កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន ស៊ីលី ប៉ារ៉ាហ្កាយ និងអ៊ុយរូហ្កាយ រួមគ្នាដេញថ្លៃ World Cup 2030
08, Feb 2023 , 2:21 pm        
រូបភាព
ប្រទេសអាហ្សង់ទីន ស៊ីលី ប៉ារ៉ាហ្កាយ និងអ៊ុយរូហ្កាយ បានប្រកាសផ្លូវការរួមគ្នា ដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ ២០៣០។ ឆ្នាំ ២០៣០ និងក្លាយជាខួបរយៈពេល ១០០ឆ្នាំ នៃការបង្កើតពានរង្វាន់បាល់ទាត់ដ៏ល្បីនេះ។



ប្រទេសស្ថិតនៅទ្វីបអាម៉េរិកខាងត្បូងទាំង ៤នេះ បានបង្ហាញក្តីរំពឹងរបស់ពួកគេ និងបានអំពាវនាវឱ្យព្រឹត្តិការណ៍ World Cup វិលត្រលប់ទៅកាន់ទីតាំងដែលបានចាប់ផ្តើមប្រកួតលើកដំបូងបំផុតគឺនៅក្នុងទីក្រុង Montevideo។ ប្រទេសទាំង ៤ បានត្រៀមដាក់ឈ្មោះការប្រកួតនេះថា«កន្លែងដែលបាល់ទាត់បានកើត»។ 
 
ប្រទេសទាំង​ ៤ នឹងក្លាយជាក្រុមប្រទេសប្រជែងជាមួយនឹង ក្រុមប្រទេសដែលសហការដោយ អេស្ប៉ាញ និងព័រទុយហ្គាល់ ព្រមទាំងប្រទេសទោល ដូចជា ម៉ារ៉ុក និង អារ៉ាប៊ីសាអូឌីត។
 
«ព្រឹត្តិការណ៍ World Cup 2030 វាមិនដូចទៅនឹង World Cup ដទៃឡើយ វាគួរតែទទួលបានការអបអរសាទរ ជាមួយការគម្រប់ខួបរយៈពេល ១០០ឆ្នាំ នៃការបង្កើតពានរង្វាន់ World Cup នេះឡើង និងជាការវិលត្រលប់ទៅកាន់ទឹកដីអ៊ុយរូហ្កាយហ្កាយម្តងទៀតក្នុងរយៈពេល ១០០ឆ្នាំផងដែរ។ យើងជឿជាក់ថា FIFA មានកាតព្វកិច្ចគោរពដល់ការចងចាំ ដល់អ្នកដែលបានមកមុនយើង ហើយជឿជាក់លើភាពអស្ចារ្យ និងការបង្កើតការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនេះលើកដំបូង។»។ លោក Alejandro Dominguez ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) បាននិយាយបែបនេះ។
 
ចំពោះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនេះ អ៊ុយរូហ្គាយ ជាប្រទេសជើងឯក World Cup ១សម័យ ដោយការឈ្នះលើកដំបូងនៅពេលពួកគេធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងឆ្នាំ ១៩៣០ ក្នុងទីក្រុង Montevideo។
 
អាហ្សង់ទីន ធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup ក្នុងឆ្នាំ ១៩៧៨ ។ ប្រទេសដ៏ខ្លាំងក្នុងវិស័យបាល់ទាត់មួយនេះ ឈ្នះជើងឯកចំនួន ៣លើក ក្នុងឆ្នាំ ១៩៧៨, ១៩៨៦ និង ២០២២។ ចំណែកប្រទេសស៊ីលីធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup ក្នុងឆ្នាំ ១៩៦២ ហើយប៉ារ៉ាហ្កាយមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះពីមុនឡើយ។
 
បើតាមសម្តីអះអាងពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន Claudio Tapia អាហ្សង់ទីនក្នុងនាមជាម្ចាស់ ជើងឯក នឹងជួយខ្លាំងលើការងារទាំងនេះ សម្រាប់ក្តីស្រមៃរបស់ប្រជាជនទ្វីបអាម៉េរិកខាងត្បូងទាំងអស់។ លោក Tapia និយាយដូច្នេះថា៖«ក្នុងនាមជាជើងឯក យើងនឹងអនុវត្តបើកដំណើរការមួយនេះ ហើយដែលវាជាក្តីស្រមៃរបស់ប្រជាជនទ្វីបអាម៉េរិកខាងត្បូងទាំងអស់ មិនត្រឹមតែដើម្បីគម្រប់ខួប រយៈពេល ១០០ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែដើម្បីចំណង់ចំណូលចិត្តដែលយើងរស់នៅព្រោះកីឡាបាល់ទាត់។»។
 
គួររំលឹកដែរថា មុនពេលការប្រកួតពានរង្វាន់ World Cup 2030 ដែលមិនទាន់រកឃើញម្ចាស់ផ្ទះក្នុងការរៀបចំនេះ ប្រទេស្ថិតនៅទ្វីបអាម៉េរិកខាងជើង មានដូចជា សហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិក បានធ្វើជាសហម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ពានរង្វាន់ World Cup 2026។ 
 
World Cup 2026 ជាការប្រកួតលើកដំបូងដែលប្រើកំណែរទម្រង់ក្រុមប្រកួតឡើងដល់ចំនួន ៤៨ក្រុមប្រកួត៕
 
 
 
 

Tag:
 World Cup
  World Cup 2030
© រក្សាសិទ្ធិដោយ thmeythmey.com