កីឡាអន្តរជាតិ
អន្តរជាតិ
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត នឹងផ្តល់ប្រាក់លើកទឹកចិត្តកីឡាករ Al Hilal ជិត ២,៦សែនដុល្លារក្នុងម្នាក់
09, Feb 2023 , 2:49 pm        
រូបភាព
មហាសេដ្ឋីជនជាតិអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ ​Alwaleed Bin Talal នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាកររបស់ក្លិប Al Hilal ក្នុងម្នាក់ ១លានរីយ៉ាល់ (២៦៦,៥០០ដុល្លារ) ក្រោយពួកគេបានយកឈ្នះលើក្រុមជើងឯកមកពីទ្វីបអាម៉េរិកខាងត្បូង Flamengo ក្នុងលទ្ធផល ៣-២ ហើយឈានជើងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup។



ព្រះអង្គម្ចាស់ Alwaleed គឺជាប្រធានក្រុមហ៊ុន The Kingdom Holding Co គឺជាដៃគូគាំទ្រដ៏ខ្លាំងសម្រាប់ក្លិប Al Hilal នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះ។ ព្រះអង្គម្ចាស់បានប្រកាសនៅលើបណ្តាញសង្គមអ៊ិនធឺណិតថា នឹងផ្តល់អំណោយលើកទឹកចិត្តដល់កីឡាករបន្ថែមទៀត នៅទំហំដូចៗគ្នា ប្រសិនបើពួកគេអាចបន្តយកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់ក្រុម Real Madrid នៅថ្ងៃទី១២ កុម្ភៈ។
 
បើតាមរបាយការណ៍របស់ទូរទស្សន៍ Saudi sports Channel (SSC) កីឡាករម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ ៥សែនរីយ៉ាល់ ពីសំណាក់ក្រសួងកីឡា សម្រាប់ជ័យជម្នះលើក្រុម ​Flamengo ជើងខ្លាំងមកពីប្រទេសប្រេស៊ីល។
 
​នេះជាលើកដំបូងហើយ សម្រាប់ក្រុមមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ហើយទទួលបានការអបអរសាទរ ពីសំណាក់រដ្ឋាភិបាល ដូចទៅនឹងសមិទ្ធិផលនៃការប្រកួតប្រជែងពីមុនផ្សេងទៀត។ អារ៉ាប៊ីសាអូឌីតបានរៀបចំថ្ងៃឈប់សម្រាកបុណ្យជាតិ ក្រោយក្រុមជម្រើសជាតិបានយកឈ្នះអាហ្សង់ទីន កាលពីខែវិច្ឆិកា។
 
«ការឈ្នះគឺការបញ្ជាក់យ៉ាងច្បាស់ជាក់ស្តែងនៃភាពខុសគ្នាដ៏អស្ចារ្យនៃកីឡារបស់អារ៉ាប៊ីសាអូឌីតបានជួបប្រទះបទពិសោធន៍ខ្លាំងឡើងបន្ថែមក្នុងពេលថ្មីៗនេះ។»។ រដ្ឋមន្ត្រីក្រសួងកីឡា ព្រះអង្គម្ចាស់ Abdulaziz al-Faisal បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency (SPA)។
 
ក្លិប ​Al Hilal យកបានជ័យជម្នះ ដោយមានគ្រាប់បាល់ពិន័យ ១១ម៉ែត្រចំនួន ២គ្រាប់ពីសំណាក់កីឡាករ Salem Al Dawsari នៅក្នុងវគ្គទីមួយ និងការស៊ុតមួយគ្រាប់ទៀត នៅពីមុខប្រអប់ទីពីសំណាក់កីឡាករ Luciano Vietto នៅក្នុងវគ្គទីពីរដែលជួយឱ្យយកឈ្នះលើ Flamengo ដែលមានគ្នាត្រឹម ១០នាក់ក្នុងការប្រកួត៕
 
 

Tag:
 Al Hilal
  FIFA Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com