អន្តរជាតិ
សភាកូរ៉េខាងត្បូង បោះឆ្នោតចោទប្រកាន់រដ្ឋមន្ត្រីមហាផ្ទៃជុំវិញឧប្បត្តិហេតុជាន់គ្នានៅ Itaewon
08, Feb 2023 , 6:29 pm        
រូបភាព
រដ្ឋសភាកូរ៉េខាងត្បូង បានបោះឆ្នោត ចោទប្រកាន់រដ្ឋមន្ត្រីមហាផ្ទៃលោក Lee Sang-min ជុំវិញសោកនាដកម្មជាន់គ្នានៅសង្កាត់ Itaewon កាលពីឆ្នាំ២០២២។ វាជាការបោះឆ្នោតចោទប្រកាន់លើកដំបូងលើសមាជិកគណៈរដ្ឋមន្ត្រីក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង តែក៏បង្កជាភាពតានតឹងរវាងបក្សប្រឆាំងដែលគ្រប់គ្រងសភា និងរដ្ឋាភិបាលប្រធានាធិបតី យូន សុកយ៉ល។



ឧប្បត្តិហេតុមនុស្សជាន់គ្នាអំឡុងពិធីបុណ្យ Halloween បង្កឱ្យមានអ្នកស្លាប់ ១៥៩នាក់ និងរងរបួសជិត២រយនាក់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េខាងត្បូង Lee Sang-min នៅថ្ងៃទី៨ ខែកុម្ភៈ ក៏ត្រូវសភាជាតិបោះឆ្នោតចោទប្រកាន់ចំពោះការគ្មានការទទួលខុសត្រូវលើរឿងសោកនាដកម្មនេះ បើទោះជាការស៊ើបអង្កេតកន្លងមក មិនរកឃើញកំហុសណាមួយក៏ដោយ។
 
ដំណើរការបោះឆ្នោតចោទប្រកាន់លោក Lee ត្រូវបានអនុម័តដោយសំឡេងគាំទ្រ១៧៩ ទល់នឹងសំឡេងប្រឆាំង ១០៩ ខណៈ ៥ សំឡេងទៀតមិនបានការ។ សំឡេងគាំទ្រយ៉ាងច្រើនបានពីក្រុមគណបក្សប្រឆាំងដឹកនាំដោយ បក្សប្រជាធិបតេយ្យ (DP) រួមជាមួយបក្សយុត្តិធម៌ និងគណបក្សចំណូលមូលដ្ឋានជាដើម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap។
 
ជាមួយការអនុម័តការចោទប្រកាន់ លោក Lee ត្រូវព្យួរតំណែងរហូតសំណុំរឿងឈានដល់ការសម្រេចចិត្តចុងក្រោយដោយតុលាការធម្មនុញ្ញ។ ប្រសិនបើការ​សម្រេច​ចិត្ត​របស់​តុលាការគាំទ្រការចោទប្រកាន់ លោក Lee នឹង​ត្រូវ​ចូល​និវត្តន៍ ឬ​ដក​ចេញ​ពី​តំណែងជាស្ថាពរ។ តុលាការមានរយៈពេល១៨០ថ្ងៃដើម្បីកាត់ក្ដីសំណុំរឿងនេះ។ 
 
មេដឹកនាំបក្សប្រជាធិបតេយ្យលោក Lee Jae-myung នៅថ្ងៃទី៨ ខែកុម្ភៈបានហៅការចោទប្រកាន់លើលោក Lee ជាជំហានដំបូងនៃការកែតម្រូវភាពមិនសមហេតុផល និងការមិនទទួលខុសត្រូវរបស់រដ្ឋបាលប្រធានាធិបតី យូន សុកយ៉ល។ 
 
តាមពិត ការស៊ើបអង្កេតរឿងក្ដីនេះត្រូវបានបញ្ចប់ក្នុងខែមករាទៅហើយ ដោយប៉ូលិសកូរ៉េខាងត្បូងបានសម្រេចចិត្តមិនចោទប្រកាន់មន្ត្រីណាមួយមកពីក្រសួងមហាផ្ទៃ ឬរដ្ឋបាលក្រុងសេអ៊ូល ឬទីភ្នាក់ងារនគរបាលជាតិដែលទទួលបន្ទុកដោះស្រាយឧប្បត្តិហេតុទេ។ ប៉ូលិសបានសន្និដ្ឋានថា អ្នកទាំងនោះមិនមានការទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់ឧប្បត្តិហេតុដែលបានកើតឡើងនៅសង្កាត់ Itaewon នោះឡើយ។
 
យ៉ាងណាមិញ បក្សប្រឆាំងចំនួន៣ បានបំផុសឱ្យមានការចោទប្រកាន់លោក Lee នៅដើមសប្ដាហ៍នេះដើម្បីទទួលខុសត្រូវលើសោកនាដកម្មដែលបង្កឱ្យមានការស្លាប់យ៉ាងច្រើនមួយនេះ។
 
លោក Lee ផ្ទាល់ បានបដិសេធមិនទទួលខុសត្រូវចំពោះសោកនាដកម្មមនុស្សជាន់គ្នានៅសង្កាត់ Itaewon កាលពីថ្ងៃទី២៩ ខែតុលា។ លោកលើកហេតុផលថារដ្ឋាភិបាលមិនអាចទាយទុកជាមុនបានពីឧប្បត្តិហេតុនេះ ហើយអះអាងថា ខ្លួនមិនបានដឹងពីការជួបជុំធំៗ កើតឡើងនៅក្នុងតំបន់នោះអំឡុងពេលពិធីបុណ្យ Halloween ឡើយ។
 
គួរបញ្ជាក់ថា នេះ​ជា​ការបោះឆ្នោត​ចោទ​ប្រកាន់​សមាជិក​គណៈរដ្ឋមន្ត្រីដោយសភាជាតិ ​ជា​លើក​ដំបូង​ក្នុងប្រវត្តិសាស្ត្រនយោបាយកូរ៉េខាងត្បូង។ កាលពីមុន វាធ្លាប់កើតឡើងតែលើប្រធានាធិបតី ដែលមានលោក Roh Moo-hyun កាលពីឆ្នាំ២០០៤ និង លោកស្រី Park Geun-hye នៅឆ្នាំ២០១៦។ តុលាការធម្មនុញ្ញបានច្រានចោលការចោទប្រកាន់របស់លោក Roh ប៉ុន្តែបានគាំទ្រការចោទប្រកាន់លោកស្រី Park និងបានបណ្តេញលោកស្រីចេញពីតំណែង៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com