កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជា ប្រឹងពង្រីកសហព័ន្ធគុនខ្មែរអន្តរជាតិលើសពី«៧៥ប្រទេស»​ ដើម្បីអូឡាំពិកទទួលស្គាល់
08, Feb 2023 , 4:19 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។
ដោយ:
សកម្មជនគុនខ្មែរដាក់គោលដៅពង្រីកសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិឱ្យបានតិចបំផុត «៧៥ប្រទេស» ដើម្បីទទួលបានការទទួលស្គាល់ពីចលនាអូឡាំពិកពិភពលោក។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) ស្របពេលសព្វថ្ងៃគុនខ្មែរមានសមាជិក៥០ហើយ។

 
ក្នុងវេទិការពិភាក្សាលើកទី៣ នៅតំបន់អង្គរ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាខេត្តសៀមរាប លោក វ៉ាត់ ចំរើន បានលើកឡើងថាកីឡាដែលជាអត្តសញ្ញាណជាតិដូចជាគុនខ្មែរ គ្មានអ្នកណាអាចមកលុបបំបាត់បានឡើយ ដ្បិតបានចាក់ឬសមកយូរលង់ណាស់មកហើយ។
  

ការប្រកួតរវាងកីឡាករ ធឿន ធារ៉ា(ខោក្រហម) និងកីឡាករ ម៉ារី បេនឆាមេក(ខោខៀវ) នាពេលកន្លងទៅ។ រូបពី ផល​ រតនៈ
 
ស្របពេលត្រូវពង្រឹងក្បាច់គុនដូនតាមួយនេះ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិបានដាក់គោលដៅធ្វើយ៉ាងណា ឱ្យមានប្រទេសដទៃចូលជាសមាជិកច្រើន ពោលគឺយ៉ាងតិច៧៥ប្រទេស។
 
លោក វ៉ាត់ ចំរើន បន្ថែមថា៖«កម្ពុជា បង្កើតសហព័ន្ធគុនខ្មែរអន្តរជាតិតាំងពីឆ្នាំ២០១៥។ ពីមុនយើងមានសមាជិកតែ ២៩ប្រទេសប៉ុណ្ណោះ តែឥឡូវនេះឡើងដល់៥០ប្រទេសហើយ ក្រោយពួកគេសុំចូលជាសមាជិក ហើយគោលដៅរបស់យើងគឺ «៧៥ប្រទេស»ឡើង»។ 
 
អគ្គលេខាធិការ CAMSOC រូបនេះ សង្កត់ធ្ងន់ថា គោលដៅពង្រីកសមាជីកឱ្យបានច្រើន ដើម្បីឱ្យកម្ពុជាក្លាយជាសមាជិកមួយដែលអន្តរជាតិទទួលស្គាល់នៅលើចលនាអូឡាំពិកពិភពលោក។ ដើម្បីឱ្យចលនាអូឡាំពិកទទួលស្គាល់ កីឡាមួយនេះត្រូវមានសមាជិកចាប់ពី៧៥ប្រទេសឡើងទៅ។
 
សូមរំលឹកថា កម្ពុជា បានសម្រេចដាក់កីឡាគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះ ក្រោយបញ្ចប់កិច្ចប្រជុំកីឡាប្រដាល់គុនខ្មែរអន្តរជាតិ នៅថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៣។ គុនខ្មែរ មាន១៩វិញ្ញាសា ក្នុងបុរស១២វិញ្ញាសា និងផ្នែកនារទី៧វិញ្ញាសា៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com