កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ គុនខ្មែរមិនអាចចូលកីឡាអូឡាំពិកបានទេ
08, Feb 2023 , 8:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងNOCC។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងNOCC។
ដោយ:
កីឡាប្រដាល់គុនខ្មែរមិនអាចចូលក្នុងប្រភេទកីឡាអូឡាំពិកបានទេ ដោយសារមានពាក្យ«ខ្មែរ»។ មិនអាចចូលអូឡាំពិក ប៉ុន្តែលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងCAMSOC បញ្ជាក់ថា គុនខ្មែរអាចទទួលស្គាល់ពីអូឡាំពិកបាន។



ក្នុងវេទិការពិភាក្សាពីតំបន់អង្គរ នៅមជ្ឈមណ្ឌលសិល្បៈ Blue Art Center ខេត្តសៀមរាប ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវ៉ាត់ ចំរើន បានលើកយករឿងរ៉ាវក្បាច់គុនខ្មែរមករៀបរាប់ក្នុងកម្មវិធីនោះដែរ។ ក្រៅពីនេះ អគ្គលេខាធិការ NOCC និងCAMSOC បញ្ចាក់ថាសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិនឹងប្រឹងប្រែងបញ្ចូលសមាជិកឱ្យបានលើសពី៧៥ប្រទេស ដើម្បីអូឡាំពិកទទួលស្គាល់។ បច្ចុប្បន្នមាន៥០ប្រទេសចូលរួមជាមួយសហព័ន្ធរួចហើយ។
 
 
ជុំវិញការលើកឡើងអំពីការទទួលស្គាល់គុនខ្មែរពីសំណាក់អូឡាំពិក លោកវ៉ាត់ ចំរើន បញ្ជាក់ថាកីឡាប្រដាល់គុនខ្មែរ មិនអាចចូលក្នុងកីឡាអូឡាំពិកបានទេ ដោយសារមានឈ្មោះ«ខ្មែរ»។
 
«គុនខ្មែរមិនអាចទៅជាកីឡាអូឡាំពិកបានទេដោយសារមានពាក្យ«ខ្មែរ»។ Muay Thai ក៏មិនអាចជាកីឡាអូឡាំពិកបានដែរ ដោយសារមានពាក្យ«Thai» ប៉ុន្តែបើគ្រាន់តែទទួលស្គាល់បាន»។ លោក វ៉ាត់ ចំរើន អះអាងដូច្នេះ មុនបន្ថែមថាមូលហេតុដែលមិនអាចចូលអូឡាំពិកបានដោយសារ តាមច្បាប់កីឡាមិនអាចយកកីឡារបស់ជនជាតិមួយទៅធ្វើជាកីឡាអូឡាំពិកបានទេ តែអាចទទួលស្គាល់ថាកីឡានោះជាកីឡាប្រពៃណីអត្តសញ្ញាណរបស់ប្រទេសនោះបាន។
 
ក្រោយដាក់គុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងមានបញ្ហាចម្រូងសម្រាសមួយចំនួនជាមួយប្រទេសជិតខាង កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងស្វែងរកដៃគូនៅក្រៅប្រទេសឱ្យបាន«៧៥ប្រទេស» ដើម្បីឱ្យអង្គការអន្តរជាតិធំៗនៅលើភពលោកទទួលស្គាល់កីឡាក្បាច់គុនបុរាណខ្មែរមួយនេះ ជាបទបញ្ញាត្តិកីឡាអន្តរជាតិ ដើម្បីកម្ពុជា ងាយស្រួលអភិវឌ្ឍ។
 
លោល​ វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា៖ «ការឱ្យអង្គការអន្តរជាតិទទួលស្គាល់«គុនខ្មែរ» ជាមហិច្ឆតារបស់យើង»។ សព្វថ្ងៃកម្ពុជាមាន៥០ប្រទេសចូលរួម ហើយ២៥ប្រទេសទៀតងាយស្រួលនឹងមកដល់ឆាប់ៗខាងមុខ នៅពេលដែលកម្ពុជា បង្ហាញថាគុនខ្មែរល្អ ត្រឹមត្រូវ និង​ យុត្តិធម៌៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 វ៉ាត់ ចំរើន
 គុនខ្មែរអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com