ជាតិ
សមាគមផលិត និងនាំចេញ នឹងដាក់ដេញថ្លៃសម្បុកត្រចៀកកាំ ដើម្បីធានាតម្លៃ និងទីផ្សារ 
×![]()
ភ្នំពេញ៖ សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ដេញថ្លៃសម្បុកត្រចៀកកាំ នៅថ្ងៃទី ២៥ ខែកុម្ភៈ ខាងមុខ ដើម្បីងាយស្រួលកំណត់ទីផ្សារ និងតម្លៃពិតប្រាកដ។ កម្មពិធីនេះ ត្រូវធ្វើឡើងនៅ អគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ។
សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នៅថ្ងៃទី ៦ ខែមករា បានបញ្ជាក់ថា ពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំ ធ្វើឡើងក្នុងគោលបំណងជួយម្ចាស់ផ្ទះអភិរក្សសត្វត្រចៀកកាំ ក្នុងការលក់សម្បុកត្រចៀកកាំ និងស្វែងរកដៃគូ ឬអ្នកប្រមូលទិញ ។ ជាពិសេសជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃ សំបុកត្រចៀកកាំ ដើម្បីទទួលបានការផ្គត់ផ្គង់ ប្រកបដោយ គុណភាព បរិមាណសមស្រប និងមានភាពទៀងទាត់ ។
មិនតែប៉ុណ្ណោះវាក៏ជួយឱ្យមានស្ថេរភាពថ្លៃសំបុក ,កាត់បន្ថយការលក់បង្ខូចថ្លៃ ,ការកំណត់ទីផ្សារទិញ-លក់ច្បាស់លាស់ និងផ្តល់ឱកាសអាជីវកម្មផ្សេងៗទៀតដល់អ្នកចូលរួម។ នេះបើតាមសមាគមអ្នកផលិត ។
លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា រំពឹងថា ការដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំនេះ នឹងជួយផ្ដល់ទីផ្សារបន្ថែម ដល់ក្រុមអ្នកអភិរក្ស និងអ្នកផលិតសម្បុកត្រចៀកកាំ ។ ជាពិសេស ពង្រឹងស្តង់ដារនាំចេញទៅបរទេស។

លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា ។ រូបពី ហ្វេសបុករបស់ លោកស្រី វ៉ា សុជិន
លោកស្រី ប្រាប់ Thmey Thmey 25 ដូច្នេះថា៖«សមាគម រៀបចំកម្មវិធីដេញថ្លៃនេះ គឺដើម្បីផ្សាភ្ជាប់រវាងអ្នកអភិរក្សសត្វត្រចៀកកាំ និងអ្នកផលិត ដើម្បីធ្វើឱ្យវិស័យសម្បុកត្រចៀកកាំយើងកាន់តែរីកចម្រើន។ ពិសេស យើងជួយឱ្យពួកគាត់ងាយរកទីផ្សារ និងងាយធ្វើឱ្យផលិតផលខ្មែរយើងកាន់តែមានស្តង់ដារ និងអាចនាំចេញទៅប្រទេសខាងក្រៅបាន»។
យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម ក្នុងឆ្នាំ២០២០ កម្ពុជាមានផ្ទះត្រចៀកកាំចំនួន ៨៧២ផ្ទះ ដែលអាចផ្តល់ផលចន្លោះពី១តោន ទៅ១តោនកន្លះក្នុងមួយខែ។ សម្បុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី៧០០ ទៅ៩០០ដុល្លារក្នុងមួយគីឡូក្រាម និងសម្បុកត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០ ទៅ២ ០០០ដុល្លារក្នុងមួយគីឡូក្រាម។
គួបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២២ កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា មានមូលដ្ឋាននៅទីក្រុងសៀមិន ប្រទេសចិន ក្នុងការជំរុញការនាំចេញសម្បុកត្រចៀកកាំកម្ពុជា។ MOU នេះ មានគោលដៅ ស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសម្បុកត្រចៀកកាំ, កិច្ចគាំពារឱ្យមានការបង្កើតរោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ។
ជាងនេះទៅទៀត MOU នេះ ក៏ជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ត្រចៀកកាំរវាងកម្ពុជា-ចិន និងការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មជាដើម៕
Tag:
កសិកម្ម
សម្បុកត្រចៀកកាំ
សមាគមអ្នកផលិត និងនាំចេញ
ត្រចៀកកាំ
© រក្សាសិទ្ធិដោយ thmeythmey.com