សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អតិផរណានៅហ្វីលីពីន និងឡាវបន្តហក់ឡើងខ្លាំងជាងគេក្នុងអាស៊ាន​
09, Feb 2023 , 8:29 am        
រូបភាព
ផ្សារលក់បន្លែនៅក្នុងប្រទេសឡាវ ។ រូបភាពពី Xinhua News ។
ផ្សារលក់បន្លែនៅក្នុងប្រទេសឡាវ ។ រូបភាពពី Xinhua News ។
កាលពីពេលថ្មីៗនេះ អាជ្ញាធរស្ថិតិហ្វីលីពីនបានចេញផ្សាយទិន្នន័យមួយដោយបង្ហាញថា អតិផរណានៅក្នុងប្រទេសនេះបានកើនឡើងដល់ ៨,៧ភាគរយក្នុងខែមករា ឆ្នាំ២០២៣ បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈប្រទេសឡាវ អតិផរណាបន្តហក់ឡើងដល់ ៤០,៣ភាគរយ។

 
ប្រមុខអាជ្ញាធរស្ថិតិហ្វីលីពីនលោក Dennis Mapa បានលើកឡើងថា មូលហេតុចម្បងនៃអតិផរណាខ្ពស់គឺដោយសារការកើនឡើងនៃសន្ទស្សន៍លំនៅដ្ឋាន អគ្គិសនី ទឹក ឧស្ម័ន និងឥន្ធនៈផ្សេងទៀតក្នុងអត្រា៨,៥ភាគរយ។ តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានកើនឡើង ១០,៧ភាគរយក៏បានរួមចំណែកដល់ការកើនឡើងនៃអតិផរណា ខណៈពេលដែលការកើនឡើងនៃសេវាកម្មភោជនីយដ្ឋាន និងសណ្ឋាគារមានការកើនឡើងចំនួន ៧,៦ភាគរយ។
 
រដ្ឋាភិបាលហ្វីលីពីនបានព្យាករណ៍ថា សម្ពាធអតិផរណានឹងធូរស្រាលមកវិញនៅចន្លោះឆ្នាំ២០២៣ និង ២០២៤ ដោយសារការស្ទុះងើបឡើងវិញជាសកលមានកម្រិតទាបជាងការរំពឹងទុក។
 
ចំណែកនៅឡាវវិញ អតិផរណាបានបន្តហក់ឡើងដល់ ៤០,៣ភាគរយនៅខែមករា ឆ្នាំ ២០២៣នេះ ដោយកើនឡើង ១,០៣ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២២។ នេះ​ជា​អត្រា​អតិផរណា​ខ្ពស់​បំផុត​ ក្នុង​រយៈពេល​២៣​ឆ្នាំ​ចុងក្រោយ​ នៅ​ក្នុង​ប្រទេស​ឡាវ។ នេះបើតាមការិយាល័យស្ថិតិរបស់ឡាវ។ 
 
មូលហេតុសំខាន់ៗ ដែលនាំឱ្យឡាវមានកម្រិតអតិផរណាខ្ពស់បែបនេះ ដោយសារតែប្រាក់គីបបានធ្លាក់ចុះខ្លាំងធៀបនឹងប្រាក់ដុល្លារ និងប្រាក់បាត ស្របពេលថ្លៃដើមផលិតកើនឡើង គឺជាកត្តាចម្បងមួយ ជំរុញការនាំចូលពីប្រទេសជិតខាង ក៏ព្រោះតែតម្លៃប្រេងឥន្ធនៈខ្ពស់ បណ្តាលឱ្យគ្រឿងម៉ាស៊ីន ចំណីសត្វ និងជី... ទាំងអស់ ត្រូវនាំចូលក្នុងតម្លៃកាន់តែខ្ពស់ថែមទៀត។ 
 
កន្លងមករដ្ឋាភិបាលឡាវ បានចេញគោលនយោបាយជាច្រើនដើម្បីគ្រប់គ្រងការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុក រួមទាំងការដំឡើងអត្រាការប្រាក់ និងការប្រើប្រាស់ទុនបម្រុងរូបិយប័ណ្ណបរទេស ដើម្បីនាំចូលទំនិញសំខាន់ៗ ជាមួយគ្នានេះក៏មានការត្រួតពិនិត្យអត្រាប្តូរប្រាក់យ៉ាងម៉ត់ចត់ផងដែរ។ ដើម្បីដោះស្រាយស្ថានភាពនេះ រដ្ឋាភិបាលឡាវក៏បានសន្យាធានាឱ្យបាននូវអត្រាកំណើនសេដ្ឋកិច្ចឱ្យបានយ៉ាងហោចណាស់ ៤,៥ភាគរយ និងកាត់បន្ថយអត្រាអតិផរណា មកត្រឹម ៩ភាគរយ នៅឆ្នាំ២០២៣។
 
ទន្ទឹមនឹងនោះ នៅថៃក្នុងខែមករា អត្រាអតិផរណាបានថយចុះបើធៀបនឹងខែមុន ប៉ុន្តែនៅតែកើនឡើងជាង ៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈនៅសិង្ហបុរី អតិផរណាត្រូវបានគេព្យាករណ៍ថា នឹងនៅតែខ្ពស់នៅឆ្នាំនេះក្នុងកម្រិត ៤,៥ទៅ ៥,៥ភាគរយ ទោះបីជាមានសញ្ញានៃការបន្ធូរបន្ថយ ពីសម្ពាធតម្លៃពិភពលោកក៏ដោយ។
 
អ្នកបានជំនាញព្យាករណ៍ថា សម្ពាធអតិផរណានឹងទំនងជាធ្លាក់ចុះនៅឆ្នាំក្រោយ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងឥទ្ធិពលនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលបើកចំហយ៉ាងពេញលេញ។ កន្លងមក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចនៃប្រទេសអាស៊ានចំនួន ៥ រួមមាន សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីន ពី ៤,៥ភាគរយ កាលពីខែតុលា ឆ្នាំ ២០២២ មកត្រឹម ៤,៣ភាគរយវិញនៅឆ្នាំ ២០២៣៕
 
 

Tag:
 អតិផរណា
  ឡាវ
  ហ្វីលីពីន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com