ជាតិ
សង្គមជាតិ
ប្រទេស៣៩នៅអាស៊ី និងប៉ាស៊ីហ្វិក ពិភាក្សាលើគោលការណ៍ 3R ដើម្បីដោះស្រាយសំណល់ប្លាស្ទិក
08, Feb 2023 , 3:09 pm        
រូបភាព
ពិធីបើកវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា នាព្រឹកថ្ងៃទី៨ កុម្ភៈ នាសណ្ឋាគារសុខា សៀមរាប។ រូបភាព៖ ក្រសួងបរិស្ថាន
ពិធីបើកវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា នាព្រឹកថ្ងៃទី៨ កុម្ភៈ នាសណ្ឋាគារសុខា សៀមរាប។ រូបភាព៖ ក្រសួងបរិស្ថាន
សៀមរាប៖ ប្រទេសចំនួន៣៩ កំពុងចូលរួមក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី3R គឺ​កាត់បន្ថយ ​ប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ និង​សេដ្ឋកិច្ចចក្រា ដោយផ្តោតជាសំខាន់លើការគ្រប់គ្រងសំណល់ទូទៅ ពិសេសសំណល់ប្លាស្ទិក។ 



លោក នេត្រ ភក្រ្ដា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីពិធីបើកវេទិកាអន្ដរជាតិ នាព្រឹកថ្ងៃទី៨ កុម្ភៈថា វេទិកានេះ បានផ្តោតជាសំខាន់លើគោលការណ៍ 3R គឺពាក់ព័ន្ធនឹងការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់។ ប្រទេសចូលរួមទាំងអស់ បានដាក់ចុះគោលការណ៍3R ក្នុងដំណើរការអភិវឌ្ឍវិស័យសំខាន់ៗ ដែលទី១ កាត់បន្ថយលើធនធានធម្មជាតិ ដែលជាផ្នែកមួយនៃទុនក្នុងការយកមកប្រើប្រាស់ ឬផលិត ទី២ ដើម្បីឲ្យសង្គមគ្មានសំណល់។ សំណល់ទាំងនោះ គឺផ្តោតលើការប្រើប្រាស់របស់មនុស្ស និងផលិតភាព និងការប្រើប្រាស់ផ្សេងៗ។ នេះជាការបញ្ជាក់ពីលោក នេត្រ ភក្រ្ដា។


 អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្ដា ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានក្រោយពិធីបើកវេទិកា។
 
តាមលោក នេត្រ ភក្រ្ដា ដដែល កិច្ចប្រជុំនេះមិនសំដៅតែលើសំណល់ប្លាស្ទិកមួយទេ គឺទៅសំណល់ទូទៅ ពាក់ព័ន្ធនឹងវិស័យសំខាន់ៗដែលជាតម្រូវការក្នុងសង្គម។ «ការផ្សារភ្ជាប់គោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា គឺសំដៅធ្វើយ៉ាងណាទាញសំណល់ដែលប្រើប្រាស់យកមកកែច្នៃឡើងវិញ បង្កើតជាផលិតផលមានតម្លៃប្រើប្រាស់ និងមានលក្ខណៈវិលជុំ»។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងបរិស្ថាន។
 
មន្រ្តីក្រសួងបរិស្ថានដដែលបានលើកឡើងទៀតថា តំណាងប្រទេសចូលរួមបានលើកឡើងពីការអនុវត្តគោលការណ៍3R  និងសេដ្ឋកិច្ចចក្រា ដោយត្រូវកាត់បន្ថយសំពាធលើធនធានធម្មជាតិ ដែលវាជាផ្នែកមួយនៃការធានានូវការអភិវឌ្ឍដោយចីរភាព។ លោក ភក្រ្ដា បន្តថាការអនុវត្តន៍នូវការណ៍នេះ មិនមែនត្រឹមតែធ្វើឲ្យមានការការពារបរិស្ថានទេ តែវាបានចូលរួមក្នុងការសម្រេចបាននូវគោលការណ៍អភិវឌ្ឍន៍ដោយចីរភាពដែលបានកំណត់ ដូចជាការបន្សុំាការប្រែប្រួលអាកាសធាតុ គុណភាពទឹក បរិស្ថាន និងផាសុកភាព ពិសេសសុខុមាលភាពពលរដ្ឋ។ 
 
ជាមួយនេះ ប្រទេសដែលចូលរួមទាំងអស ក៏បានបង្ហាញពីខិតខំប្រឹងប្រែងរួមទៅលើវិស័យផ្សេងៗក្នុងនោះទាក់ទងវិស័យលើគ្រប់គ្រងសំណល់រឹង សំរាម នៅក្នុងតំបន់ ពិសេសប្លាស្ទិក ដែលជាកង្វល់សម្រាប់ពិភពលោក។  តាមការបញ្ជាក់ពីលោក នេត្រ ភក្រ្ដា ជាង៩០ភាគរយនៃសំណល់ប្លាស្ទិកដែលបានប្រើប្រាស់ នឹងត្រូវការបោះចោលនៅរយៈពេល៦ខែក្រោយ។ បញ្ហានេះមិនមែនប៉ះពាល់ត្រឹមផែនដីទេ តែបានហូរទៅក្នុងសមុទ្រ ដែលនឹងបំពុលបរិស្ថាន និងជីវៈចម្រុះធ្ងន់ធ្ងរ។ 
 
សូមបញ្ជាក់ថា វេទិកាលើកទី១១ មានតំណាង៣៩ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមានមន្រ្តីជំនាញតាមស្ថាប័នផ្សេងៗដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់ពីប្រទេសមួយទៅមួយ លើកឡើងពីការអនុវត្តន៍ល្អ នៃការគ្រប់គ្រងទៅលើគោលការណ៍3R និងសេដ្ឋកិច្ចចក្រា។ វេទិការយៈពេល៣ថ្ងៃ ដែលចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ កុម្ភៈនៅសណ្ឋាគារសុខាសៀមរាបនេះ ក៏ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាជំនួយបច្ចេកទេសផ្សេងៗ ដើម្បីជំរុញទៅលើការងារអភិវឌ្ឍទៅលើវិស័យផ្សេងៗដោយគោរពលើគោលការណ៍3R និងសេដ្ឋកិច្ចចក្រា៕
 

Tag:
 3R
  ប្លាស្ទិក
 ការគ្រប់គ្រងសំណល់
© រក្សាសិទ្ធិដោយ thmeythmey.com