រូប​ផ្ដល់ឱ្យ)

វិល​មក​បេក្ខជន​ជយលាភី​លេខ​១​វិញ​ ធារិទ្ធ ដែល​មាន​ក្ដី​ប្រាថ្នា​ចង់​ក្លាយ​ជា​អាកាសយាននិក​ បាន​អះ​អាង​​ថា គេ​បាន​យក​តួអង្គ​ចៅ​ចិត្រ​ជា​គំរូ​ និង​ជា​កម្លាំង​ជំរុញ​ចិត្ត​ ដើម្បី​​ខឹត​ខំ​សិក្សា​រៀន​សូត្រ​រហូត​មកដល់​សព្វ​ថ្ងៃ​។ យុវ​សិស្ស​ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ​​រូប​នេះ ថា​រូប​គេ​ក៏​ជា​មនុស្ស​ខ្ជិល​ច្រអូស​ ចំពោះ​ការសិក្សា​រៀន​សូត្រ​ដែរ​។ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ ចាប់​ផ្ដើម​មាន​ក្ដី​ស្រមៃ និង​បាន​ដាក់​គោល​ដៅ​សម្រាប់​ថ្ងៃ​អនាគត​ គេ​ក៏​ចាប់​ផ្ដើម​ប្រឹង​ប្រែង​រៀន​សូត្រ​ ក៏​ដូច​ជា​អាន​សៀវ​ភៅ​ជា​ប្រចាំ​​។ 
 
«ដំបូង​ខ្ញុំ​ក៏​ខ្ជិល​រៀន​ដែរ​ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​មាន​ក្ដី​ប្រាថ្នា ​ចង់​​ក្លាយ​ជា​អ្នក​បើក​យន្ត​ហោះ​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដាក់​គោល​ដៅ​រៀន​ ​ពី​ថ្នាក់​ទី​៩​មក​។ ទោះ​រៀន​ផ្នែក​វិទ្យា​សាស្ត្រ​ ​ពិបា​កបន្តិច​ក្ដី​​​ តែ​ខ្ញុំ​នៅ​តែ​ប្រឹង​ប្រែង​​»។​ នេះ​ជា​កា​រ​បញ្ជាក់​បន្ថែម​របស់​ សកល​។
 
មាន​ម្ដាយជា​​​អ្នក​អនាម័យ​ក្នុង​ស្ថាន​ប័ន​មួយ សកល​ ប្ដេជ្ញា​ខំ​ស្រាវ​ជ្រាវ​ចំណេះដឹង​​ថ្មីៗទៀត​ បន្ថែម​លើ​ចំណេះ​ដែល​មាន​ស្រាប់ ពិសេស​សិក្សា​ជា​មួយ​គ្រូ លើ​ផ្នែក​អក្សរ​សាស្ត្រ​​ខ្មែរ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​អំណាន​នៅ​ថ្នាក់​ជាតិ​។ សិស្ស​វិទ្យា​ល័យ​ដែល​មាន​ក្ដី​ប្រាថ្នា​ ចង់​ក្លាយ​ជា​អាកាស​យាន​និក​រូប​នេះ​ ថា​ខ្លួន​នឹង​​​រក​គ្រប់​មធ្យោបាយ ​ដើម្បី​ទទួល​បាន​ជយជំនះ​​នៅ​ពេល​ខាង​មុខ​ ដើម្បី​​លើក​មុខ​មាត់​ខេត្ត​​របស់​ខ្លួន​។ 
 
ទោះ​ជា​យ៉ាង​ណា​ សិស្ស​ថ្នាក់​ទី​១១​រូប​នេះ ក៏​បាន​ផ្ដល់​យោបល់​ដល់​សិស្ស​ប្អូន​ ឱ្យ​ខំប្រឹង​ប្រែង​រៀន​សូត្រ​ផង​ដែរ​ ។ ធារិទ្ធសកល បន្ថែមថា៖«​ជោគ​វាស​នា​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​ពួកយើង​ ដូច្នេះ​សូម​​​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ ប្រឹង​ប្រែង​រៀន​សូត្រ​។ ខ្ញុំ​ជា​មនុស្ស​ខ្ជិល​ដូច​គ្នា ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ដាក់​គោល​ដៅ​ជីវិត​ ទើប​ខ្ញុំ​បាន​​​ដូច​ថ្ងៃ​នេះ​។ សម្រាប់​ប្អូន​ៗ​ដែល​ខ្ជិល​ ដែល​គិត​ថា​ហួស​ពេល​ គឺ​មិន​ហួស​ពេលទេ​។ បើ​មិន​ទាន់​ដល់​អាយុ​៣០​ទេ ផ្លូវ​ជីវិត​គឺ​នៅ​ត្រង់​ភ្លឹង​នៅ​ឡើយ​ ដែល​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​រៀន​សូត្រ​»។
  

 យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ នៅ​ខេត្ត​កំពង់​ស្ពឺ (រូប​ផ្ដល់​ឱ្យ​)

