ជាតិ
រដ្ឋមន្រ្តីការងារ ស្នើឲ្យJCA ជួយបណ្ដុះកម្លាំងពលកម្ម ទៅធ្វើការនៅជប៉ុន ឲ្យបាន៥ម៉ឺននាក់
07, Feb 2023 , 5:29 pm        
រូបភាព
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ក្រសួងការងារ
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ក្រសួងការងារ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ស្នើឲ្យសមាគមជប៉ុន-កម្ពុជា(JCA) ជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដើម្បីឲ្យពួកគេ បានទៅបម្រើការងារនៅជប៉ុន​ ឲ្យបាន៥ម៉ឺននាក់។

 
ក្នុងជំនួបនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដែលបានឈានដល់កម្រិតដៃគូរជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ 
 
ជាមួយគ្នានេះ លោក សំហេង បានមើលឃើញថា ពាណិជ្ជករជប៉ុន បានមកវិនិយោគលើគ្រប់វិស័យនៅកម្ពុជា។ លោកបានវាយតម្លៃថា វត្តមានអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាច្រើន ជាការទាក់ទាញអ្នកវិនិយោគប្រទេសដទៃទៀត មកទីនេះ។
 
លើសពីនេះ រដ្ឋមន្ត្រីក្រសួងការងារ ចង់ឃើញកម្លាំងពលកម្មកម្ពុជា ចេញទៅបម្រើការងារនៅជប៉ុនបន្ថែមទៀត។ លោក អ៊ិត សំហេង ប្រាប់ទៅប្រធានJCA ក្នុងកិច្ចពិភាក្សាគ្នា នាព្រឹកថ្ងៃទី៧ កុម្ភៈ យ៉ាងដូច្នេះថា ៖ «យើងចង់ឃើញកម្មសិក្សាការីកម្ពុជា បានទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបាន៥ម៉ឺននាក់ ខណៈបច្ចុប្បន្ន កម្មសិក្សាការីកម្ពុជាបានចេញទៅធ្វើការនៅជប៉ុន បានត្រឹមប្រមាណ២ម៉ឺននាក់ប៉ុណ្ណោះ»។ 
 
បន្ថែមពីនេះ លោកបានស្នើភាគីជប៉ុន ជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាន នូវកម្លាំងពលកម្ម៥ម៉ឺននាក់នៅជប៉ុន នាពេលខាងមុខ។ 
 
ជុំវិញសំណើនេះ លោក Takahashi Fumiaki ប្រធាន JCA បានសន្យាទាក់ទាញអ្នកវិនិយោគជប៉ុន មកដាក់ទុនរកស៊ី និងជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សកម្ពុជាថែមទៀត។ ជាពិសេសបណ្ដុះសមត្ថភាព ទាំងចំណេះ ជំនាញ ធ្វើយ៉ាងណាដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងរីកចម្រើន។ 
 
លោក Takah​ashi Fumiaki ថ្លែងបែបនេះថា៖ «ខាងសមាគម JCA បានសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជា មានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយពេញនិយម ផ្តល់ចំណូលបានប្រសើរបើយុវជន យុវតីកម្ពុជា ចាប់យកអាជីពនេះបានស្ទាត់ជំនាញ»។ 
 
ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រងក្រុមហ៊ុន រោងចក្រ ឱ្យកាន់តែមានភាពងាយស្រួល។ នេះជាការយល់ឃើញរបស់លោក អ៊ិត សំហេង ដែលបានបន្ថែមថា ជប៉ុន បានគិតគូយកចិត្តទុកដាក់ដល់កម្មសិក្សាការីកម្ពុជា ដែលទៅធ្វើការនៅជប៉ុន និងជួយកម្ពុជាលើជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ស្របតាមផែនការយុទ្ធសាស្ត្រ របស់កម្ពុជាឆ្នាំ២០៣៥៕
 

Tag:
 ការងារ
  កម្ពជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com