ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖គ្រឿងញៀននៅតែជាបញ្ហា​ដែល​ពលរដ្ឋ និងអាជ្ញាធរឃុំកំពង់ស្វាយចង់​លុបបំបាត់
08, Feb 2023 , 6:59 pm        
រូបភាព
ដោយ៖ ឡាន យាកលិញ (យុវជនឃុំកំពង់ស្វាយ)

ស្រុកកំពង់ស្វាយ, កំពង់ធំ៖  លោក ប៉ាង ម៉េង មេប៉ុស្ដិ៍ឃុំកំពង់ស្វាយ បានលើកឡើងថា បច្ចុប្បន្នករណីគ្រឿងញៀន នៅតែជាបញ្ហាដែលគួរឱ្យបារម្ភសម្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកំពង់ស្វាយ ដ្បិតថាកន្លងមកកម្លាំងប៉ុស្ដិ៍ និងមន្ត្រីជំនាញបានចុះបង្កា្របបទល្មើសជាបន្តបន្ទាប់ និងឃាត់ខ្លួន​​មេខ្លោងយកទៅផ្តន្ទាទោសក៏ដោយ។

 
​អ្នកស្រី អ៊ូ សុខខេម ជាពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ បានលើកឡើងពីការបារម្ភរបស់ខ្លួនថា បើមានការហូរចូលនៃគ្រឿងញៀននេះច្រើន អាចកូនៗរបស់ខ្លួន លង់នឹងការអូសទាញពីអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន និងធ្វើឱ្យប៉ះពាល់ដល់ការសិក្សាពួកគេថែមទៀត។ អ្នកស្រី អ៊ូ សុខខេម ដែលមានកូនប្រុសៗ២នាក់ បន្តដូច្នេះ៖«​
អ្នកស្រី បញ្ជាក់ថា ៖«ខ្ញុំព្រួយបារម្ភខ្លាំង ការជួញដូរ ខ្លាចកូនភ្លើតភ្លើនទៅតាមគេ។ ណាមួយកូនខ្ញុំសុទ្ធតែប្រុសៗទៀត»។ ​


អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 

ពលរដ្ឋរូបនេះ បានស្នើឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដល់ការទប់ស្កាត់ និងលុបបំបាត់បញ្ហាគ្រឿងញៀន នៅក្នុងឃុំ។ ទន្ទឹមនឹងនេះ អ្នកស្រី អ៊ូ សុខខេម ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរឃុំ ពិសេសកម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ ដែល​បាន​ចុះល្បាតជាញឹកញាប់ នៅតាមភូមិ និងបានបង្ក្រាបករណីអសកម្មជាច្រើននៅក្នុងឃុំកន្លងមក។
 
​ឆ្លើយតបនឹងកង្វល់របស់ពលរដ្ឋជុំវិញបញ្ហាគ្រឿងញៀន លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅក្នុងឆ្នាំ២០២២កន្លងទៅមានការថយចុះច្រើន ព្រោះតែការបង្ក្រាប និងទប់ស្កាត់ជាបន្តបន្ទាប់របស់អាជ្ញាធរ។  បើតាមមេប៉ុស្តិ៍រូបនេះ ​រយៈពេលប្រមាណ ១ឆ្នាំចុងក្រោយនេះ កម្លាំងប៉ុស្តិ៍និងមន្ត្រីជំនាញ បានបង្រ្កាបករណីជួញដូរគ្រឿងញៀនបានចំនួន ៧ករណី ចាប់បានមេខ្លោងបញ្ជូនទៅពន្ធនាគារចំនួន ៥នាក់ និងបង្ក្រាបក្មេងទំនើងបានប្រមាណ ១២ករណី។
 
លោកបន្តថា គ្រឿងញៀន ដែលដកហូតពីជនសង្ស័យ ​មានជាប្រភេទ ម៉ាទឹកកក និងហេរ៉ូអ៊ីន។ «តាំងពីខ្ញុំមកនៅទីនេះ បានបង្ក្រាបមេធំៗអស់ ចាប់យកទៅដាក់ពន្ធនាគារ និងមណ្ឌលកែប្រែ ទើបបានស្ងាត់មួយរយៈ! តែឥឡូវមកទៀតហើយ ខ្ញុំកំពុងស្វែងរកមុខសញ្ញាបន្ថែម»។ លោក ម៉េង លើកឡើងបែបនេះ ហើយបន្តថា បើទោះបីទើបចូលមកកាន់ថ្មី តែត្រូវតែខិតខំដើរល្បាតជារៀងរាល់ថ្ងៃ រកមើលក្មេងទំនើងដែលនៅជុំៗគ្នា ហើយពន្យល់ពួកគេ កុំឱ្យដើរលេងយប់ជ្រៅពេក។


លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ 

សម្រាប់លោក ប៉ាង ម៉េង បញ្ហា​គ្រឿងញៀននេះ ក៏ជាកង្វល់របស់លោកដែលជាមេប៉ុស្តិ៍ដែរ ព្រោះលោកមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅក្នុងឃុំ។ មេប៉ុស្តិ៍រូបនេះ បញ្ជាក់ថា កាលណានៅក្នុងភូមិឃុំ មានករណីប្រើប្រាស់ ឬជួញដូរគ្រឿងនេះ វានឹងបង្កជាផលប៉ះពាល់ចាច្រើនដល់គ្រួសារ និងសង្គមជាតិ ​ ព្រោះអ្នកដែលប្រើប្រាស់ហើយមិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបាន ដែលពេលខ្លះឈានដល់ប្រើហិង្សាលើសមាជិកគ្រសារ និងប្រព្រឹត្តបទល្មើសផ្សេងៗទៀតផង។
 
ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងឃុំជូនពលរដ្ឋ លោក ប៉ាង ម៉េង បានប្តេជ្ញាច់ចិត្ត ពង្រឹងស្មារតីកម្លាំងសមត្ថកិច្ច ឱ្យខិតខំបំរើពលរដ្ឋបន្ថែមទៀត និងធ្វើយ៉ាងលុបបំបាត់គ្រឿងញៀនឱ្យអស់នៅក្នុងឃុំ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 គ្រឿងញៀន
  ប៉ាង ម៉េង
  ភូមិឃុំមានសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com