អន្តរជាតិ
បារាំងនឹងបង្កើតប័ណ្ណចូលមើលរឿងអាសអាភាស ដើម្បីបង្ការក្មេងក្រោម១៨ឆ្នាំ
08, Feb 2023 , 9:29 pm        
រូបភាព
រូបភាព Pixels
រូបភាព Pixels
បារាំង ត្រៀមដាក់ចេញប័ណ្ណសម្រាប់ចូលមើលរឿងអាសអាភាស (Porn Passports) សម្រាប់មនុស្សមានអាយុលើសពី១៨ឆ្នាំ ដើម្បីចូលទៅក្នុងវេបសាយរឿងប្រភេទនេះ។ ចំណាត់ការនេះ ធ្វើឡើង ដើម្បីបង្ការក្មេងក្រោម ១៨ឆ្នាំចូលមើល។

 
ក្រោមចំណាត់ការការពារកុមារពីប្រព័ន្ធអ៊ីនធឺណិត រដ្ឋមន្រ្តីឌីជីថលបារាំង លោក Jean-Noel Barrot នឹងចាប់ផ្តើមអនុវត្តគម្រោងចេញប័ណ្ណសម្រាប់ចូលមើលរឿងអាសអាភាសដល់មនុស្សមានអាយុលើសពី ១៨ឆ្នាំ។ 
 
«ឆ្នាំ២០២៣​ នឹងបញ្ឈប់កុមារមិនឱ្យចូលទៅវេបសាយអាសអាភាស»។ រដ្ឋមន្រ្តីឌីជីថលបារាំង បានបញ្ជាក់បែបនេះនៅក្នុងកិច្ចសម្ភាសជាមួយកាសែត the Parisien ក្នុងថ្ងៃទី៦ ខែកុម្ភៈ ដោយបន្តថា លោកចង់ឱ្យច្បាប់មួយនេះ គោរពដោយមនុស្សទាំងអស់។ 
 
ក្រោមសំណើថ្មីនេះ បុគ្គលដែលចង់ចូលទៅក្នុងវេបសាយអាសអាភាស ចាំបាច់ត្រូវទាញយកកម្មវិធីសំណើរបស់រដ្ឋាភិបាលលើទូរសព្ទដើម្បីទទួលបានលិខិតអនុញ្ញាត និងលេខកូដ។ ជុំវិញបញ្ហានេះ លោក Barrot បានពន្យល់ថា ដើម្បីចូលទៅក្នុងវេបសាយបែបនោះ គឺចាំបាច់ត្រូវមានលេខកូដ ហើយរដ្ឋាភិបាលនឹងពិនិត្យលើការទិញ ឬការចំណាយប្រាក់លើវេបសាយអាសអាភាស។ 
 
មិនតែប៉ុណ្ណោះ ប្រសិនបើវេបសាយណាមួយដែលមិនគោរពនឹងច្បាប់ថ្មីក្នុងការការពារកុមារនេះ អាចប្រឈមនឹងការបិទ។ 
 
ក្រៅពីបារាំង បណ្តាប្រទេសផ្សេងទៀត កំពុងជជែកពីប្រធានបទដ៏ស្មុគស្មាញមួយនេះដែរ។ ជាក់ស្តែងនៅអង់គ្លេស កំពុងជជែកពីការធ្វើវិសោធនកម្មលើច្បាប់សុវត្ថិភាពតាមប្រព័ន្ធអនឡាញ។ 
 
សូមបញ្ជាក់ថា ក្រៅពីវេបសាយជាច្រើន បណ្តាញសង្គម ជាប្រភពមួយ ដែលធ្វើឱ្យកុមារអាចចូលទៅមើលរឿងអាសអាភាសបានផង។ តួយ៉ាង បណ្តាញសង្គម Twitter បានអនុញ្ញាតឱ្យមានការបង្ហោះមាតិកាអាសអាភាស៕ 
 

Tag:
 រឿងអាសអាភាស
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com