អន្តរជាតិ
លោកបៃឌិនព្រមានចិន ប្រសិនធ្វើសកម្មភាពគំរាមអធិបតេយ្យអាម៉េរិក
08, Feb 2023 , 5:19 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ថ្លែងនៅក្នុងសភាក្នុងថ្ងៃទី៧ ខែកុម្ភៈ។ រូបភាព Reuters
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ថ្លែងនៅក្នុងសភាក្នុងថ្ងៃទី៧ ខែកុម្ភៈ។ រូបភាព Reuters
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៧ ខែកុម្ភៈ បានព្រមានរដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងច្បាស់ៗថា ប្រសិនចិន ហ៊ានគំរាមកំហែងអធិបតេយ្យអាម៉េរិក លោកនឹងដាក់ចេញចំណាត់ការការពារប្រទេស។ ការព្រមាននេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយឧបទ្ទវហេតុបាឡុងចិនហោះចូលដែនអាកាសអាម៉េរិក។

 
ទំនាក់ទំនងចិន-អាម៉េរិក តែងតែមានភាពរកាំរកូសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហាជាច្រើន។ មិនតែប៉ុណ្ណោះ នៅប៉ុន្មានថ្ងៃមុន ចិន និងអាម៉េរិក បានប៉ះទង្គិចពាក្យសម្តីជាថ្មី ក្រោយក្រុងវ៉ាស៊ីនតោន បានបាញ់ទម្លាក់បាឡុងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលហោះចូលដែនអាកាសអាម៉េរិក។ 
 
ក្នុងសុន្ទរកថានៅក្នុងសភានៅថ្ងៃទី៧ ខែកុម្ភៈ ដោយមានអនុប្រធានាធិបតី និងប្រធានសភាតំណាងបង្ហាញវត្តមាននៅពីក្រោយ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានអះអាងថា អាម៉េរិកប្តេជ្ញាធ្វើការជាមួយចិនពាក់ព័ន្ធនឹងផលប្រយោជន៍របស់ខ្លួន និងផលប្រយោជន៍របស់ពិភពលោកប៉ុណ្ណោះ។ ប៉ុន្តែលោកបៃឌិន នឹងចាត់វិធានការ ប្រសិនបើមានការគំរាមកំហែងពីចិន។ 
 
«ដោយបានបញ្ជាក់ពីភាពច្បាស់លាស់នៅសប្តាហ៍មុន ប្រសិនបើចិនគំរាមកំហែងអធិបតេយ្យរបស់យើង យើងនឹងដាក់ចេញចំណាត់ការការពារប្រទេស»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខសមាជិកសភា និងសមាជិករដ្ឋាភិបាលអាម៉េរិកផ្សេងទៀត ដោយបន្តទទូចឱ្យមានការបង្រួបបង្រួមនៅក្នុងប្រទេស ជាពិសេសបក្សធំៗទាំងពីររបស់អាម៉េរិក ដើម្បីយកឈ្នះការប្រកួតជាមួយចិន។ 
 
ទន្ទឹមនេះ ប្រធានាធិបតីអាម៉េរិក បានលើកសរសើររដ្ឋបាលរបស់ខ្លួនថា ក្នុងរយៈពេលពីរឆ្នាំមកនេះ របបផ្តាច់ការកាន់តែទន់ខ្សោយទៅ ខណៈរបបប្រជាធិបតេយ្យកាន់តែរឹងមាំឡើង។ មិនតែប៉ុណ្ណោះ មេដឹកនាំអាម៉េរិករូបនេះ បានបញ្ជាក់ថា អាម៉េរិកបានបង្រួបបង្រួមពិភពលោកជាថ្មីម្តងទៀត ស្របពេលមានបញ្ហាដូចជាបម្រែបម្រួលអាកាសធាតុ អសន្តិសុខស្បៀង និងភេរវកម្មជាដើម។ 
 
ក្រៅពីបញ្ហាពាក់ព័ន្ធនឹងចិន លោកបៃឌិន ក៏បានលើកឡើងពីសង្រ្គាមនៅអ៊ុយក្រែនផង។ បើតាមមេដឹកនាំអាម៉េរិក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងគាំទ្រក្រុងកៀវប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ មិនថាមានរយៈពេលយូរយ៉ាងណាក៏ដោយ។ ត្រង់ចំណុចនេះ លោកបៃឌិន បានប្តេជ្ញាថា អាម៉េរិក នឹងធ្វើការដើម្បីសេរីភាព សេចក្តីថ្លៃថ្នូរ និងសន្តិភាព មិនត្រឹមតែនៅទ្វីបអឺរ៉ុបឡើយ ប៉ុន្តែនៅទូទាំងពិភពលោក៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com