ឯកញ្ញា ណាន់ ស្រីពៅ នារី​កូន​ទី​៣​ក្នុង​ចំណោម​បង​ប្អូន​៤​នាក់​ស្រី​៣​ ក៏​បាន​លើក​សរសើរ​ពី​គុណ​ប្រ​យោជន៍​នៃ​​ការ​អាន​ដែរ​។ នាង​ថា​ការ​អាន​ ពិត​ជា​អាច​​អភិវឌ្ឍន៍​​ខ្លួន​ឯង​ គ្រួសារ និង​សង្គម​ជាតិ​។ នាង​បន្ថែម​ទៀត​ថា ​មនុស្ស​ដែល​មិន​អាន​សៀវ​ភៅ​ នឹង​មិន​អាច​រក​ខ្លួន​ឯងឃើញ​​​ឡើយ​​។ ប៉ុន្តែ​សម្រាប់​អ្នកដែល​អាន​សៀវ​ភៅ​ច្រើន​វិញ នឹង​ដឹង​ពី​ចំណុច​ខ្វះ​ខាង​របស់​ខ្លួន​។
 
ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ យុវតី​ ស្រីពៅ​ ក៏​ចង់​ឱ្យ​សិស្សា​នុសិស្ស​ទូទាំង​កម្ពុជា​ ដែល​មាន​បំណង​​ដាក់​ពាក្យ​ប្រកួត ​សូម​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់ដែរ​​៖​«ខ្ញុំ​ចង់​ឱ្យ​បងៗ​ឬ​ប្អូន​ៗ​ ដែល​ចង់​ចូល​រួម​ប្រកួត​ដូច​ជា​ខ្ញុំ​ សូម​អានអ្វី​ដែល​​កម្ម​វិធី​តម្រូវ​។ ពេល​អាន​​ ត្រូវ​គិត ​វិភាគ ​និង​សម​និយាយ​​មុខ​កញ្ចក់​ក៏​បាន​​។ កុំ​អៀន​ខ្មាស់ ត្រូវ​ធ្វើ​វាដោយ​ស្វាហាប់​ កុំ​គិត​ថា​គំនិត​ខ្លួន​មិន​ល្អ​ដូច​គេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​»។
 
សូម​បញ្ជាក់​ថា ការ​​ផ្ដល់​ពិន្ទុ​ ត្រូវ​បាន​កំណត់​ដោយ​ ​ការ​សង្ខេបខ្លឹម​សារ​​រឿង​ កាយ​វិកា​ ទឹក​មុខ ការ​ផ្ដោត​អារម្មណ៍​​​ទៅ​ទស្សនិក​ជន​ និង​គណកម្មការ(ពេល​ធ្វើ​បទ​បង្ហាញ​លើ​ឆាក​) និង​​វោហាសព្ទជា​ដើម​។ លោក ទឹម ម៉ានី ​បាន​បញ្ជាក់​ថា ​បេក្ខជន​ជាប់​លេខ២ អាច​មាន​ឱកាស​ឡើង​ប្រកួត​ថ្នាក់​ជាតិ ប្រសិន​បើ​ដល់​ថ្ងៃ​ប្រកួត​ បេក្ខជន​ជាប់​លេខ​១ ពុំ​អាច​ឡើង​ប្រកួត​បាន​ដោយ​សារ​តែ​បញ្ហា​ផ្ទាល់​ខ្លួន ជា​យថា​ហេតុ​ណា​មួយ​។ ដូច​គ្នា​ដែរ បេក្ខជន​ជាប់​លេខ​៣ ក៏​អាច​មាន​ឱកាស​នោះ​ដែរ​ ប្រសិន​បើ​បេក្ខជន​លេខ​២​ អវត្តមាន​។ ក្នុង​ន័យ​នេះ លោក​ ទឹម ម៉ានី ចង់​ឱ្យ​បេក្ខជន​ជាប់​ជម្រើស​ទាំង៣​ នៅ​បន្ត​ប្រឹង​ប្រែង​អាន​ និងសិក្សា​​ស្រាវ​ជ្រាវ​ជា​ប្រចាំ​។
 
សូម​បញ្ជាក់​ថា យុទ្ធនាការ​ “សៀវ​ភៅ​មួយ សហគមន៍​មួយ​) នឹង​ប្រមូល​ជយ​លាភី​ពី​បណ្ដា​ខេត្ត​ក្រុង​ទាំង​២៥​ ដើម្បី​មក​ប្រកួត​ថ្នាក់​ជាតិ ស្វែង​រក​អ្នក​ឈ្នះ​ប្រចាំ​ប្រទេស ”ជើង​ឯក បំបែក​ជើង​ឯក”​ ដែល​នឹង​មាន​ឱកាស​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ ក្នុង​ពេលខាង​មុខ​ផង​ដែរ​៕
 

Tag:
 អប់រំ​
  ជយលាភី
  អក្សរ​សាស្ត្រ​
  អក្សរ​សិល្ប៍​
  ប្រឡង​
  ប្រកួត​
  កំពង់​ស្ពឺ​​
© រក្សាសិទ្ធិដោយ thmeythmey.com