កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ ក្រុមប្រទេសតំបន់ Nordic ផ្ញើសារទៅ IOC បង្ហាញជំហប្រឆាំងវត្តមានអត្តពលិករុស្ស៊ី-បេឡារុស
08, Feb 2023 , 10:32 am        
រូបភាព
គណៈកម្មាធិការកីឡាអូឡាំពិកក្រុមប្រទេសតំបន់ ​Nordic បានផ្ញើសារទៅកាន់គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) ថ្ងៃទី៧ ខែកុម្ភៈ បង្ហាញជំហរប្រឆាំងការវិលមកប្រកួតអន្តរជាតិនានាវិញពីសំណាក់អត្តពលិក រុស្ស៊ី និង បេឡារុស។



កាលពីខែមុន IOC បាននិយាយថា អត្តពលិកដែលមកពីប្រទេសរុស្ស៊ី និងបេឡារុស នឹងអាចត្រូវបានអនុញ្ញាតឱ្យវិលមកកាន់ការប្រកួតអូឡាំពិកវិញ។ អត្តពលិករុស្ស៊ី និងបេឡារុស អាចប្រកួតជម្រុះស្វែករកកៅអី តាមរយៈការប្រកួតប្រជែងក្នុងតំបន់អាស៊ី ដើម្បីទៅកាន់ការប្រកួតអូឡាំពិកប៉ារីសឆ្នាំ ២០២៤។ IOC ទទួលការគាំទ្រពីសំណាក់សមាជិកដ៏មានឥទ្ធិពលជាច្រើន ក្នុងនោះរួមមាន អាម៉េរិក ប៉ុន្តែអន្តពលិកទាំង ២ប្រទេសនោះ ត្រូវប្រកួតក្រោមរូបភាពទង់របស់អូឡាំពិក ឬទង់អត្តពលិកអន្តរជាតិ។
 
សេចក្តីថ្លែងការណ៍រួមមួយពីក្រុមគណៈកម្មាធិការកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកប្រទេសតំបន់ ​Nordic ​នាថ្ងៃទី៧ ខែកុម្ភៈ ព្រមទាំងសហព័ន្ធកីឡាជាច្រើន បាននិយាយថា ពួកគេរួមគ្នាដ៏រឹងមាំក្នុងការប្រឆាំងនឹងអត្តពលិករុស្ស៊ី និងបេឡារុស​ ​និងមន្ត្រី ដែលអាចទទួលបានការអនុញ្ញាតឱ្យចូលរួមការប្រកួតកីឡាអន្តរជាតិវិញ។ តំបន់ Nordic គឺជាតំបន់ប្រទេសភាគខាងជើងតំបន់អឺរ៉ុប ដោយតំបន់នេះមានប្រទេសជាសមាជិកដូចជា ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវេស និងស៊ុយអែត។ 
 
«ពេលនេះមិនមែនជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ពួកគេវិលត្រលប់មកវិញឡើយ នេះជាជំហររបស់យើង។ យើងជាគណៈកម្មាធិការកីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងសហព័ន្ធកីឡានានា បញ្ជាក់ឡើងវិញនូវការគាំទ្រដ៏ខ្ជាប់ខ្ជួនជាមួយប្រជាជនអ៊ុយក្រែន​ និងការទាមទារសន្តិភាព។»។ នេះបើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមរបស់អូឡាំពិកក្រុមប្រទេស Nordic។
 
ទោះជាយ៉ាងណា​ គណៈកម្មាធិការកីឡាអូឡាំពិករុស្ស៊ី (​ROC)ក៏បានបដិសេធបំណងរបស់ IOC ដែលបានហាមឃាត់អត្តពលិកខ្លួនប្រើប្រាស់ទង់ជាតិនៃប្រទេសរុស្ស៊ី ស្របពេលដែលស្ថាប័នកីឡាអូឡាំពិកដ៏ធំ កំពុងតែមានជម្លោះជាមួយនឹងអ៊ុយក្រែន។ អ៊ុយក្រែនធ្លាប់ព្រមានថានឹងដកខ្លួនចេញពីការប្រកួត Paris 2024 មុនពេល IOC អះអាងថាបន្តរក្សាជំហរដាក់ទណ្ឌកម្មលើរុស្ស៊ី និងបេឡារុសដដែល។
 
កាលពីសប្តាហ៍មុនប្រទេសឡេតូនី លីទុយអានី អេស្តូនី និងប៉ូឡូញ បានអំពាវនាវឱ្យស្ថាប័នកីឡាអន្តរជាតិនានា បន្តហាមឃាត់អត្តពលិករបស់រុស្ស៊ី និងបេឡារុសពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ដូចជាកម្មវិធីប្រកួតដទៃផ្សេងទៀត ខណៈសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ី កំពុងតែបន្តយ៉ាងក្តៅកគុករហូតបច្ចុប្បន្ន៕
 

Tag:
 Nordic
  Olympic
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com