ជាតិ
ក្រសួងពាណិជ្ជកម្ម បើកឱកាសឱ្យក្រុមហ៊ុន-សហគ្រាស ដាក់បង្ហាញផលិតផលខ្មែរលើទីផ្សារជប៉ុន
08, Feb 2023 , 7:59 pm        
រូបភាព
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ រូបភាព៖ ក្រសួងពាណិជ្ចកម្ម
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ រូបភាព៖ ក្រសួងពាណិជ្ចកម្ម
ដោយ:
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបើកឱកាសឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ និងសាធារណជនទាំងអស់នៅកម្ពុជា ដាក់បង្ហាញពីសក្ដានុពលផលិតផលរបស់ខ្លួន ក្នុងកម្មវិធី «ពិព័រណ៍កម្ពុជា» ដើម្បីស្វែងដៃគូពាណិជ្ជកម្មអន្តរជាតិ ឬអង្កេតទីផ្សារនៅប្រទេសជប៉ុន។



លោក ស៊ាង ថៃ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងផ្ដល់ស្ដង់មួយចំនួនដោយឥតគិតថ្លៃ ជូនដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ ផលិតករ និងសាធារណជន យកផលិតផលខ្លួន ដាក់តាំងក្នុងកម្មវិធី«ពិព័រណ៍កម្ពុជា» ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី ៣-៤ ខែឧសភាខាងមុខ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ 
 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ខែកុម្ភះ តាមប្រព័ន្ធតេឡេក្រាមថា ៖«ពិធីនេះ ធ្វើឡើងដើម្បីជំរុញការផ្សព្វផ្សាយពីប្រទេសកម្ពុជា ឱ្យពិភពលោកបានដឹងបានស្គាល់ តាមរយៈការបង្ហាញពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ដែលបង្ហាញពីសក្តានុពលនៃវិស័យពាណិជ្ជកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិ​យោគ​»។ 
 
ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មនៅប្រទេសជប៉ុន ត្រូវបំពេញបែបបទចូលរួម ឬទាក់ទងផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម។ ការរៀបចំ «ពិព័រណ៍កម្ពុជា» មានការចូលរួមពីក្រសួងទេសចរណ៍, សមាគមចុងភៅកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើការរួមគ្នាក្រោមដំបូលខ្មែរតែមួយ។ នេះបើតាមលោក ស៊ាង ថៃ ។
 
លោក ស៊ាង ថៃ បានបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានដឹកនាំសម្របសម្រួលដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ទៅចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសមួយចំនួន ដូចជា ប្រទេសចិន កូរ៉េ ឥណ្ឌា បណ្ដាប្រទេសនៅអឺរ៉ុប អាស៊ាន និងសហភាពអារ៉ាប់រួមផងដែរ។
 
បើតាមលោក ស៊ាង ថៃ ក្រសួងនឹងជំរុញសកម្មភាពបើកច្រកទីផ្សារថ្មីៗ ក៏ដូចជាថែទាំទីផ្សារដែលមានស្រាប់ តាមរយៈការទាញយកប្រយោជន៍ពីកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ និងដៃគូនានា សម្រាប់ការនាំចេញ។ ជាពិសេសទាក់ទាញអ្នកវិនិយោគថ្មីបន្ថែម ដើម្បីឱ្យពួកគេមកធ្វើធុរកិច្ច លើវិស័យផលិតកម្ម និងវិស័យសំខាន់ៗនៅកម្ពុជា។
 
«ពិព័រណ៍កម្ពុជា»នេះ បានអនុវត្តតាំងពីឆ្នាំ២០១៥-២០១៩  ហើយត្រូវបានផ្អាកវិញ ក្នុងវិបត្តិកូវីដ-១៩ ។ ក្រៅពីនេះក្រសួងពាណិជ្ជកម្ម ក៏បានដឹកនាំក្រុមហ៊ុន និងសហគ្រាសកម្ពុជា នាំយកផលិតផល និងសេវាកម្ម ទៅដាក់តាំងបង្ហាញ និងជួបជាមួយពាណិជ្ជករបរទេសជាច្រើនលើកហើយ ចាប់តាំងពីឆ្នាំ២០០០ មក។ លោក ស៊ាង ថៃ បន្ថែមដូច្នេះ៕
 
 

Tag:
 ផលិតផលខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com