ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ពលរដ្ឋឃុំកំពង់ស្វាយ ពេញចិត្តដែលកម្លាំងសមត្ថកិច្ចចុះល្បាតតាមភូមិជាប្រចាំ 
×![]()
ដោយ៖ ឡាន យាកលិញ (យុវជនឃុំកំពង់ស្វាយ)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ពលរដ្ឋរស់នៅក្នុងឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសង្ហាញការសប្បាយចិត្តរបស់ពួកគេ នៅពេលដែលឃើញអាជ្ញាធរភូមិឃុំបានចុះល្បាតតាមភូមិគោលដៅនីមួយៗ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាសុខសុវត្ថិភាពជូនពលរដ្ឋ។
អ្នកស្រី ប៉ែន សុខគីន ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានកោតសរសើរដល់កម្លាំងប៉ុស្ដិ៍កំពង់ស្វាយ ដែលបានចុះល្បាតតាមភូមិនីមួយៗ ជារៀងរាល់ថ្ងៃ។
បើតាមអ្នកស្រី ប៉ែន សុខគីន ការចុះល្បាតរបស់អាជ្ញាធរ ពិតជាបានចូលរួមចំណែកកាត់បន្ថយបញ្ហានានាដូចជាបទល្មើសគ្រឿង ការលេងល្បែងស៊ីសង និងកាត់បន្ថយករណីហិង្សាក្នុងគ្រួសារផងដែរ។

អ្នកស្រី ប៉ែន សុខគីន ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
ក្រៅពីចុះល្បាត ពលរដ្ឋរូបនេះ ក៏បានបញ្ជាក់ដែរថាកន្លងមកអាជ្ញាធរប៉ុស្តិ៍បានចុះអប់រំ ណែនាំ និងបានបង្ក្រាបករណីលេងល្បែងស៊ីសងផងដែរ។ អ្នកស្រី ប៉ែន សុខគីន បានបញ្ជាក់ថា៖« ភូមិឃុំចុះបង្រ្កាបបានអ៊ឹចឹង ខ្ញុំសប្បាយចិត្តណាស់! អត់ភ័យខ្លាច និងអស់បារម្ភទៀត។ ល្បែងស៊ីសងប៉ះពាល់ដល់សង្គម និងគ្រួសារធ្វើឱ្យប្ដីប្រពន្ធឈ្លោះគា្ន ខាតពេលវេលា និងធ្វើឱ្យគ្រួសារគ្មានភាពរីកចម្រើននោះទេ»។
ចំណែកអ្នកស្រី អ៊ូ សុខខេម ពលរដ្ឋម្នាក់ទៀត រស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ក៏ត្រេកអរដែរ នៅពេលដែលកម្លាំងសមត្ថកិច្ច ចុះល្បាត និងចុះបង្កា្របអ្នកជួញដូរគ្រឿងញៀន អ្នកលេងល្បែងស៊ីសង ព្រោះការលុបបំបាត់អំពើទាំងនេះ នឹងជួយឱ្យភូមិឃុំមានសុវត្ថិភាព។

អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
ពលរដ្ឋរូបនេះ បានរៀបរាប់ថា អាជ្ញាធរភូមិឃុំ បានខិតខំប្រឹងប្រែងធ្វើការបម្រើពលរដ្ឋ ដោយនៅពេលយប់មានកម្លាំងសមត្ថកិច្ចចុះដើរល្បាត បញ្ជាការពារភូមិចុះល្បាតជារៀងរាល់យប់ផងដែរ។ «ខ្ញុំឃើញពួកគាត់ខំដើរយាម ដើរល្បាត ពេលឃើញក្មេងៗនៅជុំៗគ្នា ឬក្មេងទំនើង គឺពួកគាត់នាំគ្នាទៅហើយ។ យប់ឡើងពួកគាត់មិនសូវទំនេរទេ»។ អ្នកស្រី អ៊ូ សុខខេម បញ្ជាក់ដូច្នេះរួចបន្តថាអ្នកស្រីពេញចិត្តចំពោះការចុះល្បាត និងចំណាត់ការរបស់សមត្ថកិច្ចឃុំកំពង់ស្វាយ ក្នុងការធានាសុខសុវត្ថិភាព ឱ្យពលរដ្ឋក្នុងឃុំ។
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
សេវាសាធារណៈ
សុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com