អន្តរជាតិ
អូស្រ្តាលី នឹងដកកាមេរ៉ាសុវត្ថិភាពផលិតដោយចិន ដែលតម្លើងនៅតាមអគាររដ្ឋ
09, Feb 2023 , 3:49 pm        
រូបភាព
រដ្ឋាភិបាលអូស្ត្រាលី នឹងបញ្ជាដកកាមេរ៉ាសុវត្ថិភាពរបស់ចិនដែលដាក់នៅតាមអគាររដ្ឋាភិបាលសំខាន់ៗខ្លួន។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅថ្ងៃទី៩ ខែកុម្ភៈ ក្រោយលេចចេញការរាយការណ៍ថា កាមេរ៉ា​ផលិត​ដោយ​ចិន​​អាចគំរាមសន្តិសុខជាតិ។



ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អូស្ត្រាលីនៅថ្ងៃទី៨ ខែកុម្ភៈបានរាយការណ៍ថា កាមេរ៉ាសុវត្ថិភាពផលិតដោយចិននឹងត្រូវដកចេញពីបរិវេណវិមានអនុស្សាវរីយ៍សង្រ្គាម ដោយសារតែក្រុមមន្ត្រីទីក្រុងកង់បេរ៉ាព្រួយបារម្ភថាចិនអាចប្រើសម្រាប់ស៊ើបការណ៍។ មួយថ្ងៃក្រោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលីនឹងដោះកាមេរ៉ាសុវត្ថិភាពចិនដែលតម្លើងនៅក្រសួងការពារជាតិ និងនៅតាមអគាររដ្ឋផ្សេងៗទៀតដែរ។ 
 
«នេះជាបញ្ហាមួយ ហើយយើងកំពុងវាយតម្លៃលើបច្ចេកវិទ្យាទាំងអស់សម្រាប់ការឃ្លាំមើលនៅក្នុងក្រសួងការពារជាតិ និងកន្លែងផ្សេងទៀតដែលកាមេរ៉ាប្រភេទនោះត្រូវបានតម្លើង។ ពួកវានឹងត្រូវដកចេញ»។ លោក Marles និយាយបែបនេះក្នុងបទសម្ភាសន៍មួយរបស់វិទ្យុ ABC។
 
បើតាមការលើកឡើងរបស់សមាជិកសភានៃបក្សប្រឆាំង លោក James Paterson នៅថ្ងៃទី៩ ខែកុម្ភៈ កាមេរ៉ាដែលផលិតដោយក្រុមហ៊ុនរដ្ឋចិន Hangzhou Hikvision Digital Technology និង Dahua Technology មានជិត១ពាន់គ្រឿង ដែលបានតម្លើងនៅតាមអគាររដ្ឋាភិបាលអូស្ត្រាលីចំនួន២៥០។
 
លោក Paterson ដែលជារដ្ឋមន្ត្រីស្រមោលផ្នែកសន្តិសុខអ៊ីនធឺណិត និងប្រឆាំងការជ្រៀតជ្រែកពីបរទេសរបស់អូស្ត្រាលី បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងកង់បេរ៉ាប្រញាប់ដកកាមេរ៉ាសុវត្ថិភាពទាំងនោះចេញជាបន្ទាន់។ 
 
នាយករដ្ឋមន្ត្រីអូស្រ្តាលី អាន់តូនី អាល់បានីស ប្រាប់អ្នកសារព័ត៌មានថា លោកមិនព្រួយបារម្ភពីការប្រតិកម្មរបស់ចិនជុំវិញការដកកាមេរ៉ានេះឡើយ ព្រោះវាស្របតាមផលប្រយោជន៍ជាតិរបស់អូស្ត្រាលី។ លោកបន្ថែមថា  រដ្ឋាភិបាលទីក្រុងកង់បេរ៉ាធ្វើដូច្នេះដោយតម្លាភាព ហើយនោះជាអ្វីដែលនឹងត្រូវបន្តធ្វើ។
 
ក្រោមរដ្ឋបាលថ្មី អូស្ត្រាលីកំពុងសម្លឹងរកផ្លូវស្ដារទំនាក់ទំនងការទូតឡើងវិញជាមួយចិន ដែលធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយបន្ទាប់ពីទីក្រុងកង់បេរ៉ា បានហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យធ្វើប្រតិបត្តិការបណ្តាញ 5G ក្នុងប្រទេស និងការអំពាវនាវឱ្យស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ មេដឹកនាំអូស្ត្រាលីបានអះអាងថានឹងនៅតែគោរពផលប្រយោជន៍ជាតិជារួម និងប្រឆាំងចិនចំពោះអ្វីដែលគួរតែប្រឆាំង។ 
 
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា អង់គ្លេសធ្លាប់បានស្នើឱ្យរដ្ឋាភិបាលខ្លួនបញ្ឈប់ការតម្លើងកាមេរ៉ាសុវត្ថិភាពរបស់ចិននៅតាមស្ថាប័នរដ្ឋសំខាន់ៗដើម្បីរក្សាសន្តិសុខជាតិផងដែរ។ លើសពីនេះ រដ្ឋមួយចំនួនរបស់អាម៉េរិកក៏បានហាមឃាត់ការលក់ផលិតផលពីក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនផងដែរដូចជា Huawei, Hikvision, និងTencent៕
 

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com