ជាតិ
ជប៉ុន ពិចារណាបង្កើតរោងចក្រ ដែលអាចផលិតគ្រាប់ចន្ទី និងច្នៃសម្បកទៅជាឥន្ធនៈ
08, Feb 2023 , 5:49 pm        
រូបភាព
កសិករហាលគ្រាប់ស្វាយចន្ទី ក្រោយប្រមូលផល។ រូបពីហ្វេសប៊ុក EFC Agriculture and Education
កសិករហាលគ្រាប់ស្វាយចន្ទី ក្រោយប្រមូលផល។ រូបពីហ្វេសប៊ុក EFC Agriculture and Education
ភ្នំពេញ៖ ក្រុមហ៊ុន Top Planning co.,LTD (TPJ) របស់ជប៉ុន ពិចារណាបង្កើតរោងចក្រធំមួយ នៅកម្ពុជា ដែលអាចផលិតគ្រាប់ស្វាយចន្ទី និងកែច្នៃសម្បក ទៅជាប្រេងឥន្ធនៈ។ TPJ បានសិក្សាពីដំណើរការសាងសង់រោងចក្រ តាំងពីឆ្នាំ ២០១៩ មកម្លេះ ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុន បានសិក្សាម្ដងទៀតថាគួរបើក ឬមិនបើក។



លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគាំទ្រចំពោះគម្រោងបង្កើតរោងចក្រធំមួយនេះ ក្នុងការកែច្នៃសំបកចន្ទី ទៅជាប្រេងឥន្ធនៈ ប៉ុន្តែការងារនេះ ត្រូវបន្តការសិក្សាបន្ថែមទៀត។ 


លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបពី ក្រសួងកសិកម្ម 
 
នៅក្នុងជំនួបជាមួយអគ្គនាយកក្រុមហ៊ុន Top Planning Japan កាលពីថ្ងៃទី ៧ខែកុម្ភៈ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្ដេជ្ញាចូលរួមផ្សព្វផ្សាយ និងជំរុញខ្សែច្រវាក់ផលិតកម្ម រួមទាំងការវេចខ្ចប់ផងដែរ។ 
 
មិនតែប៉ុណ្ណោះ លោក ឌិត ទីណា ណែនាំឱ្យក្រុមហ៊ុន ដាក់ផែនការផលិត ឬកែច្នៃចន្ទី ដើម្បីទទួលបានតម្លៃខ្ពស់ជាងបរិមាណ ដោយក្នុងនោះ ការកែច្នៃត្រូវគោរពតាមគោលការណ៍បរិស្ថាន។ 
 
ចំពោះការផ្សព្វផ្សាយ គឺជាកត្តាចំបាច់ ដើម្បីទទួលបានការគាំទ្រ និងមានទំនុកចិត្តពីទីផ្សារជប៉ុន និងពិភពលោក ដែលអាចឱ្យអ្នកទទួលទានស្គាល់ពីកម្ពុជា ដោយមិនមានគោលដៅប្រកួតបរិមាណជាមួយប្រទេសដ៏ទៃ។ ម្យ៉ាងទៀត ក្រុមហ៊ុន គួរតែពិចារណារលើការកែច្នៃចន្ទីទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ លោក ឌីណា បន្ថែម។ 
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ដែលធ្វើការងារស្និតស្នាលជាមួយក្រុមហ៊ុន TPJ បានឱ្យដឹងថា ក្រុមហ៊ុនរបស់ជប៉ុនមួយនេះ បានមកសិក្សាពីដំណាំស្វាយចន្ទីកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ហើយក៏បានបើករោងចក្រខ្នាតតូចមួយ នៅខេត្តកំពង់ធំ ដើម្បីស្ទាបស្ទង់ ពីដំណើរការបើករោងចក្រធំ។ ការមកទស្សនកិច្ចរបស់ភាគីជប៉ុន កាលពីថ្ងៃទី ៧ខែកុម្ភៈនេះ គឺជាការសិក្សាលើកចុងក្រោយ របស់ពួកគេ ដើម្បីសម្រេចថា បើក ឬមិនបើក។ 


លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា 
 
ប្រសិនបើដំណើរការបើករោងចក្រនេះ ជោគជ័យ នោះនឹងអូសទាញរោងចក្រចំនួន ២បន្ថែមទៀត គឺរោងចក្រកៀបសម្បកយកប្រេង និងរោងចក្រផលិតធ្យូងឧស្សាហកម្មពីសំណល់សម្បកចន្ទី ដែលកៀបរួច។​ លោក ស៊ីឡុត បញ្ជាក់។
 
បើតាមលោក ស៊ីឡុត កម្ពុជាត្រូវការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចន្លោះពី ៣០ទៅ៥០ រោងចក្រ។ ដូច្នេះរោងចក្រនីមួយៗ ត្រូវមានសមត្ថភាពផលិត ៤ពាន់តោនក្នុង១ឆ្នាំ។ ករណីនេះ ទើបអាចសល់សម្បកសម្រាប់បង្កើតប្រេងជីវៈឥន្ធនៈបាន។
 
សូមជម្រាបថា ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដោយបានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញដែលមានសក្តានុពលនៅលើទីផ្សារជប៉ុន។ គិតពីឆ្នាំ២០១៩ ដល់២០២២ គ្រាប់ស្វាយចន្ទីកែច្នៃ បាននាំចេញទៅជប៉ុនប្រមាណ ១៨៤.៩០តោន។ ក្នុងនោះឆ្នាំ២០២២ មាន១២៦.៤៤តោន៕


 ជំនួបរវាង ក្រុមហ៊ុន Top Planning Japan និង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម កាលពីថ្ងៃទី ៧ខែកុម្ភៈ។ រូបពី ក្រសួងកសិកម្ម 
 
 

Tag:
 ស្វាយចន្ទី
  កសិកម្ម
  លោក ឌិត ទីណា
  សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com