អន្តរជាតិ
លោក Biden នឹង​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សហរដ្ឋ​អាមេរិក​ ដើម្បី​​ឱ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​ឡើងវិញ
08, Feb 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សហរដ្ឋ​អាមេរិក​របស់​លោក​ជាលើក​ដំបូង នៅ​វិមាន​សភា​កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សហរដ្ឋ​អាមេរិក​របស់​លោក​ជាលើក​ដំបូង នៅ​វិមាន​សភា​កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
ដោយ: VOA
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​នៅ​ក្នុង​ការ​ផ្ដល់​ការ​វាយ​តម្លៃ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ទុកចិត្ត​ឡើង​វិញ​អំពី​ស្ថានភាព​ប្រទេស​ជាតិ ជាជាង​ការ​ដែល​គ្រាន់តែ​បង្ហាញ​អំពី​សំណើ​គោល​នយោបាយ​ដ៏​ទាក់ទាញ នៅ​ពេល​ដែល​លោក​នឹង​ថ្លែង​សុន្ទរកថា​លើក​ទី​ពីរ​អំពី​ស្ថានភាព​ប្រទេស​ជាតិ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

 
ការ​ថ្លែង​របស់​លោក​នៅ​ពី​មុខ​សភា​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ​នេះ​នឹង​ធ្វើ​ឡើង នៅ​ចំ​ពេល​ដែល​ប្រទេស​ជាតិ​ប្រឹងប្រែង​ដើម្បី​ស្វែងយល់​អំពី​ចរន្ត​បញ្ច្រាស​ប្រទាក់​ក្រឡា​គ្នា​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​នៅ​បរទេស ដែល​នោះ​គឺ​ភាព​ស្រពិចស្រពិល​ផ្នែក​សេដ្ឋកិច្ច សង្គ្រាម​ដ៏​នឿយណាយនៅ​ប្រទេស​អ៊ុយក្រែន និង​ភាព​តានតឹង​កើនឡើង​ជាមួយ​នឹង​ប្រទេស​ចិន​ជាដើម និង​នៅ​ចំ​ពេល​ដែល​ប្រទេស​ជាតិ​វាយតម្លៃ​ដោយ​ប្រយ័ត្ន​ប្រយែង​ថា​តើ​លោក Biden សក្ដិសម​នឹង​ត្រូវ​បាន​គេ​បោះឆ្នោត​ឱ្យ​កាន់​តំណែង​នៅ​អាណត្តិ​ទី​ពីរ​ជា​បន្ត​ទៀត​នៅ​ឆ្នាំ ២០២៤ ខាង​មុខ ​ឬ​ក៏​អត់។
 
នេះ​គឺ​ជា​សុន្ទរកថា​លើក​ដំបូង​បង្អស់​របស់​លោក Biden ទៅ​កាន់​សភា តាំងពី​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​ដណ្ដើម​គ្រប់គ្រង​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​កន្លង​មក។
 
លោក Biden នឹង​ឈរ​នៅ​លើ​វេទិកា​រដ្ឋសភា​ថ្លែង​សុន្ទរកថា​អំពី​ប្រទេស​ជាតិ​នេះ នៅ​ចំ​ពេល​ដែល​ការ​ស្ទង់មតិ​ថ្មី​របស់​មជ្ឈមណ្ឌល NORC សម្រាប់​ការ​ស្រាវជ្រាវ​កិច្ចការ​សាធារណៈ​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​បាន​បង្ហាញ​ថា ​ពលរដ្ឋ​អាមេរិកាំង​ពេញ​វ័យ​ចំនួន​តែ ២៥% ប៉ុណ្ណោះ​ដែល​អះអាង​ថា​អ្វីៗ​នៅ​ក្នុង​ប្រទេស​កំពុង​ឈាន​ទៅ​មុខ​ក្នុង​ទិសដៅ​ត្រឹមត្រូវ។ នៅ​ក្នុង​ការ​ស្ទង់មតិ​នេះ ពលរដ្ឋ​ប្រហែល ៧៥% និយាយ​ថា អ្វីៗ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ខុស។ ជាង​នេះ​ទៀត សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន​នាក់​មិន​ចង់​ឱ្យ​លោក Biden កាន់​តំណែង​មួយ​អាណត្តិ​ទៀត។
 
ទីប្រឹក្សា​របស់​លោក Biden បាន​បញ្ជាក់​ថា លោក Biden មាន​បំណង​នឹង​តតាំង​ជាមួយ​នឹង​ការ​យល់​ឃើញ​ទាំង​នេះ​ដោយ​ផ្ទាល់​មុខ ហើយ​ស្រប​ពេល​នោះ​ដែរ​ព្យាយាម​បញ្ចៀស​នូវ​ការ​លើកឡើង​ណា​មួយ​ដែល​មើល​ទៅ​ហាក់ដូចជា​មិន​ខ្វាយខ្វល់​ចំពោះ​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​អាមេរិកាំង។
 
លោក Brian Deese ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​នៃ​សេតវិមាន បាន​និយាយ​ថា លោក Biden នឹង «ទទួលស្គាល់​និង​ជួប​ប្រជាពលរដ្ឋ​អាមេរិកាំង​នៅ​កន្លែង​ផ្ទាល់» ដោយសារ «ក្ដី​បារម្ភ​ផ្នែក​សេដ្ឋកិច្ច» របស់​ពួកគេ «គឺ​មាន​ពិត​មែន»។
 
លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា សារ​ដ៏​សំខាន់​គឺ​ថា យើង​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​បន្ថែម​ទៀត ប៉ុន្តែ​គេ​គួរតែ​មាន​សុទិដ្ឋិនិយម»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com