ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ពលរដ្ឋឃុំកំពង់ស្វាយ ពេញចិត្ត​ដែលកម្លាំងសមត្ថកិច្ចចុះល្បាតតាមភូមិជាប្រចាំ
08, Feb 2023 , 10:29 pm        
រូបភាព
ដោយ៖ ឡាន យាកលិញ (យុវជនឃុំកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ពលរដ្ឋរស់នៅក្នុងឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសង្ហាញការសប្បាយចិត្តរបស់ពួកគេ នៅពេលដែលឃើញអាជ្ញាធរភូមិឃុំបានចុះល្បាតតាមភូមិគោលដៅនីមួយៗ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាសុខសុវត្ថិភាពជូនពលរដ្ឋ។
 
អ្នកស្រី ប៉ែន សុខគីន ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានកោតសរសើរដល់កម្លាំងប៉ុស្ដិ៍កំពង់ស្វាយ ដែលបានចុះល្បាតតាមភូមិនីមួយៗ ជារៀងរាល់ថ្ងៃ។
 
បើតាមអ្នកស្រី ប៉ែន សុខគីន ការចុះល្បាតរបស់អាជ្ញាធរ ពិតជាបានចូលរួមចំណែកកាត់បន្ថយបញ្ហានានាដូចជាបទល្មើសគ្រឿង ការលេងល្បែងស៊ីសង និងកាត់បន្ថយករណីហិង្សាក្នុងគ្រួសារផងដែរ។


អ្នកស្រី ប៉ែន សុខគីន ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ក្រៅពីចុះល្បាត ពលរដ្ឋរូបនេះ ក៏បានបញ្ជាក់ដែរថាកន្លងមកអាជ្ញាធរប៉ុស្តិ៍បានចុះអប់រំ ណែនាំ និងបានបង្ក្រាបករណីលេងល្បែងស៊ីសងផងដែរ។ អ្នកស្រី ប៉ែន សុខគីន បានបញ្ជាក់ថា៖« ភូមិឃុំចុះបង្រ្កាបបានអ៊ឹចឹង ខ្ញុំសប្បាយចិត្តណាស់! អត់ភ័យខ្លាច និងអស់បារម្ភទៀត។ ល្បែងស៊ីសងប៉ះពាល់ដល់សង្គម និងគ្រួសារធ្វើឱ្យប្ដីប្រពន្ធឈ្លោះគា្ន ខាតពេលវេលា និងធ្វើឱ្យគ្រួសារគ្មានភាពរីកចម្រើននោះទេ»។
 
ចំណែកអ្នកស្រី អ៊ូ សុខខេម ពលរដ្ឋម្នាក់ទៀត រស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ​  ស្រុកកំពង់ស្វាយ ក៏ត្រេកអរដែរ នៅពេលដែលកម្លាំងសមត្ថកិច្ច ចុះល្បាត និងចុះបង្កា្របអ្នកជួញដូរគ្រឿងញៀន អ្នកលេងល្បែងស៊ីសង ព្រោះការលុបបំបាត់អំពើទាំងនេះ នឹងជួយឱ្យភូមិឃុំមានសុវត្ថិភាព។


អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ពលរដ្ឋរូបនេះ ​បានរៀបរាប់ថា អាជ្ញាធរភូមិឃុំ បានខិតខំប្រឹងប្រែងធ្វើការបម្រើពលរដ្ឋ ដោយនៅពេលយប់មានកម្លាំងសមត្ថកិច្ចចុះដើរល្បាត បញ្ជាការពារភូមិចុះល្បាតជារៀងរាល់យប់ផងដែរ។ ​«ខ្ញុំឃើញពួកគាត់ខំដើរយាម ដើរល្បាត ពេលឃើញក្មេងៗនៅជុំៗគ្នា ឬក្មេងទំនើង គឺពួកគាត់នាំគ្នាទៅហើយ។ យប់ឡើងពួកគាត់មិនសូវទំនេរទេ»។ អ្នកស្រី អ៊ូ សុខខេម បញ្ជាក់ដូច្នេះរួចបន្តថាអ្នកស្រីពេញចិត្តចំពោះការចុះល្បាត និងចំណាត់ការរបស់សមត្ថកិច្ច​ឃុំកំពង់ស្វាយ ក្នុងការធានាសុខសុវត្ថិភាព ឱ្យពលរដ្ឋក្នុងឃុំ។
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 សេវាសាធារណៈ
  សុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com