អន្តរជាតិ
អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ សន្យាផ្តល់រថក្រោះ Leopard ស៊េរីចាស់១០០គ្រឿងឱ្យអ៊ុយក្រែន
08, Feb 2023 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ Boris Pistorius ក្នុងទស្សនកិច្ចនៅមូលដ្ឋានយោធាអាល្លឺម៉ង់កន្លងមក។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ Boris Pistorius ក្នុងទស្សនកិច្ចនៅមូលដ្ឋានយោធាអាល្លឺម៉ង់កន្លងមក។ រូបថត AFP
អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងប្រមូលថវិកាដើម្បីជួសជុលរថក្រោះ Leopard 1 យ៉ាងហោចណាស់ ១០០ គ្រឿងពីឃ្លាំងអាវុធខ្លួន ដើម្បីបញ្ជូនទៅឱ្យទីក្រុងកៀវ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ។

 
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវនៅថ្ងៃទី៧ ខែកុម្ភៈ។ នេះ​ជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែង។ 
 
ក្នុងសេចក្ដីប្រកាសក្រោយជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន Oleksii Reznikov លោក Pistorius​ បានលើកឡើងថា អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់​ នឹងបញ្ជូនរថក្រោះ Leopard 1 ចន្លោះពី២០ទៅ២៥គ្រឿងទៅអ៊ុយក្រែន​នៅរដូវក្តៅនេះ និងប្រមាណ៨០គ្រឿងទៀតនឹងបញ្ជូនទៅនៅចុងឆ្នាំនេះ និង១០០គ្រឿងទៀតនៅឆ្នាំ ២០២៤។ 
 
យ៉ាងណាមិញ អាល្លឺម៉ង់ មិនបញ្ជាក់ច្បាស់ពីចំនួនរថក្រោះខ្លួននឹងផ្ដល់ឱ្យអ៊ុយក្រែនឡើយ ទោះជាអ៊ុយក្រែនចង់បានច្រើនក្ដី។ 
 
«ចំនួនរថក្រោះដែលត្រូវបញ្ជូនទៅបានកំណត់រួចហើយ ប៉ុន្តែវាត្រូវជួសជុលនិងបំពាក់ឡើងវិញ សម្រាប់ការប្រយុទ្ធ ដូច្នេះយើងមិនដឹងថាចំនួនប៉ុន្មានទេដែលអាចបញ្ជូនទៅ»។ អធិការបតីរងអាល្លឺម៉ង់ Robert Habeck បានប្រាប់អ្នកកាសែតបែបនេះបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivanរួច។ 
 
បើតាមសេចក្តីថ្លែងការណ៍រួមរបស់ដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់ អ៊ុយក្រែននឹងទទួលបានរថក្រោះ Leopard 1 A5 យ៉ាងហោចណាស់១០០គ្រឿងក្នុងប៉ុន្មានខែខាងមុខ ក៏ដូចជាទទួលការបណ្តុះបណ្តាល ជំនួយផ្នែកដឹកជញ្ជូន គ្រឿងបន្លាស់ និងកញ្ចប់គ្រាប់រំសេវជាដើម។ យ៉ាងណាមិញ បើតាមសេចក្តីថ្លែងការណ៍ដដែល ព័ត៌មានលម្អិត​នៃ​កិច្ច​ព្រម​ព្រៀងជាមួយ​ក្រុមហ៊ុនផលិត​រថក្រោះនេះមិនទាន់បានបញ្ចប់នៅឡើយ។
 
ទន្ទឹមនឹងការប្រកាសនេះ រដ្ឋមន្ត្រីការពារជាតិហូឡង់លោកស្រី Kasja Ollongren បាននិយាយថា រថក្រោះ Leopard 1​ ជាអាវុធដែលសក្តិសមសម្រាប់ការប្រយុទ្ធ បើទោះបីជាវាជាម៉ូដែលចាស់ក៏ដោយ។
 
ក្នុងសេចក្ដីប្រកាសរួម ដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់បញ្ជាក់ថា គំនិតផ្តួចផ្តើមបញ្ជូនរថក្រោះ Leopard 1 នេះទៅអ៊ុយក្រែនគឺដើម្បីបើកឱកាសសម្រាប់ប្រមូលដៃគូបន្ថែមទៀត ខណៈបែលហ្ស៊ិកក៏បានបង្ហាញចំណាប់អារម្មណ៍ដើម្បីចូលរួមផងដែរ៕
 

Tag:
 អាល្លឺម៉ង់
  ដាណឺម៉ាក
  ហូឡង់
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com