ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ពលរដ្ឋឃុំកំពង់ស្វាយ ស្នើឱ្យអាជ្ញាធរដាក់អំពូលភ្លើងតាមផ្លូវ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ពេលយប់
07, Feb 2023 , 9:59 pm        
រូបភាព
ដោយ៖ ជឿង ស៊ីចាន់(យុវជនកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ពលរដ្ឋឃុំកំពង់ស្វាយ ស្នើឱ្យអាជ្ញាធរឃុំដាក់អំពូលភ្លើងបំភ្លឺផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ និងបទល្មើសផ្សេងៗ ព្រមទាំងជួយបង្កើនសោភ័ណភាពបន្ថែមទៀតនៅក្នុងឃុំផងដែរ។

 
អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា ចំណុចអាទិភាពដែលពលរដ្ឋចង់ឱ្យឃុំអភិវឌ្ឍ គឺការជួសជុលផ្លូវ និងការដាក់ភ្លើងបំភ្លឺផ្លូវឱ្យបានគ្រប់ភូមិទាំងអស់ ដើម្បីងាយស្រួលធ្វើដំណើរពេលយប់ព្រលប់មានសុវត្ថិភាព។


 អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ។

អ្នកស្រី សុខខេម បន្តថានៅក្នុងភូមិអ្នកស្រី ពុំទាន់មានភ្លើងបំភ្លឺផ្លូវនោះទេ ដោយអ្នកស្រីបានសំណូមពរដល់អាជ្ញាធរភូមិ-ឃុំ ប្រសិនបើឃុំមានលទ្ធភាពឱ្យជួយដាក់ភ្លើងបំភ្លឺផ្លូវ ដើម្បីងាយស្រួលដល់ពលរដ្ឋធ្វើដំណើរពេលយប់មិនមានភាពភ័យខ្លាច។ ពលរដ្ឋរូបនេះ បានបញ្ជាក់ថា៖ «ក្នុងភូមិខ្ញុំ បើមានភើងបំភ្លឺផ្លូវល្អណាស់ ព្រោះពេលពួកខ្ញុំទៅណាមកណាពេលយប់ ងាយស្រួល ហើយអត់ខ្លាចព្រោះវាភ្លឺរហូត! ភូមិខ្ញុំតែម៉ោង ៩អីស្ងាត់អស់ហើយ»។ 
 
អ្នកស្រី អ៊ា ចន្ថា ពលរដ្ឋរស់នៅភូមិទៀមចាស់ ឃុំកំឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននិយាយស្រដៀងគ្នាដែរថា ដោយសំណូមពរឱ្យអាជ្ញាធរភូមិ-ឃុំ ដាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវ ដើម្បីឱ្យពលរដ្ឋមានសុវត្ថិភាពជាងមុន នៅពេលធ្វើដំណើរពេលយប់។


 អ្នកស្រី អ៊ា ចន្ថា ពលរដ្ឋរស់នៅភូមិទៀមចាស់ ឃុំកំឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ 
លោក ជឹម ជឿង ជាជំទប់ទី១ នៅក្នុងឃុំកំពង់ស្វាយ បានប្រសាសន៍ថា នៅក្នុងឃុំមានភូមិចំនួន ១២ក្នុងនោះមានតែ ១ភូមិប៉ុណ្ណោះ ដែលមានបំពាក់ភ្លើងបំភ្លឺ ខណៈនៅសល់ ១១ភូមិទៀត ពុំទាន់មានលទ្ធភាព ដាក់អំពូលនោះទេ។
លោកបន្តថា ក្នុងមួយភូមិដាក់អំពូល ៥ទៅ៦ គឺល្អ ដែលវាជាចំណុចចាប់ផ្ដើមរួមគ្នា អភិវឌ្ឍភូមិឃុំ បើឱ្យតែអាជ្ញាធរឃុំ ធ្វើតែម្នាក់ឯង ក៏មិនអាចទៅមុខដោយរលូនដែរ គឺត្រូវមានការចូលរួមពីពលរដ្ឋ។ ជំទប់ទី១រូបនេះ បានបញ្ជាក់ថា ៖«ខ្ញុំនឹងព្យាយាមដោះស្រាយ ផ្សព្វផ្សាយទៅដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងឃុំ ដើម្បីឱ្យពួកគេកៀរគរ ស្វែងរកសប្បុរជន នៅតាមភូមិគោលដៅ យ៉ាងហោចណាស់ ក៏ត្រូវដាក់ភ្លើងបំភ្លឺផ្លូវឱ្យបាន ៥ ឬ៦ នៅតាមភូមិនីមួយៗ»។


លោក ជឹម ជឿង ជំទប់ទី១ នៃរដ្ឋបាលឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ 

លោក ជឹម ជឿង បានបន្ថែមថា អំពូលភ្លើង ១ដើម តម្លៃ ២៦ម៉ឺនរៀល ដែលពុំទាន់បានគិតផ្នែកកម្លាំងពលកម្មជីកដាក់បង្គោល ចាក់ស៊ីម៉ងត៍ផ្សេងៗទៀតនោះទេ។ លោកបន្តថា ឃុំមិនមានកញ្ចប់ថវិកាជួយដាក់ភ្លើងទាំងស្រុងនោះទេ តែអាចមានលទ្ធភាពជួយបានចន្លោះពី ៥ទៅ ៦ដើម តាមធនធានរបស់ឃុំ សម្រាប់ភូមិដែលចាំបាច់។
 
បើតាមការសិក្សារបស់លោក ជឿង នៅក្នុងឃុំកំពង់ស្វាយ ពលរដ្ឋដែលមានលទ្ធភាពអាចដាក់អំពូលភ្លើង​ បំភ្លឺផ្លូវតាមភូមិរបស់ខ្លួនបានមានប្រមាណ ៨០ភាគរយ ។  លោកបន្តថា ពេលមានភ្លើងបំភ្លឺផ្លូវ គឺជួយការពារសុត្ថិភាពពលរដ្ឋ ក្នុងការធ្វើដំណើរពេលយប់ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងសកម្មភាពអសកម្មក្មេងទំនើងបានច្រើនផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ភ្លើងបំភ្លឺផ្លូវ
  សុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com